ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្តដល់ស្ថាប័នព័ត៌មានដូចជាអ្នកសារព័ត៌មានក្នុងការប្រតិបត្តិតាមក្រមសីលធម៌ព័ត៌មានច្រើនជាងគេក្នុងឆ្នាំ២០១៣នេះ អង្គការឆេមស៍ និងក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជាបានប្រគល់រង្វាន់ដល់សា្ថប័នកាសែតថ្នាក់ជាតិចេញប្រចាំថ្ងៃចំនួន៥ និងស្ថានីយ៍ទូរទស្សន៍ចំនួន៨ បានទទួលជ័យលាភីលើក្រមសីលធម៌អ្នកសារព័ត៌មាន។
លោក ឆាយ សុផល នាយកស្តីទីនៃអង្គការ ឆេមស៍ (CHEMS) និងជាសមាជិកនាយករបស់ក្រុម ប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ( CJCC ) ថ្ងៃទី ១១ ធ្នូ នេះថា រង្វាន់ជ័យលាភីនេះ បានផ្តោតតែលើ ក្រមសីលធម៌ព័ត៌មានទេ គឺមិនបានផ្តោតលើវិជ្ជាជីវៈព័ត៌មាន ដោយអះអាងថា «ជាទូទៅ ប្រសិនបើយើងនិយាយពីក្រមសីលធម៌នៅក្នុងអត្ថបទព័ត៌មានមួយ គឺយើងសង្កត់ធ្ងន់លើការប្រើប្រាស់ពាក្យ ការប្រើប្រាស់ឃ្លាប្រយោគ និងការប្រើប្រាស់រូបភាព ដោយរួមទាំងបញ្ហាយេនឌ័រផងដែរ»។
លោកបន្តថា បើទោះជាមានការខិតខំប្រឹងប្រែងរបស់សារព័ត៌មានយើងទាំងស្ថាប័ន និងអ្នកសារព័ត៌មានផ្ទាល់ក្នុងការពង្រឹងក្រមសីលធម៌ព័ត៌មានយ៉ាងណាក៏ដោយ ក៏អ្នកអាន អ្នកស្តាប់ និងអ្នកតាមដានទស្សនាព័ត៌មានខ្លះនៅតែបានត្អូញត្អែរពីភាពខ្វះចន្លោះលើក្រមសីលធម៌នៅក្នុងអត្ថបទព័ត៌មាន។ ហើយ ដើម្បីបានដឹងពីបញ្ហានេះឱ្យកាន់តែច្បាស់ អង្គការឆេមស៍ និងក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជាបានធ្វើការអង្កេតអស់រយៈពេល៦ខែ នៅឆ្នាំ២០១៣ លើសារព័ត៌មានកាសែត និងទូរទស្សន៍មួយចំនួន។
លោក ឆាយ សុផល បានបញ្ជាក់ថា នេះជាលើកទី១ហើយ នៃគម្រោង «ពង្រឹងក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជាតាមរយៈការពិនិត្យ និងការផលិតកម្មវិធីទូរទស្សន៍ស្តីពីកិច្ចពិភាក្សាលើក្រមសីលធម៌សារព័ត៌មាន» ថ្នាក់ជាតិហើយការប្រគល់រង្វាន់លើកទី២ នឹងត្រូវធ្វើឡើង នៅក្នុងត្រីមាសទី៣នៃឆ្នាំ ២០១៤ ខាងមុខ ដោយទទួលបាននូវការឧបត្ថម្ភពីមូលនិធិសហប្រជាជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយគាំទ្រពីក្រសួងព័ត៌មានផងដែរ។
អង្គភាពស្ថាប័នសារព័ត៌មានថ្នាក់ជាតិចំនួន៥ និង ស្ថានីយ៍ទូរទស្សន៍ចំនួន៨ ដែលបានទទួលជ័យលាភីលើក្រមសីលធម៌អ្នកសារព័ត៌មានប្រចាំឆ្នាំ២០១៣នេះ គឺត្រូវបានអង្គការខាងលើធ្វើការអង្កេតនិងស្រាវជ្រាវ ក្នុងនោះក៏មានដូចជា៖ រស្មីកម្ពុជា កម្ពុជាថ្មី កោះសន្តិភាព កាសែតមនសិការខ្មែរ និងកាសែតនគរវត្ត ព្រមទាំងស្ថានីយ៍ទូរទស្សន៍ចំនួន៨ គឺ ទូរទស្សន៍ CTN, ទូរទស្សន៍អប្សនា ,ទូរទស្សន៍ប៉ុស្តិ៍លេខ៣, ទូរទស្សន៍ប៉ុស្តិ៍លេខ៥, ទូរទស្សន៍ហង្សមាស, ទូរទស្សន៍បាយ័ន, ទូរទស្សន៍អាស៊ីអាគ្នេយ៍, និងទូរទស្សន៍ប៉ុស្តិ៍លេខ៩។
