ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានសម្រេច កំណត់តម្លៃ១៥០០រៀល ក្នុងការដាក់ឲ្យដំណើរការ សាកល្បង រថយន្តក្រុង១០គ្រឿង តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ចាប់ពីរង្វង់មូលស្តាតចាស់(គល់ស្ពានជ្រោយចង្វារខាងលិច) មកដល់គល់ស្ពានព្រះមុន្នីវង្ស។ នេះបើតតាមការលើកឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំដាក់ឲ្យដំណើរការសាកល្បង រថយន្តក្រុង ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ នេះ ។លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅក្រោយកិច្ចប្រជុំថា តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា និងខាងអាជ្ញាធរសាលារាជធានី បានឯកភាពគ្នា កំណត់តម្លៃ១៥០០ រៀល ក្នុងការធ្វើដំណើរតាម រថយន្តក្រុង ពីចំណុចរង្វង់មូល ស្តាតចាស់ និងស្ពានព្រះមុន្នីវង្ស។
លោក ឡុង ឌីម៉ង់ ក៏បានបញ្ជាក់ទៀតថា អង្គប្រជុំក៏បានឯកភាពគ្នា កែប្រែរយៈពេល ធ្វើដំណើរ ដោយគិតចាប់ពី ថ្ងៃទី៥ ខែកុម្ភះរហូតដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ ខាងមុខនេះ ។នាកិច្ចចាប់ផ្តើមប្រជុំដំបូង ក្នុងការដាក់ឲ្យដំណើរការសាកល្បង រថយន្តក្រុងក្នុងរាជធានី ប្រធានអង្គការ JICA លោក មាសាគូ កូតូ បានថ្លែងឲ្យដឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ រថយន្តក្រុង១០ គ្រឿង នឹងដាក់ឲ្យ ដំណើរការសាកល្បង ជាជំហានដំបូង នៅផ្លូវព្រះមុន្នីវង្ស ចាប់ពីរង្វង់មូលស្តាតចាស់ ដល់ស្ពានព្រះមុន្នីវង្ស។លោក មាសាគូ កូតូ ក៏បានថ្លែងទៀតថា សម្រាប់តម្លៃធ្វើដំណើរ ២សប្តាហ៍ដំបូង តម្រូវឲ្យយក១០០០រៀល ហើយថ្ងៃបន្ទាប់តម្លៃសេវា និងឡើងដល់១៥០០ រៀល ។អភិបាលរងរាជធានីភ្នំពេញ លោក ជ្រាង សុផាន់ បានថ្លែងឲ្យដឹងដែរថា ការដាក់ឲ្យដំណើរការរថយន្តក្រុង ក្នុង រាជធានី នេះ វាជាការចាំបាច់ណាស់ ជាពិសេសសម្រាប់ ប្រជាពលរដ្ឋត្រូវតែមានរថយន្ត ក្រុងដឹកអ្នកដំណើរ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចារចរណ៍។
ជាមួយគ្នានោះ លោក ជ្រាង សុផាន់ ក៏បាន ថ្លែងបញ្ជាក់ទៅកាន់អាជ្ញាធរខណ្ឌ ទាំង៤ ដែលពាក់ព័ន្ធ ត្រូវសហការ ជាមួយ មន្ទីរជំនាញ ដើម្បីសម្រួលដល់ដំណើរការនេះ ហើយសាលារាជធានីភ្នំពេញ និងជូនដំណឹងដល់ ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ឲ្យចូលរួមសហការ។ សូមបញ្ជាក់ផងដែរថា ការដាក់ឲ្យដំណើរការ រថយន្តក្រុង ក្នុងរាជធានីភ្នំពេញ ជំហានទី១ និងដាក់ឲ្យដំណើរការតាម បណ្តោយផ្លួវមុន្នីវង្ស ជំហានទី២ និង ដាក់ឲ្យដំណើរការតាមបណ្តោយផ្លូវកម្ពុជាក្រោមនិងជំហានទី៣ និងដាក់ឲ្យដំណើរការតាម បណ្តោយផ្លូវម៉ៅសេទុង។ ហើយសម្រាប់ជំហានទី១ ដែលដាក់ឲ្យដំណើរការនៅ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ចាប់ពីថ្ងៃទី៥ ខែកុម្ភះ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ ខាងមុន នេះ រថយន្តក្រុងនិងចេញដំណើរ ពីម៉ោង៥ និង៣០ នាទី ព្រឹក ដល់ម៉ោង៨ និង៣០ នាទីយប់ ដោយមានចំណងចំនួន៤០ កន្លែង ពីចំណងមួយទៅចំណត មួយទៀតប្រើ រយៈពេល១០ ទៅ១៥ នាទី ហើយតម្លៃសាកល្បង១៥០០ រៀលក្នុងការប្រើប្រាស់សេវានេះ៕
ដោយ៖ ស.ស្អាត