ក្រសួងសុខាភិបាល បានអំពាវនាវឲ្យអាណាព្យាបាលរឺមាតាបិតា ដែលមានកូនអាយុចាប់ពី៩ខែដល់១៥ឆ្នាំ ត្រូវប្រញាប់នាំបុត្រធីតារបស់ខ្លួន មកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល និងស្អួចឲ្យបានគ្រប់ៗគ្នា ក្នុង អំឡុងពេលនៃយុទ្ធនាការ ចាប់តាំងពីថ្ងៃទី២១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រព្រឹត្តធ្វើនៅតាមមណ្ឌលសុខភាពគ្រប់ភូមិ-ឃុំ-ស្រុកប្រតិបត្តិ និងតាមប៉ុស្តិ៍ផ្តល់ថ្នាំបង្ការជាច្រើនទៀតផងដែរ។
កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ឲ្យអាណាព្យាបាលរឺមាតាបិតាកុមារទាំងអស់ ត្រូវនាំបុត្រធីតាមកទទួលថ្នាំបង្ការគ្រប់គ្នា ក្នុងរយៈពេលនៃ យុទ្ធនាការ ដែលបានបែងចែកជាបីវគ្គដូចដែលបានផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ ចាប់ពីពេលនេះតទៅ ដើម្បីឲ្យកូនចៅបានទទួលថ្នាំបង្ការគ្រប់ចំនួន ជៀសផុតពីការឈឺនិងស្លាប់ ដោយជំងឺដែលអាចការពារ បាន។ លោកម៉ម ប៊ុនហេងបានមានប្រសាសន៍ថា៖«បន្ទាប់ពីយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រិល និងស្អូចពីមុខបញ្ចូលគ្នា គឺជាការចាប់ផ្តើមបញ្ចូលនូវវ៉ាក់សាំងថ្មីមួយទៀត ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាល»។
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសផងដែរអំពីការដាក់បញ្ជូលវ៉ាក់សាំងប្រភេទថ្មី ក្នុងកាលវិភាគរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដើម្បីការពារកុមារពីការចម្លងជំងឺ ដែលបណ្តាលមកពីវិរូសពីរប្រភេទ គឺកញ្រ្ជិលនិងស្អូច ដោយការដាក់បញ្ជូលគ្នាក្នុងដូសតែមួយ។ ផ្តើមចេញពីយុទ្ធនាការដែលបានធ្វើកន្លងមកនេះ រហូតមកដល់បច្ចុប្បន្នគេសង្កេតឃើញថា កុមារកម្ពុជាមិនកើតជំងឺកញ្ជ្រិល មិនស្លាប់ដោយជំងឺកញ្ជ្រិល ហើយក៏មិនរងគ្រោះ ដោយជំងឺរលាកសួត ជំងឺរាគរូស ខ្វះអាហាររូបត្ថម្ភ ឬពិការភ្នែកដែលបណ្តាលមកពីជំងឺកញ្ជ្រិលទៀតទេ ដូច្នេះការបញ្ចូលវ៉ាក់សាំងជំងឺកញ្ជ្រិលក្នុងយុទ្ធនាការនេះ គឺមានបំណងបន្តបង្កើនការពារជំងឺដល់កុមាររហូតដល់បំបាត់ជំងឺកញ្ជ្រិលអស់ទាំងស្រុង។
លោកPieter Van Maaren តំណាងអង្គការសុខភាពពិភពលោកបានថ្លែងឲ្យដឹងថា ក្នុងរយៈ ពេល៣ខែទៅមុខ កុមារនៅទូទាំងប្រទេសជាង៤លាននាក់ និងបានទទួលថ្នាំបង្ការជំងឺកញ្ជ្រិលរួមបញ្ចូល ជាមួយវ៉ាក់សាំងថ្មីការពារជំងឺស្អូចផងដែរ ដូច្នេះកុមារទាំងអស់បានការពារទល់និងជំងឺកញ្ជ្រិលនិងជំងឺ ស្អូច។ លោកបន្តថា ក្នុងពេលថ្មីៗនេះ មានការផ្ទុះជំងឺស្អូច ធ្វើឲ្យទារកទើបកើតរងផលវិបាកនៃជំងឺស្អូចពី កំណើតដែលបណ្តាលឲ្យទារកពិការភ្នែក គរ ថ្លង់ និងមានជំងឺបេះដូង។ លោកបញ្ជាក់ថា៖«លក្ខណៈ ពិសេសនៃយុទ្ធនាការនេះ គឺផ្តោតទៅលើសហគមន៍ដែលមានហានិភ័យខ្ពស់ និងសហគមន៍ដែលងាយ រងគ្រោះទាំងនេះ មានទីប្រជុំជនមិនទាន់រៀបរយ ប្រជាជនរស់នៅលើទឹក ប្រជាជនចំណាកស្រុក និងប្រជាជនរស់នៅតាមភូមិដាច់ស្រយ៉ាលផងដែរ»។
លោកសុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីបានឲ្យដឹងថា កុមារអាយុ៩ដល់១៥ឆ្នាំ និងទទួលបាននូវវ៉ាក់សាំងពីរមុខរួមបញ្ជូលគ្នានេះ ព្រមទាំងបន្ថែមនូវគ្រាប់ថ្នាំជីវជាតិអា និងថ្នាំ ទម្លាក់ព្រូនប្រភេទមេបង់ដាហ្សល ឬអាល់បង់ដាហ្សលផងដែរ។ លោកថា៖«យុទ្ធនាការនេះនិងសម្រេចឲ្យបាន អត្រាគ្របដណ្តប់លើសពី៩៥ភាគរយ នៅគ្រប់ខេត្តក្រុងស្រុកខណ្ឌមណ្ឌលសុខភាពនិងសហគមន៍»។
ដោយ៖អភិរក្ស