ភ្នំពេញ៖ ភាពជាប់គំាងផ្នែកនយោបាយនៅក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៥ នេះបានបន្តអូសបន្លាយកាន់តែយូទៅៗ ខណៈដែលគណបក្សកាន់អំណាចដឹកនំារាជរដ្ឋាភិបាលចេះតែដើរទៅមុខជាលំដាប់ និងគណបក្សប្រឆំាងដែលជាប់ឆ្នោតនៅក្នុងសភាបានប្រកាសធ្វើពហិការមិនចូលកាន់តំណែង ។
ទោះបីជាមានការចរចារគ្នារវាងប្រមុខដឹកនាំគណបក្សពីរ ដែលមានអាសនៈក្នុងរដ្ឋសភាជាច្រើនលើកច្រើនសារក្នុងគោលបំណងដោះស្រាយ កាជាប់គាំងនយោបាយយ៉ាងណាក្តី ក៏លទ្ធផលនៃការចរចារមិនទទួលបានអ្វីជាផ្លែផ្កាដុំកំភួននោះឡើយ ។
ប៉ុន្តែនៅល្ងាចថ្ងៃទី២៥ខែវិច្ឆិកានេះមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី សខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លៃក្នុងជំនួបទ្វេភាគីជាមួយ លោក ម៉ាក់ ហ្គោដ ឌីង ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសថា គណបក្សប្រជាជនកម្ពុជា ប្រកាសជំហរជាថ្មីក្នុងការចរចារជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហានយោបាយក្រោយការបោះឆ្នោត។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបិទសិទ្ធសិរីភាពរបស់គណបក្សសង្គ្រោះជាតិ ក្នុងការធ្វើបាតុកម្មនាពេលខាងមុខនោះ ឬការចរចារគ្នានោះទេប៉ុន្តែរដ្ឋាភិបាលត្រូវតែចូលរួមក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជៀសវាងកើតមាននូវអំពើហិង្សាណាមួយដោយយកថាហេតុ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បន្ថែមថា បេសកម្មការទូតរបស់លោក ម៉ាក់ហ្គោដឌីង បានរឹតចំណងការទូតកម្ពុជានិងអង់គ្លេសកាន់តែមានភាពរឹងមាំនិងរីកចម្រើនបន្ថែមទៀត ជាពិសេសបានជួយកម្ពុជាក្នុងការពន្លឿនលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឲ្យឈានទៅមុខ និង បានជួយថែរក្សាស្ថិរភាពសុន្តិសុខ នាកំឡុងពេលដែលគណបក្សប្រឆាំងធ្វើបាតុកម្មកន្លងមក។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលកំពុងបន្តដោះស្រាយនយោបាយ នៅក្រោយការបោះឆ្នោតដែលសេសសល់បន្តិចបន្ទួច។
ចំពោះសភាពការណ៍នយោបាយនៅកម្ពុជាវិញ អ្នកការទូតអង់គ្លេសចប់អាណត្តិរូបនេះបានលើកឡើងថា ប្រទេសកម្ពុជាមានការវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកម្ពុជាកំពុងតែឈរលើមាគារយ៉ាងល្អ និងមានការចូលរួមផុសផុលពីសំណាក់យុវជនក្នុងឆាកនយោបាយ។ លោកការទូតបានវាយតម្លៃខ្ពស់ ចំពោះស្ថានភាពនៃការបោះឆ្នោតនៅកម្ពុជាប្រកបដោយសិរីនិងគ្មានអំពើហឹង្សា ដែលជាប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជា ហើយក៏ជាគំរូសម្រាប់ប្រទេសមួយចំនួនទៀតដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ។
បើយោងតាមសេចក្តីប្រកាសព័តមានរបស់គណបក្សសង្គ្រោះជាតិចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ពីគម្រោងរៀបចំកម្មវិធីប្រមូលផ្តុំមហាជន នៅខែធ្នូ ឆ្នាំ២០១៣ ដែលរួមមានការជួបជុំនៅខេត្តសៀមរាបកម្មវិធីថ្នាក់ដឹកនាំចុះទៅតំបន់ប្រាសាទព្រះវិហារ ចូលតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ និងការជួបជុំធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ។
តាមសេចក្តីប្រកាសនោះបានឲ្យដឹងទៀតថា នៅថ្ងៃទី១០ ខែធ្នូ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងមហាជន នឹងរៀបចំទិវាអបអរសាទរសិទ្ធិមនុស្ស អន្តរជាតិ នៅខេត្តសៀមរាប។ ចំណែកនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទៅតំបន់ប្រាសាទព្រះវិហារ។ នៅថ្ងៃទី១២ ខែធ្នូ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទៅតំបន់ព្រៃឡង់ ខេត្តកំពង់ធំ និងនៅថ្ងៃទី១៥ ខែធ្នូ នឹងរៀបចំមហាបាតុកម្ម នៅទីលានប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ។ គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែធ្នូ គណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្ម រៀងរាល់ថ្ងៃអាទិត្យ។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិធ្វើគ្រោងធ្វើបាតុកម្មនៅរាជធានីភ្នំពេញនៅ១៥ខែធ្នូឆ្នាំ២០១៣ខាងមុខនេះតទៅរហូតដល់មានកាចរចារណាមួយ ឬការដោះស្រាយទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋចង់បាននៅថ្ងៃបោះឆ្នោត។ លើសពីនេះចង់ឲ្យមតិជាតិ និងអន្តរជាតិឃើញពីការពិតដែលប្រជាជនកម្ពុជាចង់បាន៕ ដោយ៖ សស្អាត