ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាបានរៀបចំវគ្គសិក្ខាសាលាស្តីអំពី«ដំណើរការសរសេររបាយកាណ៍អនុសញ្ញាស្តីពីសិទ្ធិជនពិការ» ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីមន្រ្តីផ្តល់ឱកាសឱ្យមន្ត្រីទាំងនោះបានយល់ដឹងពីការត្រៀមខ្លួនធ្វើរបាយការណ៍អនុសញ្ញាស្តីពីសិទ្ធិជនពិការ ដោយផ្តោតលើការពិនិត្យឡើងវិញនូវច្បាប់ និងគោលនយោបាយរួមទាំងការប្រមូលទិន្នន័យ ការសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធដំណាក់កាលពិគ្រោះយោបល់ជាមួយអង្គការជនពិការ និងសង្គមស៊ីវិល។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងក្នុងសិក្ខាសាលាថ្ងៃទី៤ វិច្ឆិកា ២០១៣ នេះស្តីអំពីដំណើរការសរសេររបាយកាណ៍អនុសញ្ញាស្តីពីសិទ្ធិជនពិការនៅសណ្ឋាគារកាំបូឌីយ៉ាណាថា
វគ្គសិក្ខាសាលានេះ គឺមានរយៈពេលពេញ១ថ្ងៃដោយមានសិក្ខាកាមចំនួន៣០រូបចូលរួមឮជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។ លោកបន្តថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីត្រៀមខ្លួនរៀបចំធ្វើរបាយការណ៍របស់រដ្ឋភាគីស្តីពីការចាត់វិធានការនានាដើម្បីអនុវត្តកាតព្វកិច្ចរៀងៗខ្លួនឲ្យមានប្រសិទ្ធភាព តាមអនុសញ្ញាស្តីពីសិទ្ធិជនពិការ។
លោកស្រី វ៉ាន់ ហ៊ីលី ប្រធានការិល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបង្ហាញអំពីគោលការណ៍ណែនាំ និងទម្រង់របាយការណ៍អនុសញ្ញាស្តីពីសិទ្ធិជនពិការ ដោយផ្តោតលើការពិនិត្យឡើងវិញនូវច្បាប់ និងគោលនយោបាយរួមទាំងការប្រមូលទិន្នន័យការសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធដំណាក់កាលពិគ្រោះយោបល់ជាមួយអង្គការជនពិការ និងសង្គមស៊ីវិល ពេលវេលាដែលត្រូវត្រៀមរបាយការណ៍ការបញ្ចប់ និងការដាក់ជូនរបាយការណ៍។ជាមួយគ្នានោះដែរលោកស្រី ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំង៣០រូប ឱ្យផ្តោតយកចិត្តដាក់លើវគ្គនេះផងដែរដើម្បីសរសេររាយការណ៍ទៅអង្គការសហប្រជាជាតិស្តីពីវឌ្ឍនភាពដែលបានសម្រចលើកិច្ចការពិការភាពក្នុងរយៈ២ឆ្នាំ បន្ទាប់ពីអនុសញ្ញានេះបានចូលជាធរមាន៕
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក សែម សុខា បានថ្លែងថា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភាបានចាត់ទុកវិស័យពិការភាព ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ត្រង់ចតុកោណទី៤ មុំទី៣ ចំណុច ទី៤ ដោយបានចែងថា ការបន្តអនុវត្តគោលនយោបាយជាតិចំពោះជនពិការ តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ ការពង្រឹង ការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិនិងសុខុមាលភាពជនពិការ ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ ព្រមទាំងការពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃសេវារបស់មូលនិធិ ជនពិការ។
លោករដ្ឋលេខាធិការក្រសួងសង្កមកិច្ចរូបនេះបញ្ជាក់ថាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការទទួលស្គាល់អំពីសារៈ សំខាន់នៃតម្រូវការសិទ្ធិ ការដាក់បញ្ចូលជនពិការទៅក្នុងការអភិវឌ្ឍនិងនៅតែបង្កឱកាសជូនដល់បងប្អូនជនពិការឲ្យកាន់តែទទួល បាននូវតម្រូវការចាំបាច់នានា ជាពិសេស គឺការធានាការគោរពសិទ្ធជាមូលដ្ឋានរបស់បងប្អូនជនពិការ ដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធិទទួល បានការអប់រំសិទ្ធិធ្វើការងារ និងសិទ្ធិចេញចូលតាមទីសាធារណៈ។ល។
សូមបញ្ជាកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសកម្មភាពជនពិការតាមរយៈអនុក្រឹត្យ លេខ២១៦ អនក្រ.បក ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣ ដើម្បីដឹកនាំចាត់ចែងអនុវត្តនិងធ្វើរបាយការណ៍បូកសរុបលើការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការនិងរៀបចំរបាយការណ៍ស្តីពីស្ថានភាពជនពិការជូនរាជរដ្ឋាភិបាលក៏ដូចជាអង្គការសហប្រជាជាតិ៕
ដោយ៖ មករា