ភ្នំពេញ៖ យុទ្ធនាការចាក់ថ្នាំបង្កាជំងឺកញ្រ្ជិលនិងស្អូច ទៅលើកុមារដែលមានអាយុចាប់ពី៩ខែដល់១៥ឆ្នាំ ត្រូវបានធ្វើការគ្របដណ្តប់ទៅលើកុមារនៅទូទាំងប្រទេសចំនួន១លាននាក់។ នេះបើតាមលោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងកាលពីដើមសប្តាហ៍នេះ។
លោកម៉ម ប៊ុនហេង បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ក្នុងដំណាក់កាលទី១នៃយុទ្ធនាការមុខបី ដើម្បីចាក់ថ្នាំបង្ការកុមារកម្ពុជាសរុប៤លាននាក់ ដើម្បីប្រឆាំងទៅនិងជំងឺកញ្ជ្រិលនិងស្អូចដែលបានចាប់ផ្តើមអនុវត្តកាលពីខែតុលាកន្លងមកនេះ មានកុមារប្រមាណ១លាននាក់ត្រូវបានមកទទួលថ្នាំបង្ការនេះគ្រប់ៗគ្នា។ លោកបន្តថា ការទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល និងស្អួចឲ្យបានគ្រប់ៗគ្នា ក្នុងអំឡុងពេលនៃយុទ្ធនាការ ចាប់តាំងពីថ្ងៃទី២១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រព្រឹត្តធ្វើនៅតាមមណ្ឌលសុខភាពគ្រប់ភូមិ-ឃុំ-ស្រុកប្រតិបត្តិ និងតាមប៉ុស្តិ៍ផ្តល់ថ្នាំបង្ការជាច្រើនទៀតផងដែរ។
លោកម៉ម ប៊ុនហេងបានមានប្រសាសន៍ថា៖«បន្ទាប់ពីយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រិល និងស្អូចពីមុខបញ្ចូលគ្នា គឺជាការចាប់ផ្តើមបញ្ចូលនូវវ៉ាក់សាំងថ្មីមួយទៀត ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាលផងដែរ»។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានប្រកាសផងដែរអំពីការដាក់បញ្ជូលវ៉ាក់សាំងប្រភេទថ្មី ក្នុងកាលវិភាគរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដើម្បីការពារកុមារពីការចម្លងជំងឺ ដែលបណ្តាលមកពីវិរូសពីរប្រភេទ គឺកញ្រ្ជិលនិងស្អូច ដោយការដាក់បញ្ជូលគ្នាក្នុងដូសតែមួយ។ ផ្តើមចេញពីយុទ្ធនាការដែលបានធ្វើកន្លងមកនេះ រហូតមកដល់បច្ចុប្បន្នគេសង្កេតឃើញថា កុមារកម្ពុជាមិនកើតជំងឺកញ្ជ្រិល មិនស្លាប់ដោយជំងឺកញ្ជ្រិល ហើយក៏មិនរងគ្រោះ ដោយជំងឺរលាកសួត ជំងឺរាគរូស ខ្វះអាហាររូបត្ថម្ភ ឬពិការភ្នែកដែលបណ្តាលមកពីជំងឺកញ្ជ្រិលទៀតទេ ដូច្នេះការបញ្ចូលវ៉ាក់សាំងជំងឺកញ្ជ្រិលក្នុងយុទ្ធនាការនេះ គឺមានបំណងបន្តបង្កើនការពារជំងឺដល់កុមាររហូតដល់បំបាត់ជំងឺកញ្ជ្រិលអស់ទាំងស្រុង។
លោកPieter Van Maaren តំណាងអង្គការសុខភាពពិភពលោកបានថ្លែងឲ្យដឹងថា ក្នុងរយៈ ពេល៣ខែទៅមុខ កុមារនៅទូទាំងប្រទេសជាង៤លាននាក់ និងបានទទួលថ្នាំបង្ការជំងឺកញ្ជ្រិលរួមបញ្ចូល ជាមួយវ៉ាក់សាំងថ្មីការពារជំងឺស្អូចផងដែរ ដូច្នេះកុមារទាំងអស់បានការពារទល់និងជំងឺកញ្ជ្រិលនិងជំងឺ ស្អូច។ លោកបន្តថា ក្នុងពេលថ្មីៗនេះ មានការផ្ទុះជំងឺស្អូច ធ្វើឲ្យទារកទើបកើតរងផលវិបាកនៃជំងឺស្អូចពី កំណើតដែលបណ្តាលឲ្យទារកពិការភ្នែក គរ ថ្លង់ និងមានជំងឺបេះដូង។ លោកបញ្ជាក់ថា៖«លក្ខណៈ ពិសេសនៃយុទ្ធនាការនេះ គឺផ្តោតទៅលើសហគមន៍ដែលមានហានិភ័យខ្ពស់ និងសហគមន៍ដែលងាយ រងគ្រោះទាំងនេះ មានទីប្រជុំជនមិនទាន់រៀបរយ ប្រជាជនរស់នៅលើទឹក ប្រជាជនចំណាកស្រុក និងប្រជាជនរស់នៅតាមភូមិដាច់ស្រយ៉ាលផងដែរ»។
ការផ្ទុះឡើងនូវជំងឺស្អូច បានកើតឡើងរៀងរាល់២ឬ៣ឆ្នាំម្តងក្នុងប្រទេសកម្ពុជា។ កំណើតក្នុង ចំណោមករណីជំងឺដែលអាចកើនឡើងរហូតដល់១.៤០០នាក់ នៅពេលមានករណីផ្ទុះបានរាលដាលនៃ ជំងឺនេះខ្លាំង ខណៈដែលជំងឺស្អូចភាគច្រើន ត្រូវបានរកឃើញក្នុងចំណោមកុមារអាយុក្រោម១៥ឆ្នាំ មាន ករណីប្រមាណ៣៦ភាគរយ បានកើតមានលើនារីដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ដែលស្រ្តីមាន ផ្ទៃពោះងាយនិងឆ្លងជំងឺនេះហើយកូនរបស់ពួកគេបានរងនូវពិការភាពដោយជំងឺស្អូចពីកំណើត៕ដោយ ៖ អភិរក្ស