ភ្នំពេញ៖ យុវជន នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណ ១០០នាក់ បានចូលរួមការបំពាក់បូពណ៌ស ក្នុងន័យសន្យាបញ្ឈប់អំពើហិង្សាប្រឆាំងស្ត្រី ជួញដូរផ្លូវភេទលើកុមារ រើសអើងស្ត្រីនៅក្នុងសង្គម និងតំណាងឲ្យសុភមង្គលជាតិខ្មែរបានយល់រួមគា្នគាំទ្រផងដែរ។ ក្នុងខ្លឹមសារនេះ គឺត្រូវបានកើតចេញមកពីមិន្ទិញអបអរសាទរយុទ្ធនាការបូពណ៌ស១៦ថ្ងៃ ក្រោមប្រធានបទបុរសនិងអំពើហិង្សាលើស្ត្រី។ក្នុងឱកាសនោះ លោក ពុធ សុភៈ តំណាងអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា បាននិយាយថា ខែកក្កដា ឆ្នាំនេះមានរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិបង្ហាញថា ការរំលោភទៅលើស្ត្រីមានច្រើននៅប្រទេសកម្ពុជា កើតឡើងនៅក្នុងវ័យកុមារ អាយុក្រោម១៥ឆ្នាំ មិនទាន់ចូលយុវជនទេ។ នេះវាហាក់ដូចជាធ្ងន់ធ្ងរណាស់សម្រាប់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវចូលរួមបំបាត់បញ្ហានេះ ។លោកបានលើកពីរ របាយការណ៍របស់ក្រសួងកិច្ចការនារីបានបង្ហាញថា ច្រើនជាង៥៣% ស្ត្រីបាន ធ្លាប់ស្គាល់ ធ្លាប់ឃើញបុរសដែលវាយប្រពន្ធ ប៉ុន្តែការធ្វើអន្តរាគមន៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន អត់ទាន់បានធ្វើអន្តរាគមន៍នៅឡើយទេ។ បញ្ហានេះហើយដែលធ្វើឲ្យប្រទេសកម្ពុជាយើងពិបាកគេចផុតពីភាពក្រីក្រ។
លោកស្រី ញ៉ុង ហេម៉ាព្រឹទ្ធបុរសរងមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ បានមានប្រសាសន៍ថា អំពើហិង្សាបានធ្វើអ្នករងគ្រោះបាត់បង់សេចក្តីថ្លៃថ្នូរនិងធ្លាក់ខ្លួនឈឺ ហើយពេលខ្លះពួកគេអាចក្លាយជាអ្នកប្រព្រឹត្តអំពើហិង្សាវិញក៏មាន។ ដោយសារផ្នត់គំនិតមួយចំនួន ពិសេសការគិតថា អំពើហិង្សាក្នុងគ្រួសារ ជាបញ្ហារបស់គ្រួសារនីមួយៗ ដូច្នេះអ្នកខាងក្រៅមិនគួរលូកដៃចូលទេ នេះជាផ្នត់គំនិតចាស់ហើយជាយុទ្ធនាការមួយដែលយើងខិតខំធ្វើម៉េច ព្យាយាមប្តូរឲ្យបានផ្នត់គំនិតនេះ។ អំពើហិង្សាក្នុងគ្រួសារមិនមែនជាបញ្ហាតែឯងទេ ជាបញ្ហាសង្គមជាតិទាំងមូល ហើយយុទ្ធការពាក់បូរពណ៌គឺដើម្បីប្តូរផ្នត់គំនិតនេះ។
លោក ឆាយ គឹមស័រ ជាអ្នកសម្របសម្រួលបណ្តាញបុរសកម្ពុជា (CMN) បាននិយាយថា អំពើហិង្សាក្នុងគ្រួសារ ការចាប់រំលោភនោះ ជាអំពើឧក្រិដ្ឋកម្ម វាជារឿងមួយខុសច្បាប់ ដូច្នេះអ្នកទាំងអស់គ្នាបើសិនជាឃើញរឿងនេះ ខុសច្បាប់ហើយ អ្នកប្រព្រឹត្តត្រូវតែមានទោស ទៅតាមទោសស្រាលទោសធ្ងន់។ នេះជាចំណុចសំខាន់ដែលជាគោលដៅរបស់យើងយើងចង់ផ្ញើសារ ដើម្បីចង់លុបបំបាត់ទម្លាប់ដ៏មិនល្អនេះ។ សារមួយដែលសំខាន់ចង់ផ្ញើឲ្យបុរស “កាលណាយើងប្រព្រឹត្តអំពើ ហិង្សា ទៅលើស្ត្រី ទៅអ្នកដទៃនោះ មានន័យថាយើងបានប្រព្រឹត្តអំពើហិង្សាមកលើខ្លួនឯងហើយ” ហើយរឿងនេះមិនមែនជារឿងរបស់បុគ្គលទេ ជារឿងរបស់សង្គម។
យុទ្ធនាការ១៦ថ្ងៃ បំពាក់បូពណ៌ស នឹងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៥ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ព្រៃវែង) ជាមួយនឹងសកម្មភាពមួយចំនួនរួមមានការរៀបចំមិទ្ទិញ ការដើរដង្ហែក្បូនតាមទីសាធារណៈ ការបំពាក់បូពណ៌សតាមផ្ទះ កម្មវិធីពិភាក្សាតាមទូរទស្សន៍ ការជជែកពិភាក្សាតាមវិទ្យុ និងការប្រគំតន្ត្រីចល័តតាមបណ្តោយផ្លូវជាតិលេខ៥៕ ដោយ៖ អភិរក្ស