ភ្នំពេញ៖ វិទ្យាស្ថានបើកទូលាយបានសហកាជាមួយមូលនិធិផ្តល់អំណាចឌីជីថលមកពីប្រទេសឥណ្ឌា ផ្តល់បច្ចេកទេសនិងជួយបង្កើតគេហទំពរ័នៅតាមបណ្តាញអ៊ីនធឺណេតដល់អង្គការក្រៅរដ្ឋាភិបាល ជាច្រើនពាក់ពន្ធ័នឹងស្រ្តី ដើម្បីផ្តល់ព័ត៌មានឲ្យកាន់តែទូលំទូលាយដល់សាធារណជន។
នេះជាគម្រោងអន្តរជាតិមួយដែលបាននាំយកមកពីប្រទេសឥណ្ឌា បន្ទាប់ពីគេអនុវត្តបាន ជោគជ័យកន្លងមក ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សង្គមជាតិ។ អ្នកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានបើកទូលាយបានមានប្រសាសន៍នៅព្រឹកថ្ងៃ២៩ ខែ វិច្ឆិកា ២០១៣ នេះថា ការបង្កើតកម្មវិធីនេះឡើង ដើម្បីជំរុញឲ្យអង្គការសង្គមស៊ីវិលទាំងអស់បានផ្សព្វផ្សាយ ឲ្យបានច្រើនពីទស្សនៈវិស័យ និងបេសកកម្មរបស់ខ្លួនក្នុងការជួយដល់សាធារណៈជន តាមរយៈប្រពន្ធ័អ៊ីនធឺណេត។
លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅកម្ពុជាមានអង្គការស៊ីវិលជាង៣០០០អង្គការ ក្នុងចំនោមនេះមានអង្គកាជាច្រើនមិនបានប្រើប្រាស់ប្រពន្ធ័ICTនេះផ្ទាល់ខ្លួននៅឡើងទេ ដែលនេះ ជាបញ្ហាប្រឈមមួយដែរ។ ដោយឡែកនៅថ្ងៃនេះ មានអង្គការប្រមាណជិត៣០អង្គការ ដែលបានចូលរួមបង្កើតគេហទំពរ័ថ្មីនេះ ភាគច្រើនធ្វើការងារពាក់ពន្ធ័ នឹងបញ្ហាសិទ្ធិស្រ្តី អភិវឌ្ឍសហគមន៍ និងវិស័យជលផលជាដើម។
លោកជំទាវ ឡុងសុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានបង្ហាញការគំាទ្រចំពោះគម្រោងនេះ ព្រោះវាជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តីនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងនោះបានចែករំលែកការអប់រំនឹងការបញ្ចេញទស្សនៈ ដើម្បីឲ្យស្រ្តីកាន់តែមានស្ថានភាពប្រសើរជាងមុន។
លោកជំទាវបញ្ជាក់ថា នេះជាការងារដែលបំពេញនូវភាពខ្វះចន្លោះដែលពួកគេមិនបានធ្វើកន្លងមក ខណៈដែរ កម្ពុជាក៏ដូចជាប្រទេសជាច្រើននៅលើពិភពលោកកំពុងរីកចរំរើនខ្លាំងលើវិស័យICTនេះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជួយជំរុញដល់កិច្ចអភិវឌ្ឍ។
លោកដេវិនដ្រា សាញ បាឌូរៀ តំណាងមូលនិធិផ្តល់អំណាចឌីជីថលបានមានប្រសាសន៍ថា ការ បង្កើតវត្តមានដល់បណ្តាអង្គការទាំងនេះនៅលើប្រពន្ធ័អ៊ីនធឺណេតឲ្យកាន់តែច្រើន នឹងជួយដល់ពួកគេក្នុងរយៈពេលមួយឆ្នាំតាមរយះផ្តល់បច្ចេក និងចេញថ្លៃសេវាហើយនឹងបន្តគំរោងទៅមុខទៀត ដើម្បីធានាឲ្យគេហទំពរ័ដែលបានបង្កើតថ្មីនោះមាននិរន្តរភាព។សូមបញ្ជាក់ផងដែរថា គម្រោងផ្តល់បច្ចេកទេស និងជួយបង្កើតគេហទំព័រដល់បណ្តាលអង្គការក្រៅរដ្ឋាភិបាលនេះ កំពុងអនុវត្តនៅក្នុងប្រទេសជាច្រើន ក្នុងនោះមាន5ប្រទេសនៅក្នុងទ្វីបអាហ្រ្វីក និង៦ប្រទេសដទៃទៀតនៅទ្វីបអាស៊ី ក្នុងនោះមានដូចជា៖ នៅប្រទេសកម្ពុជា បង់ក្លាដេស នេប៉ាល បូតាន ស្រីលង្កា និងប្រ ទេសឥណ្ឌា៕ ដោយ៖ មករា