ភ្នំពេញ៖ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិ បតេយ្យ នៅព្រឹកថ្ងៃទី១៩ មីនានេះ បានស្នើសុំមន្ត្រីសាលារាជធានីភ្នំពេញ លើកថ្ងៃជួបប្រជុំពិភាក្សា ដើម្បីធ្វើបាតុកម្មទាមទារដំឡើងហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុសំបុកឃ្មុំរបស់លោក នៅតាមខេត្តនានា នៅទីលានប្រជាធិបតេយ្យនៅបំណាច់ខែមីនាខាងមុខនេះ។ លោក ម៉ម សូណង់ដូ បានលើកហេតុផលថា ព្រឹកនេះ លោកជាប់រវល់ចុះទៅតាមខេត្តជួបអ្នកគាំទ្ររបស់លោក។ ដូច្នេះលោកស្នើសុំជួបប្រជុំ ជាមួយអាជ្ញាធររាជធានីភ្នំពេញ ទៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ខាងមុខនេះវិញ។
តាមការគ្រោងទុក លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ នឹងត្រូវដឹកនាំមន្រ្តីសាលាក្រុង ដើម្បីជួបប្រជុំពិភាក្សាជាមួយលោក ម៉ម សូណង់ដូ នាម៉ោង ៩ នៅព្រឹកថ្ងៃទី១៩ មីនានេះ ពីគម្រោងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ដែលភាគីលោក ម៉ម សូណង់ដូ ស្នើសុំធ្វើបាតុកម្មនោះ។ សូមរំលឹកថា លោក ម៉ម សូណង់ដូ ធ្លាប់បានដឹកនាំអ្នកគាំទ្រប្រមាណ៣០០ នាក់ ធ្វើបាតុកម្មម្តងរួចមកហើយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ដើម្បីទាមទារឲ្យក្រសួងព័ត៌មាន ផ្តល់ហ្វ្រេកង់ ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុសំបុកឃ្មុំ បន្តទៅតាមខេត្ត។ ប៉ុន្តែបាតុកម្មរបស់លោកម៉ម សូណង់ដូ កាលណោះ ត្រូវបានអាជ្ញាធរចម្រុះរាជធានីភ្នំពេញ បំបែក ដោយប្រើប្រាស់គ្រាប់បែកផ្សែង និងវាយលើក្រុមអ្នកតវ៉ា នៅមុខក្រសួងព័ត៌មានឲ្យមានរបួសទៀតផង៕
ដោយ៖ ស.ស្អាត