ស្របពេលជាមួយគ្នានោះ លោក សេក បរិសុទ្ធ ជាប្រធានក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជាលើកឡើងដែរថា ពាក់ព័ន្ធនឹងការប្រគល់ពាន់រង្វាន់ជ័យលាភីដល់កាសែត និងទូរទស្សន៍មិនមែនរដ្ឋ មិនមែនមានន័យថា ពួកគាត់បានគោរពតាមក្រមសីលធម៌ពេញលេញនោះទេ គ្រាន់តែមានចំណុចល្អខ្លះៗ។ លោកបន្តថា ការប្រគល់ពានរង្វាន់នេះ ចង់ឲ្យអ្នកសារព័ត៌មានក្នុងស្រុក សរសេរព័ត៌មាន ឬផ្តិតយករូបថត ដោយគោរពតាមវិជ្ជាជីវៈ។
លោកប្រធានក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជារូបនេះ ក៏បានបញ្ជាក់ទៀតថា មូលហេតុដែលក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា មិនបានចាត់កាសែតមួយចំនួនទៀត ដូចជា ភ្នំពេញប៉ុស្តិ៍(Phnom Penh Post) ឬកាសែតឌឹខេមបូឌាដេលី(The Cambodia Daily) ចូលក្នុងគម្រោងនេះ ដោយសារកាសែតទាំងនេះគ្រប់គ្រងដោយជនបរទេស ដែលការគោរពក្រមសីលធម៌ មានកម្រិតខ្ពស់។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញ៉ារីទ្ធ បានថ្លែងឱ្យដឹងថា នេះជាការលើកទឹកចិត្តដល់បណ្តាអង្គភាពព័ត៌មានក្នុងស្រុកទាំងនោះ ដែលមានកាសែតចំនួន៥ និងទូរទស្សន៍ចំនួន ៨ ដែលបានបំពេញភារកិច្ចប្រកបដោយការគោរពក្រមសីលធម៌។លោករដ្ឋមន្រ្តីក្រសួង ក៏បានជំរុញឲ្យស្ថាប័នដែលបានជ័យលាភី និងមិនទាន់បានទទួលឯទៀតៗ ខិតខំពង្រឹងការអនុវត្តក្រមសីលធម៌របស់ខ្លួនថែមទៀត ដើម្បីជាប្រយោជន៍ដល់វិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាទាំងមូល។
ទោះបីជាយ៉ាងនេះក្តី រយៈពេលថ្មីៗកន្លងមកនេះ មានអ្នកសារព័ត៌មានមួយចំនួន បានទទួលរងនូវការគំរាមគំហែងជេរប្រមាថ ជាបន្ដបន្ទាប់ពីក្រុមមនុស្សមួយចំនួន ដែលមាននិន្នាការគាំទ្រគណបក្សនយោបាយនៅប្រទេសកម្ពុជា។ ហើយត្រូវបានអ្នកសារព័ត៌មានមួយចំនូន បានស្នើសុំអំពាវនាវសុំឲ្យមជ្ឈដ្ឋានណាក៏ដោយ ត្រូវបញ្ឈប់នូវការគំរាមកំហែង ឬជេរប្រមាថនេះ ព្រោះអ្វីៗដែលអ្នកសារព័ត៌មានធ្វើគ្រាន់តែចង់ផ្ដល់ព័ត៌មាន ឬដំណឹងផ្សេងៗ ដែលកើតនៅក្នុងសង្គម ជូនដល់ប្រជាពលរដ្ឋប៉ុណ្ណោះ។ជាក់ស្តែង ដូចកាលពីថ្ងៃទី១០ ខែធ្នូ ម្សិលមិញនេះ ក្រុមបាតុកររបស់បក្សសង្គ្រោះជាតិ ដែលឡោមព័ទ្ធ និងបណ្តេញអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិ ក្នុងថ្ងៃទិវាសិទ្ធិមនុស្ស ១០ធ្នូ ខួបលើកទី ៦៥ នៅឯទីលានប្រជាធិបតេយ្យ ក្បែររមណីយដ្ឋានវត្តភ្នំ។
ក្លឹបអ្នកកាសែតកម្ពុជា ក៏បានសេចក្តីថ្លែងការណ៍មួយ ដោយបានកត់សម្គាល់ឃើញនូវការគំរាមគំហែងជេរប្រមាថដល់អ្នកសារព័ត៌មានច្រើនផងដែរ នៅរយៈពេលចុងក្រោយនេះ ហើយក្លឹបអ្នកកាសែតកម្ពុជា បានចាត់ទុកសកម្មភាពខាងលើនេះជាការរំលោភបំពានលើសិទ្ធិសេរីភាព អ្នកសារព័ត៌មានរំលោភសិទ្ធិមនុស្ស ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ភីនរ៉ា