ភ្នំពេញ៖ ដើម្បីចូលរួមអបរសាទរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ឆស័ក ពុទ្ធសក រាជ ២៥៥៨ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ ក្រសួងទាំងអស់ បានរៀបចំពិធីសម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ និងនាំមកនូវការរីកចម្រើនសុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យក្នុងការងារសម្រាប់ឆ្នាំថ្មី ។ បើតាមការសិក្សាអំពីប្រវត្តិររបាំត្រុដិនេះ បានឲ្យដឹងថា របាំត្រុដិគឺជារបាំដ៏មានប្រជាប្រិយភាពគួរ ឱ្យកត់សម្គាល់ក្នុងចំណោមរបាំប្រពៃណីរបស់ខ្មែរ ដែលតាមជំនឿបានបង្ហាញថាការសម្ដែងរបាំត្រុដិ នេះឡើងដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី ។
លើសពីនេះទៀត របាំត្រុដិនេះមានដើមកំណើតមកពីខេត្តសៀមរាប ហើយការសម្ដែងរបាំត្រុដិនាពេលចូលឆ្នាំថ្មីគឺគេត្រូវកំណត់យកដំណើរផ្តាច់ឆ្នាំនីមួយៗ ដើម្បីដេញឧបទ្រពចង្រៃដែលកើតមានក្នុងឆ្នាំចាស់ ហើយនិងប្រសិទ្ធពរសព្ទសាធុការក្នុងឱកាសឆ្នាំថ្មីវិញ ។ តាមរយៈការសម្តែងរបាំនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរយល់ថា នឹងទទួលបាននូវភាពសប្បាយរីករាយនៅពេលដែលមានអ្នករាំរបាំត្រុដិបានចូលទៅដល់មុខផ្ទះ ឬក្នុងភូមិ ស្រុក និងតាមទីកន្លែងផ្សេងៗទៀត ខណៈពេលដែលពួកគាត់មានជំនឿប្រកបដោយក្តីសង្ឃឹមក្នុងឆ្នាំថ្មីនេះថាគឺនឹងមានសុភមង្គលលាភសក្ការៈ នឹងកើតមានដល់ នៅក្នុងក្រុមគ្រួសារ ឬក្នុងភូមិ ស្រុក និងតាមក្រសួង ស្ថាប័នរបស់ខ្លួនជាក់មិនខាន ៕
ដោយ៖ អភិរក្ស