ភ្នំពេញ៖សហជីពពហុវិស័យនឹងដាក់ញត្តិទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជាក្នុងសង្គា
ត់បឹងកេងកង១ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករប្រមាណជា២៣នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួននៅសាលាដំបូងរាជធានីភ្នំពេញព្រមទាំងបញ្ឈប់ការប្រើហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ចទៅលើបាតុករអហិង្សានៅព្រឹកថ្ងៃទី១៣ ខែមករា នេះ។
លោក ហេង សំអ៊ន លេខាធិការសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យដឹងថាសមាជិកសហជីពពហុវិស័យ ចំនួន ១០០នាក់ នឹងជួបប្រជុំគ្នា ដាក់ញត្តិស្នើអន្តរាគមន៍នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជា ជាតិ នៅម៉ោង៩ព្រឹកនេះដោយមិនមានការដង្ហែក្បួននោះទេ។
លោក ហេង សំអ៊ន បន្តថា ញត្តិនេះ មានគោលដៅទាមទាររដ្ឋាភិបាល ដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង២៣នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិច កាលពីថ្ងៃទី២ និងទី៣ ខែមករា ក្រោមហេតុផលថា ជនទាំងនោះ គ្រាន់តែជាអ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្ស និងជាអ្នកសម្របសម្រួលការទាមទារតែប៉ុណ្ណោះ មិនមែនជាអ្នកញុះញង់ឲ្យកើតមានហិង្សា ដូចការចោទប្រកាន់នោះទេ។
គួររំលឹកថា កាលពីថ្ងៃទី២ និងទី៣ ខែមករា សមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន ២៣នាក់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយកម្លាំងទ័ពឆ័ត្រយោង៩១១នៅមុខរោងចក្រយ៉ាកជីន ក្នុងខណ្ឌពោធិសែនជ័យនិងនៅខាងមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ខណៈកម្មករទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ៕
ដោយ៖ ភីនរ៉ា