ភ្នំពេញ៖ មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្សី និងលោក កឹម សុខា ព្រមទាំងលោក រ៉ុង ឈុន ប្រធានសមាគមគ្រួបង្រៀនឯករាជ្យផងនោះ បានចាកចេញពីសាលាដំបូង រាជធានីភ្នំពេញហើយ នៅវេលាម៉ោង១និង២៥នាទីថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៤នេះ បន្ទាប់ពីបញ្ចប់ការសាកសួរពីមន្រ្តីតុលាការអស់ជាច្រើនម៉ោងទាំងទឹកមុខញញឹមញញែម ក្រោមសំរែកស្វាគមន៍យ៉ាងកងរំពងពីក្រុមអ្នកគាំទ្រ និងក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងសង្គមស៊ីវិល។
លោក សម រង្ស៊ី លោក កឹម សុខា និងលោក រ៉ុង ឈុន បានចូលទៅកាន់សាលាដំបូងតាមពេលវេលាកំណត់នាម៉ោង៨ និង៣០នាទីព្រឹកនេះ ដើម្បីបំភ្លឺជុំវិញសំណុំរឿងការញុះញង់ឱ្យប្រព្រឹត្ដបទឧក្រិដ្ឋ ឬប្រព្រឹត្ដអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម។
នៅវេលាម៉ោង៨ព្រឹក លោក រ៉ុង ឈុន ត្រូវមន្រ្តីសាលាដំបូងរាជនីភ្នំពេញ ចាប់ផ្តើមសាកសួរមុនគេ បន្ទាប់មកនៅវេលាម៉ោង៩ លោក កឹម សុខា ត្រូវបានចូលទៅបន្ទប់សាកសួរ និងចុងក្រោយនៅម៉ោងជាង១០គឺលោក សម រង្ស៊ី ត្រូវបានចូលដល់បន្ទប់សាកសួរ ។ ការសាកសួរ បានបញ្ចប់នៅវេលាម៉ោង ១ និង២៥នាទីរសៀល ។ជាការកត់សម្គាល់លោក សម រង្ស៊ី ត្រូវបានមន្រ្តីតុលាការសាកសួរច្រើនជាងគេ គឺមានរយៈពេលរហូតដល់ទៅជិត២ម៉ោង ដោយមិនមានសម្រាកស្រស់ស្រូបអាហាថ្ងៃត្រង់ឡើយ។
ក្រោយពីបានចូលទៅបំភ្លឺនៅសាលាដំបូងរួចរាល់ហើយនោះ លោក សម រង្ស៊ី កឹម សុខា និងលោក រ៉ុង ឈុន បាននាំគ្នាដើរចេញមកវិញទាំងសប្បាយរីករាយ មិនមានកង្វល់ក្នុងចិត្តអ្វីនោះឡើយ។ តែលទ្ធផលជុំវិញការសាកសួរនេះ គេនៅមិនទាន់ដឹងច្បាស់នៅនៅឡើយទេ។នៅមុខសាលាដំបូងរាជធានីភ្នំពេញលោក កឹម សុខា មានប្រសាសន៍ថា ចាប់ពីពេលនេះតទៅយើងត្រូវបន្តស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋតទៅទៀត ។ តែលោកមិនបាននិយាយទេថាការស្វែងរកយុត្តិធម៌នេះនឹងធ្វើអ្វីតាមរបៀបណានោះទៀតឡើយ។
ចំណែកលោក សម រង្សី វិញ បានថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញថា យើងបានរកឃើញហើយនូវយុត្តិធម៌ យុត្តិធម៌នឹងឈ្នះអំពើអយុត្តិធម៌ ហើយចាប់ពីពេលនេះតទៅយើងត្រូវតែមានសង្ឃឹម នឹងរួមសាមគ្គីគ្នាដើម្បីយុត្តិធម៌នៅក្នុងសង្គមកម្ពុជា។ បន្ទាប់មកលោកបានប្រកាស និងអញ្ជើញក្រុមអ្នកគាំទ្រទាំងអស់ធ្វើដំណើរទៅកាន់ទីស្នាក់ការរបស់ខ្លួននៅឯសង្កាត់ចាក់អង្គ្រែ ។
សូមបញ្ជាក់ថា ការកោះអញ្ជើញ លោក សម រង្ស៊ី លោក កឹម សុខា និងលោក រ៉ុង ឈុន របស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភ័ក្រ្ត បានធ្វើឡើងនៅក្រោយការប៉ះទង្គិចគ្នានៅលើផ្លូវវេងស្រេងរវាងសមត្ថកិច្ចនិងក្រុមអ្នកតវ៉ា ដែលត្រូវបានគេ ហៅថា ជាក្រុមបង្កការអុកឡុក រហូតបណ្តាលឲ្យកើតមានអំបើហិង្សា និងធ្វើឲ្យក្រុមអ្នកតវ៉ា៤នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនោះ៕ ដោយ៖ សស្អាត