ភ្នំពេញ៖ ឆ្នាំ២០១៤បានកំណត់តម្លៃពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នូវអត្រាយកពន្ធផ្លូវជាថ្មី ក្នុងនោះរថយន្តស៊េរីទំនើបៗ មានតម្លៃពន្ធផ្លូវ កើនឡើង ។ ប៉ុន្តែការយកពន្ធផ្លូវ លើរថយន្តលក្ខណៈទេសចរណ៍ ត្រូវគិតតាមកម្លាំងម៉ាស៊ីន និងគិតពីឆ្នាំផលិត ដោយមានចែកចេញជា៣កម្រិត ដែលបានកំណត់នៅក្នុងច្បាប់ថវិកាជាតិ ។តម្លៃពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទឆ្នាំ២០១៤ ត្រូវបានកំណត់ជាថ្មី ដូចខាងក្រោម៖ -ទំហំស៊ីឡាំង របស់រថយន្តទេសចរណ៍គ្រប់ប្រភេទ ត្រឹម ១.៥០០ សង់ទីម៉ែត្រគូប គិតពីឆ្នាំផលិតដល់៥ឆ្នាំ តម្លៃ ១៥០.០០០ រៀល។ លើសពី៥ ឆ្នាំ ដល់១០ ឆ្នាំ ១០០.០០០ រៀល និង លើសពី១០ឆ្នាំ តម្លៃ ៨០.០០០ រៀល។ចំពោះទំហំស៊ីឡាំងលើសពី១.៥០០ សង់ទីម៉ែត្រគូប ដល់ ២.០០០ សង់ទីម៉ែត្រគូប គិតពីឆ្នាំផលិត ដល់ ៥ ឆ្នាំ តម្លៃ ២០០.០០០ រៀល។ លើសពី ៥ ឆ្នាំដល់ ១០ ឆ្នាំ តម្លៃ ១៥០.០០០ រៀល និង លើសពី ១០ ឆ្នាំ តម្លៃ ១០០.០០០ រៀល។ទំហំស៊ីឡាំង លើសពី ២.០០០ សង់ទីម៉ែត្រគូប ដល់ ២.៩០០ សង់ទីម៉ែត្រគូប គិតពីឆ្នាំផលិត ដល់ ៥ ឆ្នាំ តម្លៃ ៦០០.០០០ រៀល។ លើសពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ តម្លៃ ៤០០.០០០ រៀល និងលើសពី ១០ ឆ្នាំ តម្លៃ ២៥០.០០០ រៀល។
ទំហំស៊ីឡាំង លើសពី ២.៩០០ សង់ទីម៉ែត្រគូប ដល់ ៤.០០០ សង់ទីម៉ែត្រគូប គិតចាប់ពីឆ្នាំផលិត ដល់ ៥ ឆ្នាំ តម្លៃ ១.៦០០.០០០ រៀល។ លើសពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ តម្លៃ ១.០០០.០០០ រៀល និងលើសពី ១០ ឆ្នាំ តម្លៃ ៦០០.០០០ រៀល។ទំហំស៊ីឡាំង លើសពី ៤.០០០ សង់ទីម៉ែត្រគូប ឡើងទៅ គិតចាប់ពីឆ្នាំផលិត ដល់ ៥ ឆ្នាំ តម្លៃ ២.០០០.០០០ រៀល។ លើសពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ តម្លៃ ១.២០០.០០០ រៀល និងលើសពី ១០ ឆ្នាំ តម្លៃ ៨០០.០០០ រៀល។សូមបញ្ជាក់ថា ពន្ធផ្លូវសម្រាប់ឡាន ត្រូវបានកំណត់ឡើងថ្លៃ នៅក្នុងច្បាប់ថវិកាជាតិ កាលពីឆ្នាំ២០១០។ ច្បាប់ថវិកាជាតិឆ្នាំ២០១០ បានកំណត់តម្លើងពន្ធផ្លូវ ចាប់ពីរថយន្ត មានកម្លាំងពី ២.២០០ សង់ទីម៉ែត្រគូប ដែលជារថយន្តស៊េរីអាឆ្លាមឡើងទៅ។ ពន្ធផ្លូវនោះ ត្រូវបានឡើងទ្វេដងពី១៨ ម៉ឺនរៀល ទៅ ៣៦ ម៉ឺនរៀល។ ចំណែករថយន្តស៊េរីខ្ពស់ ដូចជាឡង់គ្រឹះស័រ និងឡិចស៊ីស ៤៧០ ធ្លាប់បង់ពន្ធផ្លូវ ១ លានរៀល នៅឆ្នាំ២០១០ ត្រូវបង់ពន្ធផ្លូវ២ លានរៀល៕
ដោយ៖ ស.ស្អាត