ភ្នំពេញ៖ កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ងត្រូវបានរៀបចំឡើងពីរថ្ងៃ ចាប់ពីថ្ងៃទី៣
ដល់ថ្ងៃទី៤ខែធ្នូ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ដើម្បីធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រយៈពេលពីរឆ្នាំទៅមុខទៀតកិច្ចចរចានេះ ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា និងមន្ត្រីមកពីស្ថាប័នរដ្ឋ១៣ផ្សេងទៀត និងភាគីអាល្លឺម៉ង់ដឹកនាំដោយ លោក Andreas Pfeil ជានាយកប្រចាំតំបន់អាស៊ីកណ្តាល អាស៊ីខាងកើត និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ឯកឧត្តម Joachim Baron von Marschall និងអង្គការ ស្ថាប័នអាល្លឺម៉ងពីរផ្សេងទៀត។
កិច្ចចរចានេះ បានផ្តោតសំខាន់លើការត្រួតពិនិត្យរួមគ្នានៃវឌ្ឍនភាពការអនុវត្តគម្រោងកម្មវិធីដែលកំពុងអនុវត្ត ដោយបណ្តាក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងពិភាក្សាលើការសន្យាផ្តល់ហិរញ្ញប្បទានសម្រាប់គាំទ្រគម្រោងថ្មីដែលបានស្នើឡើង អំឡុងកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទស រវាងរដ្ឋាភិបាលទាំងពីរ កាលពីខែ
តុលា កន្លងទៅថ្មីៗនេះ ដោយតម្រឹមកិច្ចសហប្រតិបត្តិការ អោយស្របតាមទិសដៅអាទិភាព និងគោលដៅដែលបានកំណត់ក្នុងកម្មវិធីនយោបាយ និងឯកសារយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា អាណត្តិតី៥ ដែលមានយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ ដែលស្ថិតក្នុង
បរិបទនៃគោលការណ៍ភាពស័ក្តិសិទ្ធិនៃកិច្ចអភិវឌ្ឍន៍ដែលបានព្រមព្រៀងគ្នា ក្នុងវេទិកាកំពូលទាំង៣ មានដូចជា Paris Declaration ,Accra និង Busan។
គួរបញ្ជាក់ថាសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងឆ្នាំសារពើពន្ធ២០១៣-២០១៤ ភាគីកម្ពុជាបានលើកសំ
ណើរ គម្រោងចំនួន១០ ដែលស្ថិតក្នុងវិស័យអាទិភាពរួមមានដូចជា វិស័យអភិវឌ្ឍន៍ជនបទ ផ្តោតលើការគ្រប់គ្រងដីធ្លី វិស័យសុខាភិបាល និងអភិបាលកិច្ចដែលរួមមានកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ។
លើសពីនេះទៅទៀតកិច្ចចរចានេះក៏បានពិភាក្សាអំពីការផ្តល់ការគាំទ្រ ដល់សាលាក្តីខ្មែរក្រហមជាពិសេសអង្គការគាំពារជនរងគ្រោះនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ រួមមានសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍និងគណៈកម្មការទន្លេមេគង្គជាដើម៕ ដោយ ៖ រតនា