ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានមានប្រសាសន៍ថា នឹងមានបេក្ខជនជាង៣ពាន់នាក់គ្រោងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌនៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៤ខាងមុខ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអោយដឹង នៅថ្ងៃទី១១ខែវិច្ឆិកានេះថា ថ្វីត្បិតតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើប្រតិទិនសម្រាប់ការបោះឆ្នោតនិងការចុះឈ្មោះសម្រាប់បេក្ខជនឈរឈ្មោះបោះមិនចប់ពិតមែន ប៉ុន្តែគេអាចសន្និដ្ឋានបានថា ចំនួនតួលេខបេក្ខជនបណ្តោះអាសន្នមានចំនួនជាង៣ពាន់នាក់នៅទូទាំងប្រទេស។
តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌមាត្រា២ចែងថា ក្រុមប្រឹក្សានេះមានអាណត្តិ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។
លោក ទេព នីថា បញ្ជាក់ បើមិនមានការចុះឈ្មោះបេក្ខជនថ្មីទេ គ.ជ.ប នឹងយកឈ្មោះបេក្ខជនចាស់ដដែល។អង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិចនឹងមិនដាក់ភ្នាក់សង្កេតការបោះឆ្នោតនោះទេដោយសារការបោះឆ្នោតរបស់ក្រុមប្រឹក្សានេះ មិនមែនជាការបោះឆ្នោតជាសាកល ប៉ុន្តែអង្គការរបស់លោកនឹងឃ្លាំមើលជារួមវិញ។
នេះបើតាមការលើកឡើងរបស់ លោក ហង្ស ពុទ្ធា ថ្លែងតាមសារព័ត៌មាននាពេលកន្លងមក។គួរបញ្ជាក់ថា ក្រុមប្រឹក្សា រាជធានី ខេត្តក្រុងស្រុកខណ្ឌ មានរយៈពេល៥ឆ្នាំក្នុង១អាណត្តិ ហើយនេះជាលើកទី២ហើយដែលរដ្ឋាភិបាល បាន រៀបចំការបោះឆ្នោតសម្រាប់ក្រុមប្រឹក្សានេះដែលលើកទី១ធ្វើឡើងនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០០៩៕ដោយ៖ រតនា