ភ្នំពេញ៖ មហាសន្និបាតលើកទី១៣០សហភាពអន្តរសភា (IPU) នៅក្នុងកិច្ចប្រជុំ សភាអាស៊ានបូកបី និងសភាអាស៊ីប៉ាស៊ីហ្វិក សមាជិកសភាកម្ពុជា ត្រូវបានការជ្រើសតាំងចូលជាគណៈកម្មការព្រៀងធ្វើសេចក្តីសម្រេចចិត្ត និងជាសមាជិកពេញសិទ្ធិ គណៈកម្មការអចិន្ត្រៃយ៍សម្រាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស។ បន្ទាប់ពីបានអញ្ជើញធ្វើមាតុភូមិនិវត្តមកដល់មាតុប្រទេសវិញ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ប្រធានប្រតិភូសភាកម្ពុជា លោក យ៉ង់ សែម ប្រធានគណៈកម្មការ ទី១ នៃព្រឹទ្ធសភា បានមានប្រសាសន៍ថា កម្ពុជាបានចូលរួមមហាសន្និបាតលើកទី១៣០ សហភាពអន្តរសភា(IPU) រយៈពេល៥ថ្ងៃ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ មហាសន្និបាតនេះបានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនគឺ៖ ទី១- ការប្តេជ្ញាចិត្តសារជាថ្មី ដើម្បីធ្វើឲ្យសម្រេចបាននូវសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ ដើម្បីអបអរសាទរខួបលើកទី១២៥ឆ្នាំ នៃការបង្កើតសហភាពអន្តរសភា ទី២-ការចូលរួមចំណែកពីសភាដើម្បីឆ្ពោះទៅរកពិភពលោកមួយ ដែលពុំមានអាវុធនុយក្លេអ៊ែរ ទី៣-ឆ្ពោះទៅរកការអភិវឌ្ឍន៍ ដែលមានហានិភ័យតិចតួច ដោយពិនិត្យពិចារណាទៅលើនិន្នាការប្រជាសាស្ត្រ និងឧបសគ្គនៅក្នុងប្រទេសនីមួយៗ និងទី៤-តួនាទីសភាក្នុងការការពាសិទ្ធិកុមារ ជាពិសេសកុមារចំណាកស្រុកដោយពុំមានអ្នករួមដំណើរជាមួយ និងទប់ស្កាត់មិនឲ្យមានការកេងប្រវ័ញ្ចកុមារនៅក្នុងស្ថានភាពមានសង្គ្រាមនិងជម្លោះ។
ក្នុងមហាសន្និបាតនេះមានកិច្ចប្រជុំជាច្រើនទៀត ដូចជាកិច្ចប្រជុំអាស៊ានបូកបី កិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាជាស្ត្រី វេទិកាសមាជិកសភាវ័យក្មេង ជាដើម។ លោកស្រី ឡោក ខេង សមាជិកគណៈកម្មការទី២រដ្ឋសភា និងជាសមាជិការគណៈប្រតិភូនោះបានមានប្រសាសន៍ថា កម្ពុជាមានមោទនភាពណាស់ ដោយសារតែក្នុងកិច្ចប្រជុំសភាអាស៊ានបូកបី និងសភាអាស៊ីប៉ាស៊ីហ្វិកផ្តល់កិត្តិយសឲ្យសមាជិកសភាកម្ពុជា ទទួលបានការជ្រើសតាំងចូលជាគណៈកម្មការព្រៀងធ្វើសេចក្តីសម្រេចចិត្ត ទៅលើរបៀបវារៈបន្ទាន់ និងបានជ្រើសតាំងជាសមាជិកពេញសិទ្ធិនៃគណៈកម្មការអចិន្ត្រៃយ៍ទី៣ហៅថា គណៈកម្មការអចិន្ត្រៃយ៍សម្រាប់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធមនុស្ស។ លោកស្រីបន្តថា សម្រាប់កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍សម្រាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្សនេះ អង្គប្រជុំបានលើកអំពីតួនាទីសភា ក្នុងការការពារសិទ្ធិរបស់កុមារ ជាពិសេសកុមារ ចំណាកស្រុកដោយពុំមានអ្នករួមដំណើរជាមួយ និងទប់ស្កាត់មិនឲ្យមានការកេងប្រវ័ញ្ចកុមារនៅក្នុងស្ថានភាពមានសង្គ្រាម និងជម្លោះ ដោយត្រូវឲ្យសភាកម្ពុជាឡើងធ្វើបទបង្ហាញជូនអង្គប្រជុំ ហើយការលើកឡើងនេះត្រូវបានគណៈកម្មការអចិន្ត្រៃយ៍នៃកិច្ចប្រជុំសរសើរនិងបានសុំបទអន្តរាគមន៍របស់កម្ពុជាដើម្បីចែកជូនផ្សព្វផ្សាយដល់ប្រទេសជាសមាជិកទាំងអស់ដែលបានចូលរួម អំពីបទពិសោធន៍របស់កម្ពុជាថាមានយន្តការគ្រប់គ្រាន់ដើម្បីការពារសិទ្ធិកុមារ។ កិច្ចប្រជុំរបស់គណៈកម្មការអចិន្ត្រៃយ៍ក៏បានឲ្យដឹងដែរថា នៅក្នុងពិភពលោកនេះមានជនចំណាកស្រុកចំនួន ២១០លាននាក់ ក្នុងនោះមាន ៣៣លាននាក់ ដែលជាកុមារឥញ្ចឹងកិច្ចប្រជុំចង់ឲ្យសភា និងសភានៃបណ្តាប្រទេសទាំងអស់សហការគ្នាប្តូរទិន្នន័យគ្នាទៅវិញទៅមក ហើយឲ្យមានការយកចិត្តទុកដាក់ពីបញ្ហាប្រឈមនានារបស់កុមារ ដោយជំរុញឲ្យសភាជាម្ចាស់ប្រទេស ដែលធ្វើសន្តិប្រវេសន៍សហការគ្នាឲ្យជិតស្និត ដើម្បីត្រួតពិនិត្យតាមដានលើសន្តិប្រវេសន៍កុមារ និងបានជំរុញឲ្យកម្ពុជាធ្វើជាគំរូឈានមុខគេក្នុងតួនាទីជាសភា។ ទាក់ទងនិងប្រធានបទពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ អង្គប្រជុំសុំឲ្យប្រទេសមួយចំនួនលប់បំបាត់អាវុធនុយក្លេអ៊ែរទាំងអស់ និងម៉្យាងទៀតសុំឲ្យរក្សាទុកដដែល តែត្រូវពង្រឹងច្បាប់គ្រប់គ្រងឲ្យបានតឹងរឹង។ ចំពោះប្រទេសជាម្ចាស់នុយក្លេអ៊ែរ ដែលតាមអង្គប្រជុំលើកឡើងថានៅលើពិភពលោកនេះមានអាវុធនុយក្លេអ៊ែរចំនួន ១៧.០០០ ដែលធ្វើឲ្យពិភពលោករងគ្រោះ ។ ដូច្នេះ ផលិតនុយក្លេអ៊ែរ សុំឲ្យការពារ និងគ្រប់គ្រងឲ្យបានល្អកុំឲ្យបង្កគ្រោះភ័យ និងមានគ្រោះមហន្តរាយដល់ប្រទេសដ៏ទៃ ឬ ពិភពលោក៕
ដោយ៖ សស្អាត