ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់ រាជរដ្ឋាភិបាល បានប្រតិកម្ម តាមរយៈ បណ្តាញសង្គម Facebook ចំពោះក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ ដែលឡោមព័ទ្ធ និងបណ្តេញ អ្នកយកព័ត៌មាន របស់ទូរទស្សន៍ជាតិ ក្នុងទិវាសិទ្ធិមនុស្ស ១០ធ្នូ ខួបលើកទី ៦៥ នៅឯទីលានប្រជាធិបតេយ្យ ក្បែររមណីយដ្ឋាន វត្តភ្នំ រាជធានី
ភ្នំពេញ។
ប្រភពព័ត៌មានក្នុងបណ្តាញសង្គមហេ្វសបុក (facebook)ដែលលោករដ្ឋមន្រ្តី បានសរសេរបង្ហោះលើ Account របស់លោក ឈ្មោះ Kanharith Khieu នៅព្រឹកមិញថា៖ «ទាមទារ ឱ្យគេផ្សាយពីខ្លួន (គណបក្ស សង្រ្គោះជាតិ) ដល់ ទូរទស្សន៍ជាតិ (ទទក) ចុះទៅរាយការណ៍ព័ត៌មានបែរជាសន្តិសុខរបស់ខ្លួន ដេញវាយអ្នកយកព័ត៌មានឆ្កែឆ្មា អីលូវនេះ សូមកុំបន្ទោសគេរឿង មិនផ្សាយ។
យ៉ាងណាមិញនោះ បើយោងតាមគេហទំព័របណ្តាញសង្គមហ្វេសបុករបស់លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិ កម្ពុជាវិញ បានបញ្ជាក់ថា អ្នកយកព័ត៌មានទូរទស្សន៍ជាតិ ដែលរងគ្រោះ មានឈ្មោះ សេង ចាន់ បានទៅយកព័ត៌មាន នៅ ទីលានប្រជាធិបតេយ្យ ស្របពេលដែលគណបក្សសង្រ្គោះជាតិ ប្រារព្ធទិវាសិទ្ធិមនុស្ស។ លោកបានអំពាវនាវដល់ថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ឱ្យបញ្ឈប់ការរើសអើង ដែលដក់ជាប់នៅក្នុងចិត្តកូនចៅរបស់ខ្លួន។
លោក កឹម គុណវឌ្ឍ «តើយុត្តិធម៌ ទេ ចំពោះទង្វើកូនចៅរបស់លោកសូមបញ្ឈប់ការរើសអើងទៀតទៅ»។ប៉ុន្តែទោះជាយ៉ាងនេះ ក្តី ទិវាជួបជុំរបស់គណបក្ស សង្រ្គោះជាតិ នៅឯទីលានប្រជាធិបតេយ្យ បានរំសាយ ហើយកាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៣ ដោយពុំមាន ការប៉ះទង្គិចអ្វីឡើយជាមួយក្រុមសមត្ថកិច្ចនិងអាជ្ញាធរ។
គួរបញ្ជាក់ថា នៅកាលពីព្រឹកថ្ងៃទី ១០ ធ្នូ នេះទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រុមអង្គការសង្គមស៊ីវិល គណបក្សប្រឆាំង សង្រ្គោះជាតិ រាជរដ្ឋាភិបាលកម្ពុជា និងបណ្តាញធម្មយាត្រាសង្ឃ បានប្រារព្ធពិធីនេះនៅកន្លែងដាច់ដោយឡែកពីគ្នា ដើម្បីទាមទារឲ្យមានការគោរពសិទ្ធិមនុស្សកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។
ព្រះសង្ឃ និងប្រជាពលរដ្ឋ បានដើរហែក្បួនពីផ្លូវជាតិចំនួន៥ បានមកជួបជុំគ្នានៅមុខវិមានរដ្ឋសភាជាតិ បន្ទាប់ពីហែរក្បួនធម្មយាត្រា សិទ្ធិយាត្រា អហិង្សាអស់រយៈពេល ១០ថ្ងៃ ក្នុងចម្ងាយផ្លូវ ១០០០ គីឡូម៉ែត ដើម្បីបង្ហាញនិងពាំនាំនូវសេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋតាមផ្លូវទៅដល់រាជរដ្ឋាភិបាល និងតំណាងរាស្ត្រស្នើឲ្យមន្ត្រីរាជរដ្ឋាភិបាល ប្តេជ្ញាបញ្ឈប់ការរំលោភនូវសិទ្ធិមនុស្ស។
ជាមួយគ្នានោះ មានក្រុមសង្គមស៊ីវិលជិត ២០០ ស្ថាប័ន ដែលរួមមាន អង្គការ CHRAC លីកាដូ និងអាដហុក ជាដើម បានជួបជុំនៅវត្តភ្នំ ដោយគ្មានការដើរហែក្បួនអ្វីទេ ដើម្បីបង្ហាញពីតម្រូវការផ្នែកសិទ្ធិមនុស្ស។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានចេញសេចក្តីថ្លែងការណ៍រួមមួយទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា គួរតែផ្តល់សច្ចាប័នលើអនុញ្ញាអង្គការពលកម្មអន្តរជាតិលេខ ១៨៩ ស្តីពីការងារសមរម្យសម្រាប់កម្មករធ្វើការតាមផ្ទះ។
បើងាកទៅមើលនៅឯមជ្ឈមណ្ឌលសន្និបាត និងពិពរ័ណ៍កោះពេជ្រវិញ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រារព្ធទិវាសិទ្ធិមនុស្សនេះ និងទិវាជនពិការកម្ពុជាលើកទី ១៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីបើកកម្មវិធី ដោយលោកសម្តេចតេជោ ហ៊ុន សែន ខណៈពេលដែលអាជ្ញាធររាជធានីភ្នំពេញ បានជួបជុំគ្នានៅស្តាតអូឡាំពិក៕ ដោយ ៖ ភីនរ៉ា