ភ្នំពេញ៖ មូលនិធិកេរ្តិ៍តំណែលខ្មែរ មានបំណងស្នើសុំទៅអង្គការយូណេស្កូដើម្បីដាក់ប្រាសាទកោះកេរ្តិទៅក្នុងបញ្ជីបិតិកភណ្ឌពិភពលោក ដើម្បីឲ្យអង្គការពិភពលោក និងប្រទេសជាសមាជិកមានការជួយជួសជុលទៅលើប្រសាទណាមួយ និង ជួយអភិរក្សជាសម្បត្តិមនុស្សជាតិ ។ ព្រោះថា ប្រាសាទកោះកេរ្តិ ត្រូវបានរងនូវការបំផ្លិចបំផ្លាញជាច្រើនពីភ្លើងសង្រ្គាមដ៏រ៉ាំរ៉ៃ និង រងនូវការលួចជីកគាស់កកាយយកនូវវត្ថុសិល្បៈអស់រាប់រយមុខពីក្នុងនោះ ទៅលក់ឲ្យបរទេស។
នេះជាការលើកឡើងរបស់ លោក ចិន្ត ច័ន្ទរតនា ប្រធានមូលនិធិកេរ្តិ៍តំណែលខ្មែរ នៅក្នុងឱកាសដែលលោកត្រូវបានអនុញ្ញាតិឲ្យដឹកនាំប្រតិភូមួយក្រុមនៃមូលនិធិកេរ្តិ៍តំណែលខ្មែរចូលជួបពិភាក្សានិងសម្តែងការគួរសម ជាមួយលោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន កាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៣នេះនៅអគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
លោក ចិន្ត ច័ន្ទរតនា បានជម្រាបជូនថា ហេតុផលដែលយើងចង់ស្នើសុំអង្គការយូណេស្កូ ដាក់បញ្ចូលប្រាសាទកោះកេរ្តិ៍ទៅក្នុងសម្បត្តិមនុស្សជាតិនេះ ព្រោះថា កោះកេរ្តិ៍ ជារាជធានីបុរាណមួយ ដែលបានរងការខូចខាតយ៉ាងតំណំពីសង្រ្គាម និងរងនូវការបំផ្លិចបំផ្លាញដោយ ការលួចជីកគាស់កកាយយកនូវវត្ថុសិល្បៈរាប់រយមុខ។
ដូច្នេះក្រោយពេលក្លាយជាសម្បត្តិ វប្បធម៌ពិភពលោកហើយនោះយើងអាចស្នើដល់អង្គការបិតិកភណ្ឌពិភពលោក និងប្រទេសជាសមាជិកនៃអង្គការនេះជួយជួសជុលប្រាសាទណាមួយទៅតាមលទ្ធភាព ឬ ក៏គេអាចជួយស្រាវជ្រាវបន្តទៀត។ ម៉្យាងទៀតគឺជួយលើកតម្លៃនៅតំបន់កោះកេរ្តិ៍ដូចនៅតំបន់អង្គរដែលត្រូវបានអង្គការជាច្រើនចូលមក
ជួយជួសជុលនិងថែទាំ។ កបន្តថា ក្រៅពីការថែទាំ និងជួយជួសជុល យើងនូវអាចស្នើឲ្យគេជួយទាមទានូវវត្ថុបុរាណមួយចំនួនដែលបានបាត់បង់ បើទោះបីជានៅទីណាកន្លែងណាឬក៏ប្រទេសណាក៏ដោយ។
លោក ជា ច័ន្ទបរិបូណ៍ បានមានប្រសាសន៍សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង នូវគំនិត ស្នើសុំរបស់មូលនិធិកេរ្តិ៍តំណែលខ្មែរ ដែលចង់ស្នើសុំទៅអង្គការយូណេស្កូបញ្ចូលកោះកេរិ៍្តទៅជាសម្បត្តិវប្បធម៌បិតិកភណ្ឌពិភពលោក ដើម្បីឲ្យពិភពលោកទាំងមូលបានស្គាល់ និងបានដឹងកាន់តែច្បាស់ថែមទៀតថា កម្ពុជានៅមានសម្បត្តិវប្បធម៌ជាច្រើនទៀតដែលត្រូវស្នើសុំអង្គការយូណេស្កូ និងអង្គការនៃប្រទេសជាសមាជិកជួយជួសជុលនិងថែទាំឲ្យបានគង់វង្សយូអង្វែង ។
