ភ្នំពេញ៖ ជើងខ្លាំងសញ្ជាតិហ្វីលីពីន លោក Manny Pacquiao ដែលគេហៅថាជាខ្លាអាស៊ីបានវិលមកកាន់សង្វៀនប្រដាល់សាជាថ្មី ដោយប៉ះជាមួយជើងខ្លាំង លោក Brandon Rios អ្នកប្រដាល់មកពីអាមេរិក ដែលគេហៅថាជាខ្លាអឺរ៉ុបនៅថ្ងៃអាទិត្យ ទី២៤ខែវិច្ឆិកា នេះចាំមើលថាអ្នកណាខ្លាំងពិតប្រាកដ។ ការប្រកួតដណ្តើមខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់របស់ World Boxing Organisation នឹងប្រព្រឹត្តទៅនៅទីក្រុងម៉ាកាវវេលាម៉ោង១០ព្រឹក ដែលត្រូវនឹងម៉ោង៩ព្រឹក(ម៉ោងនៅកម្ពុជា)។
លោក Pacquiao បានបង្ហាញជំនឿចិត្តថា លោកនឹងឈ្នះ១០០ភាគរយក្នុងការប្រកួតលើកនេះ ប៉ុន្តែបើចាញ់លោកនឹងចូលនិវត្តន៍ ហើយត្រឡប់ចូលប្រឡូកក្នុងវិស័យនយោបាយវិញ។ លោក បន្តថា លោក មានការសោកស្តាយចំពោះប្រជាជនហ្វីលីពីន ដែលរងគ្រោះដោយសារព្យុះហៃយ៉ាន ហើយលោកសូមឧទ្ទិសការប្រដាល់គ្នាទៅដល់ជនរងគ្រោះទាំងនោះ។ លោកបញ្ជាក់ថា លោកនឹងព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតលើកនេះ។ជំនួបជាមួយ លោក Brandon Rios នឹងក្លាយជាប្រកួតលើកទី១សម្រាប់ លោក Pacquiao ចាប់តាំងពីអ្នកប្រដាល់សញ្ជាតិហ្វីលីពីនរូបនេះ ត្រូវបានអ្នកប្រដាល់ម៉ិកស៊ិក លោក Manuel Marquez វាយឲ្យសន្លប់ទឹកទី៦នៅទីក្រុងLas Vegas កាលពីខែធ្នូ ឆ្នាំ២០១២។
ចំណែក កីឡាករ Brandon Rios ឲ្យដឹងថា លោកត្រៀមខ្លួនជាស្រេចសម្រាប់ការឡើងប្រកួតជាមួយ Pacquiao នៅថ្ងៃស្អែកនេះ។ លោកត្រូវតែវាយមិនត្រូវរត់ទេ ក្នុងនាមជាអ្នកប្រដាល់។លោក Manny Pacquiao ជាអ្នកប្រដាល់សំណព្វចិត្តក្នុងទ្វីបអាស៊ី អាយុ៣៤ឆ្នាំ មានកំណត់ត្រាប្រកួត ៦១ដង ដោយឈ្នះ៥៤ ស្មើ២ និងចាញ់៥ ហើយក្នុងនោះលោកផ្ដួលគូប្រកួតឲ្យសន្លប់ ៣៨ដង ខណៈអ្នកប្រដាល់វ័យ២៧ឆ្នាំ Brandon Rios មានកំណត់ត្រាឈ្នះ ៣១ ស្មើ១ ចាញ់១ និងផ្ដួលគូប្រកួតឲ្យសន្លប់២៣ដង៕ ដោយ៖ សស្អាត