ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប គ្រោងនឹងបើកកិច្ចប្រជុំ មួយនៅខេត្ត ព្រះសីហនុ នៅចុងខែវិច្ឆិកានេះ ដើម្បីបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥។យោងតាមសេចក្តីប្រកាសព័ត៌មានដែល គ.ជ.ប ផ្ញើតាមសារអេឡិចត្រូនិកកាលពីថ្ងៃម្សិលមិញបានអោយដឹងថា កិច្ចប្រជុំរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ខែវិច្ឆិកាត្រូវបាន គ.ជ.ប រៀបចំឡើង។ហើយគ្រោងនឹងអញ្ជើញអ្នកចូលរួមប្រមាណ២៥០នាក់ ដែលជាសមាជិកគ.ជ.ប មន្ត្រី គ.ជ.ប មន្ត្រីលខាធិការរដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោតទាំង២៤ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ តំណាងគណបក្សនយោបាយ និងអ្នកសង្កេតការបោះឆ្នោតជាតិ និងអន្តរជាតិ។
ទាក់ទងខ្លឹមសារលំអិតនៃកិច្ចប្រជុំនេះ គេហទំព័រយល់ដឹង មិនអាចសុំការបញ្ជាក់ពីលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានទេ នៅព្រឹក្សាថ្ងៃទី១៣នេះ ដោយសារទូរស័ព្ទរបស់លោករោទិ៍ ប៉ុន្តែគ្មានអ្នកទទួល។ក្នុងខែតុលាកន្លងទៅនេះ គ.ជ.ប បានចុះឈ្មោះអ្នកបោះឆ្នោតថ្មី ដែលធ្វើរៀងរាល់ឆ្នាំចប់សព្វគ្រប់កាលកំណត់អស់ហើយ។ដោយឡែកឆ្នាំ២០១៤ខាងមុខ គ.ជ.ប គ្រោងនឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌនៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៤ផងដែរ ប៉ុន្តែវាជាការបោះឆ្នោតអសាកល និងមិនសូវចាប់អារម្មណ៍ឃ្លាំមើលពីអង្គការធ្វើការពាក់ព័ន្ធការបោះឆ្នោតនោះទេ។
តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌមាត្រា២ចែងថា ក្រុមប្រឹក្សានេះមានអាណត្តិ៥ឆ្នាំហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានរៀចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៥អាណត្តិមកហើយ ចាប់តាំងពីឆ្នាំ១៩៩៣ ដែលកាលនោះបានរៀបចំឡើងដោយអ៊ុនតាក់៕ ដោយ៖ រតនា