ភ្នំពេញ៖ បើទោះបីប្រទេសកម្ពុជា ជួបស្ថានការណ៍តឹងតែងពីរឿងបាតុកម្មទាមទារតម្លើងប្រាក់ឱ្យបាន១៦០ ដុល្លារ របស់ក្រុមកម្មករ-កម្មការិនីយ៉ាងនេះក្តី គេសង្កេតមើលឃើញថា បញ្ហាទាំងអស់នោះ មិនបានប៉ះពាល់ដល់ ការនាំ អង្ករកម្ពុជាទេ។ផ្ទុយទៅវិញ ការនាំអង្ករកម្ពុជាចេញទៅក្រៅស្រុកនោះកើនឡើងទ្វេរដងក្នុងឆ្នាំ២០១៣ បើធៀបទៅនឹងឆ្នាំ២០១២។
បើយោងតាមរបាយការណ៍របស់ក្រុមការងារវិស័យស្រូវ-អង្ករ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ បានបង្ហាញថា រយៈពេលពេញ១ឆ្នាំ២០១៣ ប្រទេសកម្ពុជា បាននាំចេញអង្ករ ចំនួន ៣៧ម៉ឺន៨ពាន់៨៥៦តោន ពោលគឺកើនឡើង ៨៤% បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ដែលមានចំនួនត្រឹមតែ ២០ម៉ឺន៥ពាន់៧១៧តោនតែប៉ុណ្ណោះ។
វិស័យកសិកម្មនៅប្រទេសកម្ពុជាត្រូវគេមើលឃើញថា គឺជាវិស័យអាទិភាពមួយក្នុងការជម្រុញសេដ្ឋកិច្ច ដោយសារប្រជាជនកម្ពុជាភាគច្រើនគឺជាកសិករ។ កម្ពុជាបានកំណត់គោលដៅនាំអង្ករ ចេញទៅលក់នៅក្រៅប្រទេសឲ្យបានយ៉ាងហោច១លានតោននៅឆ្នាំ២០១៥ ដើម្បីបង្កើនជីវភាពប្រជាកសិករ។
កម្ពុជាបាននាំចេញអង្ករទៅកាន់៦៦ប្រទេសជុំវិញពិភពលោកប៉ុន្តែតាមរបាយការណ៍របស់ក្រុមការងារវិស័យស្រូវ -អង្ករ ប្រទេស១០ដែលនាំចេញអង្ករបានច្រើនជាងគេមានបារាំង៥ម៉ឺន៧ពាន់២៣២តោន,ប៉ូឡូញ៥ម៉ឺន៥ពាន់៨៧៩តោន, ម៉ាឡេស៊ី ចំនួន៥ម៉ឺន១ពាន់៨២៣តោន, ហូឡង់ ចំនួន២ម៉ឺន៩ពាន់៦៩៩តោន,ចិន២ពាន់៨ពាន់៣០២តោន, ថៃ ២ម៉ឺន៣ពាន់៥៥០តោន, ប្រទេស ហ្គាបុណ (Gabon) ចំនួន១ម៉ឺន៤ពាន់៧០៨តោន,ប្រទេសអេស្ប៉ាញ១ម៉ឺន១ពាន់៧៩២តោន, សហរដ្ឋអាមេរិក ចំនួន១ម៉ឺន១ពាន់៣៧៣តោន និងប្រទេសអាល្លឺម៉ង់មានចំនួន១ម៉ឺន៥៦៤តោន។
គួរបញ្ជាក់ផងដែរថាការនាំអង្ករចេញរបស់កម្ពុជា ត្រូវគេឃើញបានកើនឡើងគួរឲ្យកត់សម្គាល់ផ្ដើមចេញពីបរិមាណនាំចេញត្រឹម១ម៉ឺន២ពាន់៦១៣តោនប៉ុណ្ណោះ ក្នុងឆ្នាំ២០០៩ និងបានកើនដល់ជាង៣៧ម៉ឺនតោននៅឆ្នាំ២០១៣។ អង្ករក្រអូបកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០១៣ បានឈ្នះពានរង្វាន់ «អង្ករគុណភាពល្អបំផុតរបស់ពិភពលោក» ឆ្នាំ២០១៣ នៅទីក្រុងហុងកុង ដែលធ្វើឲ្យក្រុមហ៊ុននាំអង្ករចេញ មាសុទិដ្ឋិនិយមថា ការនាំអង្ករចេញរបស់កម្ពុជានៅឆ្នាំ២០១៤ នឹងកើនឡើងថែមទៀត៕ដោយ៖ ភីនរ៉ា