ភ្នំពេញ៖ បញ្ហាះដោយស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការដែលកំពុងតែពេញនិយម និងមានប្រជាប្រិយភាព មិនថាតែក្នុងព្រះរាជាណាចក្រកម្ពុជាយើងទេ គឺទូទាំងសាកលលោកតែម្តង ព្រោះ យន្តការនេះធានាអោយពលរដ្ឋជាទូទៅអាចរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមតាមរយៈការ ដោះស្រាយវិវាទនានា ដោយប្រើនីតិវិធីសម្រុះសម្រួល ដែលនាំមកនូវការយោគយល់គ្នា។
នេះជាការលើកឡើងរបស់លោក ហ៊ី សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងយុត្តិធម៌ ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលា «ផ្សាព្វផ្សាយព័ត៌មានមណ្ឌលសេវាកម្មយុត្តិធម៌ និងបញ្ញត្តិស្តីពីអាពាហ៍ពិពាហ៍-ការចុះបញ្ជី» នាថ្ងៃទី ២៥ វិច្ឆិកា ២០១៣នេះ ដែលមានការចូលរួមពីអាជ្ញាធរ សង្កាត់ ខណ្ឌ និងប្រជាពលរដ្ឋប្រមាណជា ២១០នាក់ នៅសាលប្រជុំសាលាគរុកោសល្យមត្តេយ្យមជ្ឈឹម រាជធានីភ្នំពេញ។
លោកបន្ថែមទៀតថាការផ្តល់សេវាយុត្តិធម៌នៅថ្នាក់មូលដ្ឋានត្រូវបានផ្តល់ជូនប្រជាពលរដ្ឋក្នុងលក្ខណៈជាការផ្សះផ្សា សម្រុះសម្រួលវិវាទ និងផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ដោយមិនគិតកម្រៃពីប្រជាពលរដ្ឋ។ ចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០០៦ ដល់ខែមីនា ឆ្នាំ ២០១០ ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃបានបង្កើតអោយមានមណ្ឌលសេវាកម្មយុត្តិធម៌ថ្នាក់ក្រុង-ស្រុក សាកល្បងចំនួន ២០ មណ្ឌល និងគណៈកម្មាធិការដោះស្រាយទំនាស់ឃុំ-សង្កាត់ចំនួន៥៦ មណ្ឌល រួមមានខេត្តចំនួន៦ ដូចជា៖ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង សៀមរាប រតនគិរី និងខេត្តមណ្ឌលគិរី។
លោកបញ្ជាក់ដែរថា ដើម្បីសម្រេចបាននូវគោលដៅនេះឱ្យតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលលើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺជាគោលនយោបាយអាទិភាពទី៥ នៃកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្រសួងយុត្តិធម៌បានធ្វើការបេ្តជ្ញាចិត្តដូចជា៖ ទី១ ជំរុញឱ្យមានការកសាង និងការអនុម័តបទបញ្ញាត្តិផ្សេងៗដើម្បីគាំទ្រយន្តការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋាន, ទី២ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹង និង ពង្រីកមណ្ឌលសេវាកម្មយុត្តិធម៌នៅទូទាំងប្រទេស,និងទី៣នោះត្រូវពង្រីកការផ្សាយពីនីតិវិធីបច្ចេក ទេសនៃការផ្សះផ្សាសម្រុះសម្រួលដោះស្រាយវិវាទនិងច្បាប់ទូទៅតាមមធ្យោបាយផ្សេងៗឱ្យកាន់តែ ទូលំទូលាយ ដល់អាជ្ញាធរមូលដ្ឋាន និងសាធារណៈជនទូទៅ។
អគ្គនាយករង និងជាប្រធានគម្រោងសិទ្ធិទទួលបានយុត្តិធម៌ លោក ប៊ុនយ៉ៃ ណារិន បានប្រាប់ឱ្យ ដឹងថា បើតាមស្ថិតដោះស្រាយវិវាទ និងប្រឹក្សាយោបល់ជូនប្រជាពលរដ្ឋដែលគម្រោងសិទ្ធិទទួលបាន យុត្តិធម៌សម្រេចបានក្នុងរយៈពេល៩ខែនៃឆ្នាំ ២០១៣ រួមមាន៖ ១-ផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់សរុបចំនួន១១១២ករណីក្នុងនោះមណ្ឌលសេវាកម្មយុត្តិធម៌ខណ្ឌទាំង៩នៃរាជធានីភ្នំពេញមានចំនួន ៣៧៣ករណី។ ២-ទទួលធ្វើការសម្រុះសម្រួល ផ្សះផ្សាវិវាទសរុបមាន២៥១៤ករណីមានមណ្ឌលសេវា កម្មយុត្តិធម៌ខណ្ឌ៩នៅក្រុងភ្នំពេញមានចំនួន២៨៩ករណី។
លោកបានសង្កត់ធ្ងន់ថាគោលបំណងនៃសក្ខិាសាលានេះគឺធ្វើឡើងដើម្បីផ្សព្វផ្សាយព័ត៌មាន អំពីក្រមរដ្ឋប្បវេណីបញ្ញាត្តិដែលពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍និងការចុះបញ្ជីនៅតាមមណ្ឌលសេវាកម្មយុត្តិធម៌ ជូនដល់មន្រ្តីរាជការថ្នាក់ខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលនៅក្នុងរាជធានីភ្នំពេញ។
ក្នុងនាមជាតំណាងអាជ្ញាធរថ្នាក់មូលដ្ឋាន លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បង្ហាញនូវឆន្ទះរបស់ខ្លួនថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ក្នងគោលដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនិងកាត់បន្ថយការកកស្ទះសំណុំរឿងមិនចាំបាច់នៅតាមសាលាដំបូង និងអាជ្ញាធរមូលដ្ឋាន។ លោកអភិបាលរងរាជធានីភ្នំពេញរូបនេះក៏បានជំរុញឱ្យមន្រ្តីថ្នាក់មូលដ្ឋានជួយផ្សព្វផ្សាយច្បាប់ខាងលើនេះកាន់តែទូលំទូលាយនិងស្របតាមគោលនយោបាយបង្ខិតសេវាយុត្តិធម៌អោយនៅជិតប្រជាពលរដ្ឋ៕ ដោយ៖ មករា