ភ្នំពេញ៖ ប្រទេសកម្ពុជា បានធ្វើលំហាត់សមយុទ្ធជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីបង្កាគ្រោះថ្នាក់ធ្លាក់និងឆេះយន្តហោះ ដែលបានប្រារព្ធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លំហាត់សមយុទ្ធរៀងរាល់២ឆ្នាំម្តង បានធ្វើកាលពីរសៀលថ្ងៃទី២០ ធ្នូ ២០១៣ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធមួយចំនួន និងមានការដុតយន្តហោះសិប្បនិម្មិតមួយគ្រឿងក្នុងគោលបំណងសង្រ្គោះបន្ទាន់ និងត្រៀមលក្ខណៈជួយសង្រ្គោះពេលមានហេតុការណ៍ធ្លាក់យន្តហោះនៅកម្ពុជា។
លំហាត់សមយុទ្ធធ្លាក់យន្តហោះ ជាលើកទី៤ ហើយ ក្រោមអធិបតីភាពអនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ដែលរៀបចំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំដោយលោក ម៉ៅ ហាវណ្ណាល់។
ជុំវិញនៃការធ្វើសមយុទ្ធនោះដែរ បានប្រើកម្លាំងប្រមាណ១៥០នាក់ មកពីគ្រប់អង្គភាពពាក់ព័ន្ធ និងបានប្រព្រឹត្តទៅដូចទៅនឹងព្រឹត្តិការណ៍ពិតៗ ក្នុងនោះ មានការដុតយន្តហោះសិប្បនិម្មិតមួយគ្រឿង ដែលប្រៀបបាននឹងយន្តហោះពិតកំពុងឆេះ ដោយសារធ្លាក់ចុះមកដី ឬចុះចតបន្ទាន់ ពេលមានបញ្ហាណាមួយក្នុងយន្តហោះ។ បន្ទាប់មកគេឃើញមានកម្លាំងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បាញ់ពន្លត់ភ្លាមៗ ចំណែកកម្លាំងយោធា, កងរាជអាវុធហត្ថ, និងនគរបាល បានជួយសង្គ្រោះយកអ្នកដំណើរដែលរងរបួស និងស្លាប់ចេញពីយន្តហោះយកទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះឲ្យបានច្បាស់លាស់មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់នោះ។
លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចូលរួមទស្សនាធ្វើសមយុទ្ធសង្គ្រោះបន្ទាន់នេះ បានថ្លែងប្រាប់ឱ្យដឹងថា ការធ្វើសមយុទ្ធនេះអាចទទយយកបាន និងបញ្ចប់ដោយភាពជោគជ័យ។
លោកក៏បានបញ្ជាក់ដែរថា ការហាត់សមជួយសង្គ្រោះបន្ទាន់នេះ គឺជាការពង្រឹងសមត្ថភាពបន្ថែមទៀតដល់កម្លាំងសង្គ្រោះដែលពាក់ព័ន្ធ នៅពេលដែលជួបនឹងហេតុការណ៏គ្រោះថ្នាក់ជាក់ស្តែង ដូចជាធ្លាក់យន្តហោះ គ្រោះអគ្គីភ័យ និងគ្រោះមហន្តរាយផ្សេង។
សមយុទ្ធនេះត្រូវគេឃើញថា បានប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់មកពីមន្ទីរពេទ្យកាល់ម៉ែត្រ, មន្ទីរពេទ្យព្រះកេតុមាលា, មន្ទីរពេទ្យរ៉ុស្ស៊ី, មន្ទីររពេទ្យលោកសង្ឃ និងរថយន្តសង្គ្រោះមកពីអង្គភាពង70ជាដើម ដោយបានដឹកជញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ ដែលលំហាត់សមយុទ្ធនេះ គឺដើម្បីឲ្យដឹងពីស្ថានការណ៍ពិតជាក់ស្តែង នៅពេលធ្វើដំណើរតាមដងផ្លូវសាធារណៈ។ ក្រោយមកទៀត គេឃើញកម្លាំងពាក់ព័ន្ធបានរុករកប្រអប់ខ្មៅផងដែរ ដើម្បីតាមដានពីមូលហេតុពិតប្រាកដនៅមុនពេលយន្តហោះធ្លាក់។
គួររំលឹកថា កាលពីឆ្នាំ១៩៩៧ យន្តហោះរបស់ក្រុមហ៊ុនវៀតណាមមួយគ្រឿង បានធ្លាក់នៅកម្ពុជា ដែលបណ្តាលឲ្យមនុស្ស ៦៦នាក់ស្លាប់និងម្នាក់រងរបួស។ ចំណែក ខែ កក្កដា ឆ្នាំ២០០៧ យន្តហោះមួយគ្រឿង បានធ្លាក់នៅភ្នំបូកគោ ដែលបណ្តាលឲ្យខ្មែរនិងជនជាតិកូរ៉េ២២នាក់ស្លាប់។ និងខែ តុលា ២០០៧ ដដែល យន្តហោះដឹកជញ្ជូនមួយគ្រឿង បានធ្លាក់នៅស្រុកកណ្តាលស្ទឺង ដែលបណ្តាលឲ្យមនុស្សម្នាក់រង របួស៕ ដោយ៖ សេរីមករា