ភ្នំពេញ៖ បញ្ហាពិការភាពធំៗ ចំនួន៤នឹងត្រូវយក ទៅដាក់បញ្ជូល ក្នុងផែនការយុទ្ធសាស្ត្រ ជាតិឆ្នាំ ២០១៤-២០១៨
។ បញ្ហាទាំង៤នេះ ត្រូវបានរកឃើញ បន្ទាប់ពីសិក្ខាសាលា២ថ្ងៃ ដោយមាន ការចូលរួមពី វាគ្មិនជាតិ អន្តរជាតិ និងតំណាងអង្គការដែលធ្វើដោយផ្ទាល់ ជាមួយជនពិការ ក្នុងសហគមន៍។បញ្ហាប្រឈមទាំង៤នោះ មានដូចជា កង្វះគោលនយោបាយ ស្តីពីការព្យាបាលផលលំបាក នៃការនិយាយ កង្វះការយល់ដឹង របស់សហគមន៍ ទាក់ទងនិង បញ្ហាពិការភាព កង្វះការកំណត់ ស្តីពីការព្យាបាល ដោយការនិយាយ និងសេវាបញ្ជូន ទាក់ទងនិងការព្យាបាល
ក្នុងការនិយាយ និងគ្មានការបណ្តុះបណ្តាល ធនធានមនុស្ស អំពីផលវិបាកក្នុងការនិយាយ ដែលហៅជា ភាសាអង់គ្លេសថា SPEECH THERAPY ក្នុង ប្រទេសកម្ពុជា។
លោក ឯក ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា សកម្មភាពជនពិការ បានមានប្រសាសន៍ ក្នុងពិធីបិទ សិក្ខាសាលានោះថា ការផ្តល់បទពិសោធន៍គន្លឹះ របស់វាគ្មិនជាតិ និងអន្តរជាតិ គឺជាត្រីវិស័យ សម្រាប់ អង្គសិក្ខាសាលា វិភាគរកឬសគល់នៃបញ្ហា។លោកថា បញ្ហាទាំងនោះហើយ ដែលវាមានផលលំបាក ច្រើនចំពោះបងប្អូន ជនពិការដែលមានការលំបាក ក្នុងការនិយាយ ហើយវាក៏ជាផលប៉ះពាល់ ដល់ក្រុមគ្រួសារក្នុងសហគមន៍ ផងដែរ។
លោក យាង ប៊ុនអ៊ាង នាយកប្រតិបត្តិ អង្គការអភិវឌ្ឍន៍ សមត្ថភាពជនពិការ នៅតាមស ហគមន៍ បានអោយដឹងថា ចំណុចចំបង នៃបញ្ហាទាំងនេះ នឹងពិភាក្សាក្នុងសិក្ខាសាលា ថ្នាក់ជាតិស្តីពី ផែនការ៥ឆ្នាំ នៃពិការភាពក្នុងពេលឆាប់ៗខាងខាងមុខនេះ ។មន្ត្រីសម្របសម្រួល ជនពិការតាមសហគមន៍ នៅខេត្តសៀមរាប លោក ខៀវ វណ្ណាបាននិយាយថា តម្រូវការសម្រាប់ជនពិការ តម្រូវអោយមាន ការហាត់ចលនារាងកាយដើម្បីអោយអវៈយវៈ អាចបត់បែនបាន និងការអប់រំជាដើម ដែលទាំងអស់នេះ សុទ្ធតែជាតម្រូវការចាំបាច់ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ធ្លាប់បានអំពាវ កុំអោយមានការរើសអើង ចំពោះជនពិការ និងស្នើអោយក្រសួង ស្ថាប័នទាំងអស់ទទួលយក ជនពិការបម្រើការងារ ក្នុងស្ថាប័ន រដ្ឋនិងឯកជន ទៀតផង៕ ដោយ ៖ រតនា