ភ្នំពេញ៖ បេក្ខជនជាប់ឆ្នោតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ នឹងចុះតាមមន្ទីរពេទ្យនានា ដើម្បីសួរសុខទុក្ខបាតុករ ដែលរងរបួស ដោយសារការបង្ក្រាបដោយអំពើហិង្សាមកលើក្រុមកម្មកររោងចក្រSL នៅមុខវត្ដស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ នេះបើយោងតាម សេចក្ដីជូនដំណឹងរបស់គណបក្សសង្រ្គោះជាតិ។កាលពីថ្ងៃម្សិលមិញ គណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើអំពើហិង្សារបស់អាជ្ញាធរប៉ូលីសមកលើកម្មកររោងចក្រSL ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់និងរងរបួសជាច្រើននាក់នៅខាងមុខវត្ដស្ទឹងមានជ័យរាជធានីភ្នំពេញនាថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៣។នៅក្នុងសេចក្ដីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិបានលើកឡើងថាគណបក្សសង្រ្គោះជាតិមានការសោកស្ដាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នៃការប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរប៉ូលីសមកលើកម្មករដោយគ្រាន់តែពួកគេធ្វើការដង្ហែក្បួនបាតុកម្មដោយសន្ដិវិធីដើម្បីទាមទារឲ្យថៅកែរោងចក្រគោរពច្បាប់ការងារនិងអនុវត្ដកិច្ចសន្យាដែលបានព្រមព្រៀងគ្នាកន្លងមកជាមួយគ្នានេះគណបក្សសង្រ្គោះជាតិក៏បានអំពាវនាវឲ្យអាជ្ញាធរប៉ូលីសត្រូវរិះរកគ្រប់វិធីក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធីដោយបញ្ឈប់អំពើហិង្សាលើកម្មករដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរងរបួសទៀត។
គួរបញ្ជាក់ថាកាលពីម៉ោងប្រមាណជា១២ថ្ងៃត្រង់នាព្រឹកថ្ងៃទី១២ខែវិច្ឆិកាកងកម្លាំងមានសមត្ថកិច្ចបានបាញ់កាំភ្លើងខ្លីនិងបាញ់គ្រាប់បែកផ្សែងនាំឲ្យរបួសបាតុករជាច្រើននាក់។ ដោយឡែកស្ត្រីម្នាក់ឈ្មោះអេងសុខុមជាអ្នកលក់បាយនៅខាងមុខផ្សារស្ទឹងមានជ័យបានស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើងនៃការបង្រ្កាបរបស់សមត្ថកិច្ចលើហ្វូងបាតុករ។យ៉ាងណាក៏ដោយ អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ ថា សមត្ថកិច្ចបានប្រើវិធានការសមស្របការពារខ្លួននៅពេលទង្គិចជាមួយកម្មកររោងចក្រSL និងSL2 កាលពីព្រឹកថ្ងៃអង្គារ។នៅក្នុងសេចក្ដីថ្លែងការណ៍នោះ បានឲ្យដឹងថាក្នុងព្រឹត្តិការណ៍នៃការប៉ះទង្គិចនោះជនឱកាសនិយមមួយក្រុមដែលមិនមែនជាកម្មករបានឆ្លៀតញុះញង់បញ្ឆេះបង្កឲ្យមានអំពើហិង្សាមលើសមត្ថកិច្ចដោយគប់ដុំថ្មបាញ់ទឹកចំពាមគ្រាប់ដែកនិងវាយដុតបំផ្លាញមធ្យោបាយព្រមទាំងហ៊ុំព័ទ្ធចាប់ខ្លួនកងកម្លាំងសមត្ថកិច្ចចំនួន៥នាក់នៅវត្តស្ទឹងមានជ័យ។សេចក្តីថ្លែងការណ៍បន្តថាស្ថិតក្នុងស្ថានភាពបែបនេះចាប់បង្ខុំឲ្យកងកម្លាំងមានសមត្ថកិច្ចត្រូវប្រើប្រាស់វិធានការសមស្របដើម្បីការពារខ្លួនរាំងស្កាត់អំពើហិង្សាកុំឲ្យរីករាលដាលនិងការពារសន្តិសុខសុវត្ថិភាពជូនកម្មករដែលធ្វើបាតុកម្មដោយសន្តិវិធី។អគ្គស្នងការដ្ឋាននគរបាលជាតិបន្តថាកម្លាំងសមត្ថកិច្ចរងរបួសធ្ងន់និងស្រាលមានចំនួន៤៧នាក់ស្លាប់ពលរដ្ឋ១នាក់របួសធ្ងន់ស្រាល៩នាក់ខូចខាតរថយន្ត២គ្រឿងម៉ូតូ២គ្រឿងរបស់កម្លាំងសមត្ថកិច្ចដោយសារការដុតបំផ្លាញនិងធ្វើឲ្យបែកកញ្ចក់រថយន្តអគ្គិភ័យ២គ្រឿង។អគ្គស្នងការដ្ឋាននគរបាលជាតិសូមសម្តែងការសោកស្តាយជាទីបំផុតចំពោះហេតុការណ៍ដែលបានកើតឡើង៕
ដោយ៖ គង់ រតនា