ភ្នំពេញៈ បើងាកមកមើលនៅតាមដងវិថីតូចធំជាច្រើននៅក្នុងរាជធានីភ្នំពេញ ត្រូវបានអ្នកដំណើរជាច្រើននាក់ កត់សំគាល់ឃើញមានគំនរសំរាមកន្លែងមានរុយរោម ជះក្លិនមិនល្អ និងកំពុងបង្កផលប៉ះពាល់សុខភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងរាជធានីភ្នំពេញជាខ្លាំង។គំនរសំរាមទាំងនេះកាន់តែច្រើនឡើងៗ បន្ទាប់ពីអ្នកប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី ខកខានមកប្រមូលរយៈពេល២ ទៅ ៣ ថ្ងៃកន្លងមកហើយ។
ពាក់ព័ន្ធនឹងការខកខានប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ស្របពេលដែលបុគ្គលិកក្រុមហ៊ុន ស៊ិនទ្រីជាច្រើនប្រមាណជា ៤០០នាក់ បានប្រកាសថា ធ្វើកូដកម្មទាមទារ៧ចំណុចគឺទី១ សុំដំឡើងប្រាក់ខែគោល ១៥០ដុល្លារ ក្នុង១ខែ ទី២ សុំកុំកាត់លុយថ្លៃសំលៀកបំពាក់បុគ្គលិកកម្មករ-កម្មការិនី ទី៣ សុំទាមទារបំណាច់ឆ្នាំ អ្នកឈប់អត់អស់គិតជាលុយ ទី៤ សុំឲ្យមានប្រាក់ទ្រទ្រង់ សុខភាព ស្នាក់នៅ និងប្រាក់ធ្វើដំណើរ ទី៥ សុំឲ្យមានដំណោះស្រាយច្បាប់ចរាចរណ៍ ទី៦ សុំបុគ្គលិក អ្នកបើកបរ ហើយនឹងជាងជួសជុលរថយន្ត សុំប្រាក់ខែគោល ២០០ដុល្លារ ក្នុង១ខែ និងទី៧ សុំឲ្យក្រុមហ៊ុនមានពេទ្យប្រចាំការឲ្យបានគ្រប់គ្រាន់។
តំណាងបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី លោក ប្រាក់ សុខា ប្រាប់ឱ្យដឹងថា តំណាងបុគ្គលិកបានទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែគោលពី១៥០ ទៅ២០០ដុល្លារក្នុងមួយខែ និងទាមទារអត្ថប្រយោជន៍ការងារមួយចំនួនទៀត ដើម្បីឲ្យកម្មករមានជីវភាពរស់នៅគ្រាន់បើ តែត្រូវបានតំណាងក្រុមហ៊ុនបដិសេធ ដោយសម្រេចដំឡើងប្រាក់ខែឲ្យបុគ្គលិកម្នាក់ៗចំនួន ១៥ដុល្លារលើប្រាក់ខែបច្ចុប្បន្ន ដែលបុគ្គលិកខ្លះទទួលបានពី៦៥ដុល្លារទៅ១២០ដុល្លារ។
លោក លាង ឆៃវ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅខេត្តស្វាយរៀង ជាកម្មករក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីម្នាក់ដែរនោះបានប្រាប់ឲ្យដឹងថា រូបគេធ្វើការនៅក្នុងក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី អស់រយៈ៦ទៅ៧ឆ្នាំហើយ ដោយរហូតដល់ពេលនេះរូបគេទទួលប្រាក់បៀវត្ស៣១ម៉ឺនរៀល ក្នុង១ខែ ដូច្នេះប្រាក់ខែប៉ុណ្នឹងចាយមិនគ្រប់នោះទេ ដូចជាត្រូវចំណាយទៅលើថ្លៃជួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង ក៏ដូចជាថ្លៃម្ហូបអាហារជាដើម ដោយមូលហេតុទាំងនេះហើយ ទើបពួកគាត់ទាំងអស់គ្នា ផ្ទុះធ្វើកូដកម្មនេះឡើង។
ការធ្វើបាតុកម្មរយៈពេលពីរថ្ងៃមកហើយ ចាប់ពីយប់ថ្ងៃទី២ខែកុម្ភៈ នៅចំណតឡានដឹកសំរាមក្រុមហ៊ុន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយទាមទារដំឡើងប្រាក់ខែគោល ១៥០ដុល្លារក្នុងមួយខែ និងអត្ថប្រយោជន៍ការងារចំនួន ៨ចំណុចទៀត។ ហើយនៅកាលព្រឹកថ្ងៃចន្ទ ទី ៣ ម្សិលមិញនេះ តំណាងបុគ្គលិក និងក្រុមហ៊ុនស៊ិនទ្រី ក្រោមការសម្របសម្រួលរបស់មន្ត្រីក្រសួងការងារ បានជួបចរចាគ្នាពីរដងរួចមកហើយ ប៉ុន្តែនៅមិនទាន់បានទទួលលទ្ធផលជាផ្លែផ្កានៅឡើយទេ។
គួរបញ្ជាក់ដែរថា ហើយក្រុមហ៊ុនស៊ីនទ្រី បានទទួលសិទ្ធិផ្ដាច់មុខប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។ យ៉ាងហោចណាស់ក្នុងមួយថ្ងៃក្រុមហ៊ុននេះប្រមូលសំរាមបាន ១.៤០០តោន៕ដោយៈ ភីនរ៉ា