ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៧កញ្ញានេះកម្មកររោងចក្រកាត់ដេរSL ដែលមានទីតាំងតាមផ្លូវលេខ៣៧១ក្នុងខណ្ឌមានជ័យបាននាំគ្នាក្រោកធ្វើការទាមទាជាថ្មី ដោយដើរហែជាក្បួនបំណងទៅកាន់ផ្ទះសម្តេចហ៊ុនសែននៅជិតវិមានឯករាជ្យដើម្បីដាក់ញត្តិសុំការអន្តរាគមន៍។ប៉ុន្តែមកដល់ក្បាលថ្នល់ចំណុចច្រមុះជ្រូកក្បួនដង្ហែររបស់កម្មករក៏ត្រូវបានសមត្ថកិច្ចរារាំងនិងបានឲ្យអ្នកតំណាងចំនួន៣០នាក់ នាំយកញត្តិទៅដាក់នៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី។ក្នុងញ្ញត្តិនោះកម្មកររោងចក្រកាត់ដេរSLសុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុនសែនដើម្បីឲ្យជួយដោះស្រាយលើបញ្ហាប្រាក់ឈ្នួលរបស់ពួកគេនិងការទាមទារបញ្ឈប់ប្រធានរដ្ឋបាលរោងចក្រព្រមទាំងជម្លោះថ្មីៗដែលបង្រឲ្យកើតជាហិង្សាកាលពីសប្តាហ៍មុន។
ប្រធានសហជីពកម្មករស៊ីខាវឌូលោកអាត់ធន់បានបញ្ជាក់ថាខណៈពេលដែលសមត្ថកិច្ចរារាំងក្រុមកម្មករនៅក្បាលថ្នល់នាព្រឹកមិញស្ទើរតែកើតជម្លោះហិង្សាទៅហើយប៉ុន្តែដោយសារតែមានការចរចាត្រូវរ៉ូវគ្នាទើបក្រុមកម្មករកាត់ដេររាប់រយនាក់បានសម្រេចចិត្តរំសាយទៅវិញដោយផ្តល់ឲ្យអ្នកតំណាងចំនួន៣០នាក់នាំយកញត្តិទៅដាក់នៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅជិតវិមានឯករាជ្យ។
ប្រធានសហជីពកម្មកររូបនេះបន្តថាក្នុងញត្តិនោះក្រុមកម្មករនៅតែទទូចស្នើសុំដល់សម្តេចហ៊ុនសែនអន្តរាគមន៍ដកលោកមាសសុថាប្រធានរដ្ឋបាលរោងចក្រកាត់ដេរSL រួមទាំងកងកម្លាំងប្រដាប់អាវុធចេញពីរោងចក្រកាត់ដេរព្រមទាំងទាមទារឲ្យរោងចក្រផ្តល់ប្រាក់ឈ្នួលដល់កម្មករក្នុងអំឡុងពេលកូដកម្មតវ៉ាតាមការសម្រេចក្រោយពីកិច្ចចរចាសម្របសម្រួលរវាងតំណាងរោងចក្រកាត់ដេរសហជីពកម្មករនិងអភិបាលរាជធានីភ្នំពេញកាលពីពេលកន្លងទៅនោះ៕ដោយ៖ ស.ស្អាត