ព្រះសីហនុ៖ BarCamp Sihanoukvilles 2013 បានប្រមូលផ្ដុំអ្នកមានបទពិសោធន៍ក្នុងការងារក្នុងវិស័យបច្ចេកវិទ្យាបទពិសោធន៍ធ្វើអាជីវកម្ម ចែករំលែក ចំណេះដឹង និងបទពិសោធន៍ដល់សិស្សនិស្សិត បុគ្គលិកអង្គការ ក្រុមហ៊ុននានានៅក្នុងទីរួមខេត្តព្រះសីហនុ ដោយលើកយកនូវប្រធានបទទាក់ទងទៅនឹង បច្ចេកវិទ្យា និងសហគ្រិនភាព ក៏ដូចជាចំណេះដឹងអ៊ីនធឺណិតនិងព័ត៌មានសង្គមជាដើមមកធ្វើការបង្ហាញយុវជន/យុវនារី ក្នុងនោះក៏មានវាគ្មិនដែលអញ្ជើញមកពីបណ្ដាស្ថាប័នមួយចំនួននិងមកពីបណ្ដាប្រទេសក្នុងតំបន់មាន ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី។ដែលព្រឹត្តិការណ៍នេះបានប្រារព្ធឡើងរយៈពេល២ថ្ងៃគឺនៅថ្ងៃ
ទី៧ និង៨ ខែ ធ្នូ ឆ្នាំ ២០១៣ នៅសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តព្រះសីហនុ។
យោងតាមការលើកឡើងរបស់កញ្ញា ងិន លីដា អ្នកសម្របសម្រួលផ្នែកសារព័ត៌មានបាន ឲ្យដឹងថា កម្មវិធីចែករំលែកចំណេះដឹងបទពិសោធន៍ធ្វើអាជីវកម្ម ដល់សិស្សនិស្សិត បុគ្គលិកអង្គការក្រុមហ៊ុននានានៅក្នុងទីរួមខេត្តព្រះសីហនុនេះ មានការរួមសហការណ៍គ្នារវាងសាកល វិទ្យាល័យបៀលប្រាយអង្គការ USAID ក្រុមហ៊ុន Cellcard, NOKIA, ONLINE, Sabay, Khmer79, InSTEDDiLab South-East, Microsoft, TITB, ទស្សនាវដ្ដីទូរស័ព្ទ, ទស្សនាវដ្ដីពិភពអេឡិចត្រូនិក, វិទ្យាស្ថានបើកទូលាយ, YCC និងសមាគមន៍យុវជនខ្មែរ (KYA), Porpok, Phnom Penh GBG ជាពិសេសការចូលរួមជួយជ្រោមជ្រែងពីសំណាក់ ថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តព្រះសីហនុ ព្រមទាំងក្រុមអ្នកស្ម័គ្រចិត្តមិនស្វែងរកប្រាក់ចំណេញមួយក្រុមដែលមានទស្សនៈវិស័យរួមគ្នា ក្នុងការធ្វើឲ្យកើតឡើងនៅឱកាសពិសេសសម្រាប់សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន អង្គការនិងអ្នកអាជីពខ្មែរនៅខេត្តព្រះសីហនុ ។
កម្មវិធី BarCamp នេះបានផ្តល់ឱកាសដល់យុវជន យុវនារីកម្ពុជា ក៏ដូចជាបុគ្គលិករបស់ក្រុមហ៊ុន អង្គការនានា និងអ្នកអាជីពបានសិក្សាស្វែងយល់កាន់តែច្បាស់ថែមទៀតពីរបៀបរបបនៃការធ្វើការនិងការរកស៊ី ធ្វើយ៉ាងម៉េចឲ្យប្រសើរឡើង និងបានសាកសួរនូវព័ត៌មានលម្អិតពីវាគ្មិនដែលមានបទពិសោធន៍ និងទទួលបានជោគជ័យលើអាជីពរបស់គេមកពីប្រទេសក្នុងតំបន់ និងពិភពលោក ។មួយវិញទៀតការចែករំលែកចំណេះដឹងបទពិសោធន៍ធ្វើអាជីវកម្មនេះដែរ ក៏បានទទួលការឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ(USAID) កម្មវិធីបានដឹកនាំវាគ្មិនមកចូលរួមចំនួន៥០នាក់និងមានប្រធានបទសរុបរយៈពេល២ថ្ងៃ សម្រាប់ចែករំលែក ចំនួន៦៤ ប្រធានបទ និងមានអ្នកចូលរួមជាង៥០០នាក់។
សូមបញ្ជាក់ថា BarCamp បានចាប់កំណើតឡើងជាលើកដំបូងនៅសហរដ្ឋអាមេរិក និងបានធ្វើដំណើរទៅតាមបណ្តាប្រទេសជាច្រើននៅទ្វីបអឺរ៉ុប និងនៅប៉ុន្មានឆ្នាំចុងក្រោយនេះបានឈានឆ្ពោះមកកាន់ទ្វីបអាស៊ី ក៏ដូចជាប្រទេសកម្ពុជា ដោយទទួលបាននូវការគាំទ្រយ៉ាងផុលផុសពីស្រទាប់យុវជន និងក្រុមអ្នកធ្វើអាជីវកម្ម លើផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព ក៏ដូចជាចំណេះដឹងអ៊ីនធឺណិតនិងព័ត៌មានសង្គមជាដើម៕ ដោយ៖ សស្អាត