ភ្នំពេញ: សាលាខណ្ឌដង្កោ បានរៀបចំពិធីសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដង្កោ ចំនួន ៥០រូប ដែលទើបត្រូវបានសាលារាជធានីភ្នំពេញ សម្រេចបញ្ចូលជាបុគ្គលិកជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ មកបម្រើការងារជាសន្តិសុខ សណ្តាប់ធ្នាប់នៅសាលាខណ្ឌដង្កោ ដោយមានការចូលរួមពីសំណាក់លោក អធិការ នគរបាលខណ្ឌ លោកតំណាងកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពីសេសប្រចាំខណ្ឌ និងលោក លោក ស្រី មន្ត្រីរាជការសាលាខណ្ឌ និងសង្កាត់ជុំវិញខណ្ឌនៅព្រឹកថ្ងៃទី ២៧ មករា ២០១៤នេះ។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានឡើងអាន សេចក្តីសម្រេចលេខ១១សសរ.គធម របស់សាលារាជធានី ភ្នំពេញស្តីពីការបញ្ចូលបុគ្គលិកជាប់កិច្ចសន្យាចំនួន៥០រូបឲ្យមកបម្រើការងារជាសន្តិសុខសណ្តាប់ធ្នាប់ បម្រើការ ងារនៅសាលាខណ្ឌដង្កោ រួចមក តំណាងសន្តិសុខខណ្ឌបានធ្វើការប្តេជ្ញាចិត្តអំពីការបំពេញការងាររបស់ខ្លួនក្នុង នាមជាកម្លាំងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌ ឲ្យមានប្រសិទ្ធិភាពខ្ពស់។
ឆ្លៀតក្នុងឱកាសដែរ អភិបាលខណ្ឌដង្កោ បានធ្វើការណែនាំដល់កងកម្លាំងសន្តិសុខទាំង៥០រូប ដែលទើបត្រូវបាន ប្រកាសបញ្ចូលក្នុងក្រមខណ្ឌបុគ្គលិកជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ឲ្យបម្រើការងារជាសន្តិសុខ នៅ សាលាខណ្ឌដង្កោទាំងអស់ ឲ្យបំពេញការងាររបស់ខ្លួនឲ្យបានល្អ និងគោរពឲ្យបានតាមបទបញ្ជារបស់ថ្នាកដឹក នាំ រក្សាឲ្យបាននូវក្រម សិលធម៌ សេចក្តីថ្លៃថ្នូ និងសាមគ្គីភាពក្នុងក្រុមសណ្តាប់ធ្នាប់ឲ្យបានល្អ។
លោកលោក នុត ពុធដារ៉ា បានបន្ថែមថា ម្លាំងសន្តិសុខខណ្ឌទាំង៥០រូបនេះនិងសហការគ្នាយ៉ាងរមួតជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំងមូល។
គួរបញ្ជាក់ថាកម្លាំងទាំង៥០រូបនេះ ជាសមាសភាពដែលត្រូវបានជ្រើសរើសចេញពីប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង១៣ ក្នុងខណ្ឌដង្កោ ដើម្បីបម្រើការជាបុគ្គលិកជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ហើយបំពេញការងារជាសន្តិសុខនៅសាលាខណ្ឌដង្កោ បានទទួលការហ្វឹកហាត់បំពាក់បំប៉នជាកម្លាំងរក្សាសន្តិសុខក្នុងមូលដ្ឋាន៕ ដោយ៖ ភីន រ៉ា