ភ្នំពេញៈ ក្រសួងព័ត៌មានគ្មានមានបំណងបិទបណ្តាញ ទំនាក់ទំនងសង្គមដែលងាយនឹងបង្កើតដោយមិនបាច់ សុំ ច្បាប់អ្នកណា ងាយនឹងបញ្ជូនព័ត៌មាន និងរូបភាពគ្រប់ប្រភេទ ដោយមិនបាច់គិតទៅដល់ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន ហើយដែល នៅលើពិភពលោកទាំងមូលអាចទទួលបាននោះ ។
នេះជាការប្រកាសសារជាថ្មីម្តងទៀតរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ថ្លែងនៅក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៣ និងទិសដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ ២០១៤ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅទីស្តីការក្រសួងព័ត៌មាន ។
លោក ខៀវ កាញារីទ្ធ ក៏បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម ហ៊ុនឯកជន និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលបាន និងកំពុងពង្រឹងពង្រីកគុណភាព ប្រសិទ្ធភាព និងវិសាលភាព នៃការផ្សព្វផ្សាយរបស់ខ្លួនយ៉ាងផុលផុស និងមាន លក្ខណៈប្រកួតប្រជែងលើទីផ្សារ ក្នុងការផ្តល់សេវា ផ្តល់ព័ត៌មាន ការអប់រំ និងការកម្សាន្ត ជូនប្រជាពលរដ្ឋគ្រប់ទិសទី ។
លោកបន្ថែមថា ទន្ទឹមនឹងការរីកចម្រើននេះដែរក៏មានមធ្យោបាយផ្តល់ព័ត៌មានថ្មីមួយទៀតគឺបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, Twitter, Google, What’s App.. ដែលងាយនឹងបង្កើត ដោយមិនចាំបាច់សុំច្បាប់អ្នកណា ងាយនឹងបញ្ជូនព័ត៌មាន និងរូបភាពគ្រប់ប្រភេទ ដោយមិនបានគិតទៅដល់ក្រម សីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ហើយដែលនៅលើពិភពលោកទាំងមូលអាចទទួលបាន ហើយត្រូវបានមនុស្សជាច្រើននិយមប្រើប្រាស់យ៉ាងគំហុកក្នុងឆ្នាំ ២០១៣ កន្លងមកនេះ ។
លោកបានបញ្ជាក់ថា ការលេចឡើងនូវបណ្តាញទំនាក់ទំនងសង្គមនេះ គឺវិញ្ញាសាមួយដ៏ស្មុគស្មាញសម្រាប់ក្រសួងព័ត៌មាន ព្រោះថា វាក៏មានជ្រុងវិជ្ជមាន និងអវិជ្ជ មានដើរទន្ទឹមគ្នា ។ ជ្រុងវិជ្ជមានគឺរហ័សងាយស្រួលនៅទីណា ពេលណាក៏បាន ហើយ ពិភពលោកទាំងមូល អាទទួល បានគ្រប់ទិន្នន័យដែលផ្សាយចេញពីបណ្តាញទាំងនេះ ។
លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ជ្រុងអវិជ្ជមានគឺអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងនោះគ្មានសីលធម៌ ដោយ យកបណ្តាញទាំងនេះធ្វើជាវេទិកាជេរប្រមាថ មូលបង្កាច់ បំភ្លៃ បំផ្លើស ញុះញង់ អុជអាល បញ្ឆេះកំហឹង ប្រើពាក្យសំដីអសុរស ប្រើរូបភាពកាត់ត ប្រើរូបភាពអាសអាភាសគ្មានសីល ធម៌ ដែលផ្ទុយទាំងស្រុងទៅនឹងក្រមសីលធម៌ ផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាន ផ្ទុយពី ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជនកម្ពុជា ។លើសពីនេះទៅទៀត អ្នកប្រើ ប្រាស់ បណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានឈានទៅដល់ ប្រមាថមើលងាយដល់ អង្គព្រះមហាក្សត្រ ដែលជាទីសក្ការៈ ហើយតាមស្មារតីនៃរដ្ឋធម្មនុញ្ញគ្មាននរណាម្នាក់អាច ប៉ះពាល់បានទៀតផង ដែលនេះជាវិញ្ញាសារមួយ ដែលយើងទាំងអស់គ្នាត្រូវពិនិត្យពិចារណា ៕ ដោយ៖ ភីន រ៉ា