កណ្តាលៈ កម្លាំងអធិការដ្ឋានស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច បើកយុទ្ធនាការភូមិ ឃុំមានសុវត្តិភាពបង្ក្រាបសង្វៀនមាន់មួយកន្លែង កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ ដែលមានទីតាំងស្ថិតនៅផ្ទះរបស់ឈ្មោះ ផង់ ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកណ្តាល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច ស្រុកអង្គស្នួលបានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងប្រជល់មាន់ខាងលើ ឃាត់ខ្លួនបានមនុស្សចំនួន៣នាក់ ម៉ូតូចំនួន៤គ្រឿង មាន់ប្រជល់ចំនួន២ក្បាល និងសម្ភារ: ប្រជល់មាន់មួយចំនួនទៀត។ប្រភពដដែលបន្តថា មនុស្ស៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះមាន ១-ឈ្មោះ អ៊ុន ជុយ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ២-ឈ្មោះ ជួប ចាន់ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកណ្តាល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ៣-ឈ្មោះ ជីង ចាន់ឌី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករធ្វើផ្លូវថ្នល់ រស់នៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ម៉ូតូចំនួន៤គ្រឿង រួមមាន៖ ១-ម៉ាកសេ១២៥ សេរី២០០៦ ពាក់ស្លាកលេខភ្នំពេញ 1M-6036។២-ម៉ាក សេ១២៥ សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1I-1457។ ៣-ម៉ាកហុងដា គុបមូល សេ៥០ពណ៌ក្រហមពាក់ស្លាកលេខកណ្តាល 1L-9223។ ៤-ម៉ាកហ្សីបពណ៌ខ្មៅគ្នានពាក់ស្លាកលេខ។ចំណែកឯម្ចាស់ផ្ទះ ឈ្មោះ ផង់ ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ ដែលផ្តល់ទីកន្លែងប្រជល់មាន់ បានរត់គេចខ្លួនបាត់ រួមជាមួយ អ្នកញៀនល្បែងជល់មាន់មួយចំនួនទៀត។ ដោយឡែកមនុស្ស៣នាក់ រួមជាមួយសម្ភារ: ជាវត្ថុតាង ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល កសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកណ្តាល ចាត់ការបន្ត។
តាមច្បាប់ស្ដីពីល្បែងស៊ីសងអ្នកបើកលេងក៏មានទោស អ្នកផ្ដល់ទីតាំងក៏មានទោស អ្នកលេងក៏មាន អ្នកមើលក៏មាន អ្នកមើលក៏មាន អាស្រ័យតាមការប្រព្រឹត្ត។ ចំពោះទោសយ៉ាងណានោះមានតែតុលាការទេដែលជាអ្នកសម្រេច។ ប៉ុន្តែករណីខ្លះនគរបាលអាចអនុវត្តវិធានការរដ្ឋបាល ដោយពិន័យអន្តរការណ៍ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងលើកក្រោយទៀតបាន៕
ដោយ៖ ភីន រ៉ា