ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា (ILO) បានចុះអនុស្សារណៈ(MOU) មួយលើការចាប់ផ្តើមអនុវត្តន៏គម្រោង ILO China South South Cooporation ដែលមានរយៈពេល៣ឆ្នាំ (២០១៣-២០១៦) បើគិតជាថវិកាសរុបចំនួន១លានដុល្លារសហរដ្ឋអាមេរិក ដោយទទួលបានការគំាទ្រផ្នែកហិរញ្ញវត្ថុពីសាធារណរដ្ឋប្រជាមានិតចិនលើកិច្ចការពង្រីកសេវាការងារ និងលើកកម្ពស់ព័ត៌មានទីផ្សារការងារនៅកម្ពុជា។
ថ្លែងនៅសណ្ឋាគារភ្នំពេញថ្ងៃទី១៦ មករា លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា «ប្រទេសកម្ពុជា ដែលបានការចុះអនុស្សារណៈ(MOU)អនុវត្តគម្រោងលើកទី១រយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តន៏ក្នុងរាជធានីភ្នំពេញ, បាត់ដំបង, សៀមរាប, កំពត, និងខេត្តស្វាយរៀង ស្តីពីការលើកកម្ពស់គុណភាពការងារ និងកិច្ចការពង្រីកសេវាព័ត៌មានទីផ្សារការងារនៅកម្ពុជានេះ គឺជាការរួមចំណែកដ៏សំខាន់មួយជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេច និងធានាកំណើនសេដ្ឋកិច្ច ដោយប្រែក្លាយកំណើនមួយនេះទៅជាការបង្កើតការងារកាន់តែឆាប់រហ័ស និងងាយស្រួលជូនប្រជាពលរដ្ឋកម្ពុជា។ ជាពិសេសសម្រាប់ស្រទាប់យុវជនដែលជាគោលដៅយុទ្ធសាស្រ្តអាទិភាពមួយក្នុងនីតិកាលទី៥ ដូចដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពនៅកម្ពុជា»។
លោកបញ្ជាក់ថា គម្រោងនេះដែរ នឹងបង្កើនការផ្គត់ផ្គង់ និងការទទួលបានការងារធ្វើតាមរយៈការធ្វើឱ្យប្រសើរឡើងនូវការប្រមូលវិភាគ និងផ្សព្វផ្សាយទិន្នន័យទីផ្សារការងារ ព្រមទាំងជំរុញការអភិវឌ្ឍន៍កម្មវិធីដែលពាក់ព័ន្ធទៅនឹងការងារសម្រាប់គាំទ្រដល់ក្រុមជនគោលដៅដូចជា៖ ស្រ្តី កម្មករចំណាកស្រុក និងជនពិការ លើការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។
ក្នុងឱកាសនោះដែរ លោក MAURIZIO BUSSI នាយកនៃការិយាល័យអង្គការ ILO ប្រចំាប្រទេសកម្ពុជា ថៃ និងឡាវ លើកឡើងថា ការកើនឡើងនៃតម្រូវការផ្តល់សេវាចំពោះទីផ្សារការងារដែលកំពុងមានវិសាលភាពធំធេង និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សមានន័យថា ភ្នាក់ងារខាងផ្តល់សេវាកម្មការងារកាន់តែមានតម្រូវការ ឬទំនួលខុសត្រូវច្រើនជាងមុន។ តាមរយៈការទទួលស្គាល់ដល់ការរីកចម្រើននេះ អង្គការ ILO កំពុងបន្តផ្តល់ការគំាទ្រ និងណែនាំទៅកាន់បណ្តាប្រទេសជាសមាជិកក្នុងការពង្រឹងសេវាការងារសាធារណៈ។
លោកបន្ថែមថា គោលបំណងសំខាន់នៃការចុះអនុស្សារណៈនេះ គឺដើម្បីបង្កើនប្រសិទ្ឋភាពទីផ្សារការងារ និង ការចូលរួមពីសំណាក់ភាគីពាក់ព័ន្ឋ កាត់បន្ថយភាពគ្មានការងារធ្វើ និង ពង្រីកលំហូរព័ត៌មានរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជក។
អគ្គនាយករងទទួលបន្ទុកការិយាល័យសហប្រតិបត្តិអន្តរជាតិក្រសួងធនធានមនុស្ស និងសន្តិសុខ សង្គមនៃសាធារណរដ្ឋប្រជាមានិតចិន លោកស្រី Lu Xiao Ping បានថ្លែងឱ្យដឹងដែរថា ប្រទេសចិន បានគាំទ្រ និងជំរុញឱ្យមានការផ្តួចផ្តើមកិច្ចសហប្រតិបត្តិការគម្រោងប៉ែកខាងត្បូង-នៃILO/China នេះ ដើម្បីធ្វើឱ្យវាក្លាយទៅជាមធ្យោបាយមួយដ៏មានឥទ្ធិពលក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ដោយជំរុញឱ្យមានការវិនិយោគខាងវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមក្នុងប្រទេសកម្ពុជាផ្ទាល់។
សូមរំលឹកថា យោងតាមតួលេខរបស់ក្រសួងការងារបង្ហាញថា ទោះបីជាមានការផ្ទុះឡើងនូវវិបត្តិសេដ្ឋកិច្ចសកលលោកនាឆ្នាំ២០០៨ក៏ដោយ ក៏កំណើតសេដ្ឋកិច្ចប្រទេសកម្ពុជាអាចសម្រេចបានជាមធ្យម៥.៨% ក្នុងអំឡុងឆ្នាំ២០០៨ដល់២០១៣។ ហើយបើតាមលំហូរទុននៃការវិនិយោគគឺមានការកើនឡើងពី២,៩ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១២ ដល់ ៤,៩ ពាន់លានដុល្លារក្នុងឆ្នាំ២០១៣ក្នុងនោះទុនវិនិយោគពីវៀតណាមគឺ មានការកើនឡើងពី៨៥,៧៥លានដុល្លារដល់៣០២,៦៦ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣៕ ដោយ៖ ភីនរ៉ា