ភ្នំពេញ៖ បន្ទាប់ពីប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានធ្វើដំណើរទៅកាន់ ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីចូលរួម បាតុកម្ម ជាមួយកម្មកររោងចក្រ ទាមទារតម្លើងប្រាក់ខែ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាត់ធេន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងនោះមក។ នៅរសៀលថ្ងៃទី២៣ខែធ្នូដដែលនេះមេបក្សប្រឆាំង នឹងធ្វើដំណើរត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បីដឹកនាំក្រុមបាតុករ ធ្វើបាតុកម្មនិងដើរហែរក្បួន ក្នុងការធ្វើបាតុកម្មដើម្បីទាមទារឲ្យមានការកែទម្រង់ការបោះឆ្នោត និងការទាមទារឲ្យមានការបោះឆ្នោតឡើងវិញផងដែរ។ នេះបើតាមការឲ្យពីលោក ហូរ វ៉ាន់ មន្រ្ដីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ។
លោក ហូរ វ៉ាន់ ថា គណបក្សសង្រ្គោះជាតិបានបន្ដធ្វើបាតុកម្មរាល់ថ្ងៃរបស់ខ្លួន ដែលមកគិតថ្ងៃទី២៣ខែធ្នូនេះ គឺជាថ្ងៃទី០៩ហើយដែលគណបក្សសង្រ្គោះជាតិ បានធ្វើបាតុកម្ម ដើម្បីទាមទារ ឲ្យមានការកែទម្រង់ការបោះឆ្នោត ការរៀបចំការបោះឆ្នោតឡើងវិញ និងទាមទារឲ្យសម្ដេចនាយក រដ្ឋមន្រ្ដី ហ៊ុន សែន ចុះចេញពីតំណែងផងដែរ។ចំពោះការធ្វើបាតុកម្មថ្ងៃទី០៩នេះ គណបក្សសង្រ្គោះជាតិ បានចាប់ផ្ដើមហែរក្បួនបាតុកម្ម ពីម៉ោង៣:៣០ រសៀលពីទីលានប្រជាធិបតេយ្យទៅតាមបណ្ដាមហាវិថី និងរុក្ខវិថីមួយចំនួនក្នុងរាជធានីផ្ណមពេញមានដូចជា៖ តាមផ្លូវ១០៨ រហូតដល់កែងផ្លូវ៥១ បត់ស្តាំ រហូតដល់កែងផ្លូវ ៣១០ បត់ស្តាំ រហូតដល់កែងវិថីព្រះត្រសក់ផ្អែម (៦៣) បត់ឆ្វេង រហូតដល់កែង មហាវិថី ម៉ៅសេទុង បត់ស្តាំ រហូតកែងមហាវិថីព្រះមុនីវង្ស បត់ឆ្វេង រហូតដល់ស្តុបក្បាលថ្នល់ បត់ស្តាំតាមផ្លូវ (២៧១) រហូតដល់កែងផ្លូវ១៩៩ បត់ស្តាំឆ្លងកាត់ មហាវិថីម៉ៅសេទុង រហូតដល់ស្តុបផ្សារអូឡាំពិក បង់ស្តាំ តាមមហាវិថីព្រះមុនីវង្ស រហូតដល់កែងវិថីព្រះត្រសក់ផ្អែម បត់ឆ្វេង ឆ្ពោះទៅផ្សារធំថ្មី រួចបត់ទៅទីលានប្រជាធិបតេយ្យវិញ។គួរបញ្ជាក់ ថា កាលពីថ្ងៃម្សិលមិញ គណបក្សសង្រ្គោះជាតិ បានរៀបចំធ្វើបាតុកម្មទ្រង់ទ្រាយធំ ដោយមានអ្នកចូលរួមប្រមាណជា ៤០ ទៅ៥០ម៉ឺននាក់ ហើយការធ្វើបាតុកម្មរយៈពេល៨ថ្ងៃមកនេះគឺបានប្រព្រឹត្ដិទៅដោយរលូន គ្មានអំពើហិង្សាណាមួយឡើយ។យ៉ាងណាក៏ដោយ ការដើរហែរក្បួនបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃម្សិលមិញនេះ ត្រូវបានមន្រ្ដីសាលារាជធានីភ្នំពេញកត់សម្គាល់ឃើញថា បានធ្វើស្ទះចរាចរណ៍ ធ្វើឲ្យអ្នកដំណើរ ដែលមិនមែនជាបាតុករធុញទ្រាំជាខ្លាំង និងកន្លែងខ្លះសិស្សចេញពីសាលាមានការយឺតយ៉ាវធ្វើឲ្យឪពុកម្តាយ អាណាព្យាបាលមានការព្រួយបារម្ភអំពីសុវត្ថភាពរបស់ពួកគេ៕
ដោយ៖ ស.ស្អាត