ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញទៅសាកសួរសុខទុក្ខសំណេះសំណាល និងរៀបចំ អាហារថ្ងៃត្រង់ ផ្ដល់ជូនកុមារ អង្គការគ្រួសារថ្មី។កម្មវិធីនេះរៀបចំនៅសាលាកុមារ ពិការភ្នែក និងកុមារគថ្លង់ភ្នំពេញថ្មី នៃសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នៅទីនោះមានកុមារាកុមារី ពិការភ្នែក កុមារគ-ថ្លង់ និងកុមាកំព្រា សរុបចំនួន ៣៧៥នាក់់ ព្រមទាំង គ្រូបង្រៀន, អ្នកគ្រប់គ្រងនិងបុគ្គលិក ចំនួន១០៦នាក់ មកពី ៣មណ្ឌល បាន ចូលរួមពិធីជួបជុំ ប្រចាំឆ្នាំនេះ ក្នុងនោះនៅសាលាកុមារពិការភ្នែក និងកុមារគ-ថ្លង់ភ្នំពេញថ្មី ចំនួន១៧៥នាក់ លោកគ្រូ អ្នកគ្រូ ចំនួន៥២នាក់,មកពីមណ្ឌលកុមារកំព្រា ភ្នំពេញថ្មី ចំនួន៦០នាក់, លោកគ្រូ អ្នកគ្រូ ៩នាក់, មកពីសាលាកុមារគរថ្លង់ច្បារអំពៅ ១៤០នាក់ ,លោកគ្រូ អ្នកគ្រូ ៤៥នាក់។
សូមបញ្ជាក់ថា អង្គការគ្រួសារថ្មី បានបង្កើតឡើងក្នុង ឆ្នាំ ១៩៩១ មានលោក ប៊ិនន័រ ឌុយសាតូ អាម៉ាំងហ្សុង (Benoît Duchâteau-Arminjon) ជាប្រធានស្ថាបនិក ។ បច្ចុប្បន្ន អង្គការនេះ មានសាលាពិសេស ចំនួន ៥កន្លែង កំពុងដំណើរការ រួមមាន សាលាកុមារពិការ ភ្នែកនិងកុមារគថ្លង់ភ្នំពេញថ្មី, សាលាកុមារគថ្លង់ ច្បារអំពៅ, សាលាកុមារ ពិការភ្នែកនិង កុមារគថ្លង់បាត់ដំបង, សាលាកុមារពិការភ្នែក និងកុមារគថ្លង់សៀមរាប និងសាលាកុមារពិការ ភ្នែកនិងកុមារគថ្លង់កំពង់ចាម ហើយ សាលាទាំង៥ មានគ្រូបង្រៀនសម្រាប់ សិស្សពិការភ្នែក , គ្រូបង្រៀនសម្រាប់ សិស្សគ-ថ្លង់និងបុគ្គលិកផ្សេងៗសរុប ចំនួន៣១១នាក់។
សូមរំលឹកថា នៅរាជធានីភ្នំពេញ សម្តេចតេជោនិងលោកជំទាវ បានទទួលឧបត្ថម្ភ សាលាចំនួន២ គឺសាលាកុមារ
ពិការភ្នែកនិងកុមារគថ្លង់ភ្នំពេញថ្មី និងសាលាកុមារគថ្លង់ ច្បារអំពៅ។ ចាប់តាំងពីឆ្នាំ ១៩៩៥មកសម្តេចតេជោនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានជួយឧបត្ថម្ភ ដល់សាលាកុមារពិការភ្នែកនិងកុមារគថ្លង់ ភ្នំពេញថ្មី និងសាលាគថ្លង់ច្បារអំពៅ ក្នុងសាលានិមួយៗ នូវអង្ករ១តោន និងថវិកា ៣លានរៀលក្នុង១ខែ , ព្រមទាំង ឧបត្ថម្ភប្រាក់ សម្រាប់ ដំណើរកំសាន្ត របស់ កុមារពិការភ្នែក និងគថ្លង់ ទាំង៥មណ្ឌល ក្នុង១ឆ្នាំ២ដង។
ចំណែក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ២០លានរៀលក្នុង១ឆ្នាំ ហើយរៀបចំអាហារជួបជុំ១ឆ្នាំម្តង ។ សម្រាប់ នៅសាលា កុមារពិការ ភ្នែកនិងកុមារគ-ថ្លង់ភ្នំពេញថ្មី និងបុរីកុមារកំព្រាASPECA ដែល នៅក្បែរគ្នានោះ ក៏ត្រូវបាន លោក ម៉ក់ ពេជ្ររិទ្ធ ធានារ៉ាប់រងលើការចំណាយទឹក និង ភ្លើងជាប្រចាំដែរ។
គួរកត់សំគាល់ដែរថា រហូតមកដល់ពេលនេះ កម្មវិធី របស់អង្គការគ្រួសារថ្មី ដំណើរការ បានដោយមានការជួយឧបត្ថម្ភគាំទ្រ ពីសប្បុរសជនជាច្រើន នៅអឺរ៉ុប រួមនិង ការយកចិត្តទុកដាក់ ពីសំណាក់ស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជា, សម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជននានា។
នៅក្នុង ការជួបជុំប្រចាំឆ្នាំនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំនូវអំណោយរួមមាន
នំ ស្ករគ្រាប់ ទឹកសុទ្ធ ទឹកក្រូច ចែកជូន កុមារពិការភ្នែក និងកុមារគ ថ្លង់ និងលោកគ្រូអ្នកគ្រូនិងបុគ្គលិកទាំងអស់១កញ្ចប់ដូចគ្នា ដោយឡែក ថវិកា សម្រាប់កុមារ ពិការភ្នែកនិងកុមារគ-ថ្លង់ សរុប៣៧៥នាក់ក្នុងម្នាក់ៗទទួលបានប្រាក់ ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ចំនួន១០៦នាក់ ក្នុងម្នាក់ៗទទួល បាន ១សែនរៀល។
ក្នុងនោះដែរ សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភដល់ សាលាកុមារ ពិការភ្នែក និងកុមារគ-ថ្លង់ភ្នំពេញថ្មី នូវទឹកសុទ្ធ ២០កេស , ទឹកក្រូច២០កេស, មី ២០កេស, ត្រីខ ៥កេស, ប៊ីចេង ៥គីឡូក្រាម, ស្ករសរ២៥គីឡូក្រាម និងថវិកា៥លានរៀល។ ឧបត្ថម្ភ ដល់មណ្ឌលកុមារកំព្រាភ្នំពេញថ្មី ទឹកសុទ្ធ ១០កេស ,ទឹកក្រូច ១០កេស, មី ១០កេស, ត្រីខ ៣កេស, ប៊ីចេង ៣គីឡូក្រាម, ស្ករស ១០គីឡូក្រាម និងថវិកា៣លានរៀល។ សាលាកុមារគរថ្លង់ច្បារអំពៅ ទឹកសុទ្ធ ២០កេស, ទឹកក្រូច ២០កេស, មី ២០កេស, ត្រីខ ៥កេស, ប៊ីចេង ៥គីឡូក្រាម, ស្ករសរ ២៥គីឡូក្រាម និងថវិកា ៣លានរៀល ៕ ដោយ ៖ សស្អាត