ភ្នំពេញ ៖ ដោយមានប្រវត្តជាមិត្តដ៏ជិតស្និត និងមានកិច្ចសហប្រតិបត្តិការណ៍យូរអង្វែងរវាងប្រជាជាតិនិងប្រទេសទាំងពីរព្រះរាជាណាចក្រកម្ពុជា និង សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ព្រមទាំងមានឆន្ទៈរក្សានូវទំនាក់ទំនងការទូតទ្វេភាគី ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា លោក HONG KI CHOL បានសម្ដែងនូវការពង្រឹងកិច្ចសហប្រតិបត្តការរវាងគណបក្សពលរដ្ឋកូរ៉េជាមួយគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ក្នុងបំណងបន្ដទំនាក់ទំនងសាធារណៈនិង កិច្ចសហប្រតិបត្ដិការអន្ដរជាតិឲ្យបានកាន់តែល្អប្រសើរ ។
នៅក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្ស កាលពីព្រឹកថ្ងៃទី១៣ខែធ្នូ ២០១៣ នៅទីស្នាក់ការកណ្តាលគណបក្សហ្វ៊ុនស៊ិនប៉ិច ឯជាយក្រុងភ្នំពេញ លោក HONG KI CHOL អ្នកការទូតកូរ៉េ បានលើកឡើងថា មិនថាកាលៈទេសៈណាទេប្រទេសកូរ៉េនៅតែបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពដែលមានជាយូយាមកហើយនេះឲ្យនៅគង់វង្សរវាងបក្សនិងប្រជាជនទាំងពីរ ព្រោះថាទំនាក់ទំនងនេះបានកើតឡើងតាំងពីជំនាន់កំពូលថ្នាក់ដឹកនាំមុនៗគឺ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ជាមួយលោកសេនាប្រមុខ គីម អ៊ីលស៊ុង បន្តមកលោកសេនាប្រមុខ គីម ជុងអ៊ីល រហូតដល់មេដឹកនាំបន្តវេន គីម ជុងអ៊ុន នាពេលបច្ចុប្បន្ននេះទៀត។
នៅក្នុងជំនួបនោះដែរ លោក HONG KI CHOL បានបង្ហាញពីបំណងនៃការបង្រួបបង្រួមប្រជា ជាតិកូរ៉េឡើងវិញនាពេលអនាគត ប្រសិនបើគ្មានឧបសគ្គ និងគ្មានការលូកដៃចូលពីអ្នកទី៣ទេនោះ ។ យ៉ាងណាក៏ដោយលោកនូវបង្ហាញសុទិដ្ឋិនិយមថាឧបទ្វីបកូរ៉េនឹងអាចដោះស្រាយបានបើគ្មានការជ្រៀតជ្រែក ព្រោះថាកូរ៉េជាជាតិសាសន៍តែមួយ មានមាតុភូមិតែមួយ និងនិយាយភាសារដូចគ្នាអ្នកការទូតរូបនេះនូវបានបង្ហាញពីការរីកចំរើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានសមត្ថភាពរបស់លោកសេនាប្រមុខ គីម ជុងអ៊ុន អ្នកដឹកនាំបន្តវេន ធ្វើឲ្យកូរ៉េមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ ទាំងផ្នែកសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ក៏ដូចជាគ្រឿងសព្វាវុធរួមមានអាវុធប៉ារ៉ាម៉ាន់ណូជាដើមដែលកូរ៉េអាចផលិតបាន និងមានប្រសិទ្ធភាព។ ជាមួយគ្នានោះលោកបានបញ្ជាក់ថា នៅខែ១២នេះប្រជាជនកូរ៉េបានចាត់ទុកជា ខែដ៏សំខាន់ដែលមានព្រឹត្តិការណ៏ធំៗចំនួន២បានកើតឡើង គឺការប្រារពខួបមរណៈភាពរបស់លោកសេនាប្រមុខ គីម ជុងអ៊ីល និងមួយទៀត គឺការអបអរសារទរការជ្រើសតាំងលោកសេនាប្រមុខ គីម ជុងអ៊ុន ជាអគ្គមេបញ្ជាការកងទ័ពកូរ៉េផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច បានលើកឡើងថា គណបក្សមានកិត្តិយសដែលទទួលរាល់កិច្ចសហប្រតិបត្ដិការ ជាមួយឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លើចំណង់មិត្ដភាព សាមគ្គីភាព ការទំនាក់ទំនងសាធារណៈ និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិដ៏យូរអង្វែង និងនៅតែបន្ដកិច្ចសហប្រតិបត្តការណ៍ដ៏ល្អនេះតទៅទៀត រវាងគណបក្សហ្វ៊ុនស៊ិនប៉ិចនិងប្រជាជននៃប្រទេសទាំងពីកម្ពុជា-កូរ៉េ ។ លោក ញឹក ប៊ុនឆៃ បន្ដថា ជាការពិតប្រទេសជាតិមានការរីកចម្រើនលូតលាស់ និងសំបូររុងរឿងបានវាទាល់តែយើងធ្វើការទំនាក់ទំនងល្អ និងមានកិច្ចសហប្រតិបត្ដិការជាមួយបណ្តាប្រទេសជាដៃគូរអន្ដរជាតិពិសេសក្នុងតំបន់។ទន្ទឹមគ្នានេះលោក ញឹក ប៊ុនឆៃ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េដែលកន្លងមកធ្លាប់បានជួយដល់ចលនាហ្វ៊ុនស៊ិនប៉ិច ក្នុងពេលតស៊ូរំដោះជាតិ ជាសម្ភារៈ និងថវិការ ពិសេសជាងនេះគឺបានជួយមើលថែទាំព្រះរាជសុខភាពដល់អង្គសម្តេចឳ សម្តេចម៉ែនៃយើងរៀងមក ។ លោកក៏បានសម្តែងនូវការគាំទ្រចំពោះដំណើបំពេញបេសកកម្មការទូតរបស់លោកនៅកម្ពុជា និងបំណងបង្រួបបង្រួបមាតុភូមិកូរ៉េឡើងវិញ ដើម្បីលុបបំបាត់សង្រ្គាមនៅឧបទ្វីបកូរ៉េនាពេលអនាគត ហើយរួមគ្នាកសាងតំបន់អាស៊ីមួយដោយគ្មានសង្រ្គាម គ្មានការឈ្លានពានគ្នា ហើយមានតែការរីកចំរើនតរៀងទៅ។
សូមបញ្ជាក់ថា បន្ទាប់ពីជំនួបនោះបានបញ្ចប់ ថ្នាក់ដឹកនាំគណបក្ស និងឯកអគ្គរដ្ឋទូតព្រមទាំងប្រតិភូកូរ៉េ និង មន្រ្តីនៃអគ្គលេខាធិការដ្ឋានគណបក្សហ៊្វុនស៊ិនប៉ិច បានទស្សនាខ្សែភាយន្តឯកសារស្តីពីការអភិវឌ្ឍន៍និងភាពរីកចំរើនរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំបន្តវេន គីម ជុងអ៊ុន នាពេលបច្ចុប្បន្ន៕ ដោយ៖ ស.ស្អាត