ភ្នំពេញ៖ មន្រ្ដីប៉ូលីសជាន់ខ្ពស់កម្ពុជា បានអះអាង ថា អាជ្ញាធរកម្ពុជា កំពុងតែស្វែងចាប់ខ្លួនមហាសេដ្ឋីជនជាតិរុស្ស៊ី លោក សឺហ្គេ ប៉ូលុនស្គី (Sergei Polonsky) ដែលព្រះរាជអាជ្ញារុស្ស៊ី កំពុងតែស្វះស្វែងការស្នើសុំកម្ពុជា ធ្វើបត្យាប័ន។លោក គៀត ច័ន្ទថារិទ្ធអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹង ថា អាជ្ញាធរកម្ពុជា នឹងតាមចាប់ខ្លួនមហាសេដ្ឋីជនជាតិរុស្ស៊ី លោក សឺហ្គេ ប៉ូលុនស្គី ដែលគេចមកស្នាក់នៅប្រទេសកម្ពុជា បន្ទាប់ពីបោះបង់ចោលក្រុមហ៊ុនអចលនទ្រព្យ កំពុងជាប់បំណុលនៅក្នុងប្រទេសរុស្ស៊ី។
លោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹង ថា ការសម្រេចតាមចាប់ខ្លួនមហាសេដ្ឋីរុស្ស៊ីនេះ គឺធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាលរុស្ស៊ី ហើយអាជ្ញាធរកម្ពុជា បានកំពុងអនុវត្តការងារនេះ ដោយទទួលបានព័ត៌មានថា មហាសេដ្ឋីរូបនោះកំពុងស្នាក់នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
គួរបញ្ជាក់ ថា ព្រះរាជអាជ្ញាជនជាតិរុស្ស៊ី បានស្នើសុំជាផ្លូវការហើយក្នុងការឲ្យកម្ពុជាធ្វើបត្យាប័ន នៅពេលចាប់ខ្លួន លោក Sergei Polonskyបាន។លោក ប៉ូលុនស្គី ត្រូវតុលាការរុស្ស៊ីចោទប្រកាន់ថា បានបោះបង់ចោលក្រុមហ៊ុនអចលនទ្រព្យ ដែលកំពុងជាប់បំណុលនៅក្នុងប្រទេសរុស្ស៊ី ហើយបានរត់មកជ្រកកោនលើកោះឯកជនមួយ ក្នុងដែនទឹកកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕ ដោយ៖ រតនា