ជាមួយគ្នានោះលោករដ្ឋលេខាធិការក្រសួងព័ត៌មានក៏បានជម្រុញឲ្យមូលនិធិកេរ្តិ៍ដំណែលខ្មែរ ត្រៀមរៀបចំឯកសារពាក់ព័ន្ធផ្លូវការនានាដាក់ជូនទៅស្ថាប័នជាតិ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ពិសេសត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសក្កានុពល និងភាពទាក់ទាញរបស់ប្រាសាទកោះកេរ្តិ៍បន្ថែមទៀតតាមប្រព័ន្ធឃោសនាក្នុងនិងក្រៅស្រុកឲ្យបានយ៉ាងតិច៣ភាសារ និងត្រឹមត្រូវតាមផ្លូវច្បាប់ ។ ធ្វើយ៉ាងនេះដើម្បីបង្ហាញពីរាជធានីដំបូងគេឲ្យអង្គការយូណេស្កូបានដឹង និង ជួយអភិរក្ស និងបង្ហាញឲ្យពិភពលោកបានស្គាល់ពីតំបន់កោះកេរ្តិ៍ដូចស្គាល់អង្គវត្តរបស់យើងដែរហើយអាចថ្ពក់យកភ្ញៀវទេសចរណ៍អន្តរជាតិឲ្យមកទស្សនាតំបន់កោះកេរ្តិ៍កាន់តែច្រើន ដើម្បីជម្រុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិតាមរយៈវប្បធម៌ទេសចរណ៍របស់យើង។
លោកសង្កត់ធ្ងន់ថា យើងនៅមានតំបន់វប្បធម៌ដ៏សម្បូរបែប និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើនទៀត ដែលត្រូវដាក់បង្ហាញឲ្យពិភពលោកបានដឹង និងស្គាល់ដូចជាប្រាសាទកោះកេរ្តី ជាដើម។ យ៉ាងណាក៏ដោយលោកបានជម្រុញនដល់ក្រសួងសាម៉ី និងស្ថាប័នជាតិពាក់ព័ន្ធធ្វើ យ៉ាងណានាំគ្នាយកនូវកំណប់ទ្រព្យ ដែលកម្ពុជាមានមកទាក់ទាញអារម្មណ៍អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ព្រោះថាវិស័យទេសចរណ៍គឺជាឧស្សាហកម្មគ្មានផ្សែងដែលអាចរកចំណូលចូលជាតិបានជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ។
ទាក់ទិននឹងបញ្ហាខាងលើនេះ ពុំអាចសុំការអធិបាយបានពីលោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រមសិល្បៈ ដោយលោកមានប្រសាសន៍ថាជាប់រវល់ប្រជុំជាមួយលោកស្រីរដ្ឋមន្រ្តី ។សូមបញ្ជាក់ថា ប្រាសាទកោះកេរ្តិ៍ បច្ចុប្បន្នស្ថិតនៅភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយ១២០គីឡូម៉ែត្រពីខេត្តសៀមរាប និងមានចម្ងាយ៣៦៥គីឡូម៉ែត្រពី រាជធានីភ្នំពេញ ។
ប្រាសាទកោះកេរ្តិ៍ បានកសាងឡើងនៅឆ្នាំ៩២១នៃគ្រឹះសករាជ ដោយព្រះបាទជ័យវរន្ម័នទី៤ ដែលទ្រង់បានសោយរាជជាព្រះរាជារបស់កម្ពុជានៅឆ្នាំ៩២៨ ហើយកោះកេរ្តិ៍បានក្លាយជារាជធានីនៅឆ្នាំ៩២១រហូតដល់ឆ្នាំ៩៤៤ រយៈពេលជាង២០ឆ្នាំព្រះអង្គបានកសាងនូវប្រាសាទ រចនាសម្ព័ន្ធ អាងនិងបារាយ ជាច្រើន ទុកជាកេរ្តិ៍មរកតដ៏មហាសាលរហូតមកដល់បច្ចុប្បន្ននេះ៕ដោយ៖ សស្អាត