ទាំងបក្សប្រឆាំង ទាំងអង្គការសិទ្ធិមនុស្សក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលនៅក្រៅប្រទេសខ្លះ រួមទាំងប្រជាពលរដ្ឋមួយចំនួនដ៏តិចតួច បានបញ្ចេញប្រតិកម្មរំលោភបំពានទាំងកំរោលលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា ដែលជារដ្ឋឯករាជ្យ អធិបតេយ្យ ដោយពួកគេទាំងនោះបានបញ្ជាមកលើរាជរដ្ឋាភិបាលឱ្យដោះលែងលោកម៉ម សូណង់ដូ ជាបន្ទាន់ ក្រោមលេសចោទប្រកាន់ថា សាលក្រមរបស់តុលាការកាត់ទោសលោក ម៉ម សូណង់ដូ គឺស្ថិតនៅក្រោមឥទ្ធិពលនយោបាយ។
ដោយជីកកប់ចោលទាំងស្រុងនូវបញ្ហាអសន្តិសុខជាតិ ( ការបង្កើតតំបន់អបគមន៍ដ៏គ្រោះថ្នាក់)ដែលជាបុព្វហេតុឬសគល់នៃបញ្ហាពិតរបស់មេក្លោង ក្នុងការផ្តើមគំនិត ញុះញង់ឱ្យប្រជាពលរដ្ឋទៅទន្រ្ទានកាន់កាប់ដីដោយខុសច្បាប់ និងកកើតឡើងបាននូវកម្លាំងចលនាមួយក្រុម ប្រដាប់ដោយអាវុធ ប្រឆាំងនឹងរាជការសាធារណៈ ត្រូវបានបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច បង្វែរសំនុំរឿងព្រហ្មទណ្ឌ នៃកំហុសបុគ្គលដែលត្រូវបានផ្តន្ទាទោសដោយស្ថាប័នតុលាការ មកជារឿងនយោបាយ។
ការបង្កើតតំបន់អបគមន៍ បង្កើតរដ្ឋក្នុងរដ្ឋ គឺជាបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់ធ្ងរ ដែលវិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ និងត្រូវតែបំផ្លាញចោលទាំងស្រុង គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលស្របតាមរដ្ឋធម្មនុញ្ញ ចាំបាច់ត្រូវតែអនុវត្តជាបន្ទាន់បំផុត ដើម្បីពន្លត់កម្លាំងចលនាប្រឆាំងមួយនោះ និងក៏ដើម្បីរក្សាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋទូទៅ។
ប្រសិនបើពួកក្រុមចលនាអបគមន៍មិនត្រូវបានបង្ក្រាបឱ្យបានទាន់ពេលវេលាទេ តើបណ្តាអ្នករិះគន់ទាំងអស់នោះហ៊ានចេញមុខទទួលខុសត្រូវអំពីបញ្ហាអសន្តិសុខជាតិ អស្ថិរភាពនយោបាយ ឬក៏វិច្ឆេទកម្មណាមួយ ដែលនឹងរីកធំជាងនេះ បង្កឱ្យមាននូវគ្រោះថ្នាក់ដល់សង្គមជាតិទាំងមូលដែរឬទេ? តើចំណាត់ការតាមច្បាប់របស់រាជរដ្ឋាភិបាល គួរត្រូវបានរាំងខ្ទប់ឬអ្វី?
ការង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចដឹកនាំកម្លាំងចម្រុះចុះទៅរៀបចំសណ្តាប់ធ្នាប់កាលពីអំឡុងខែ ឧសភា ឆ្នាំ២០១២។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែងនៅនឹងកន្លែង មេក្លោងមួយចំនួន ដែលក្នុងនោះមានអ្នកខ្លះជាសមាជិករបស់សមាគមអ្នកប្រជាធិបតេយ្យ បានរត់គេចខ្លួន និងមនុស្សមួយចំនួនត្រូវបាននាំខ្លួន និងជនជាប់ចោទមួយចំនួនទៀតបានចូលមកសារភាព។ ដោយឡែកលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវបានសមត្ថកិច្ចអនុវត្តដីកាចាប់ខ្លួននៅថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០១២ និងចាត់ការបន្តតាមនីតិវិធីច្បាប់។
ពិតមែនថា ក្នុងរដ្ឋធម្មនុញ្ញមាត្រា ៣១ ពលរដ្ឋខ្មែរមានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ ប៉ុន្តែ មាត្រា៤១ បានចែងថា ជនណាក៏ដោយមិនត្រូវឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ ដូច្នេះ ការប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ទាំងសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិផ្តល់ការប្រឹក្សាយោបល់ដល់ជនដទៃណាមួយ គឺត្រូវប្រព្រឹត្តតាមលក្ខខ័ណ្ឌកំណត់ដោយច្បាប់។
ដូចគ្នានេះដែរ ករណីលោក ម៉ម សូណង់ដូ បើយោងតាម សំអាងហេតុ ដែលបានប្រកាសដោយចៅក្រមជំនុំជម្រះក្តីក្នុងអង្គសវនាការប្រកាសសាលក្រមថ្ងៃទី១ ខែតុលា ចំពោះមុខជនជាប់ចោទ១១នាក់ ក្នុងចំណោមជនជាប់ចោទ១៤នាក់ ក្នុងនោះ៣នាក់កំពុងលាក់ខ្លួន បានបង្ហាញថា ឈ្មោះ ប៊ុន រដ្ឋា និងបក្ខពួកផ្សេងទៀត គឺជាអ្នកញុះញង់ឱ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ពួកគេត្រូវប្រឈមនឹងបទល្មើសឱ្យផ្តន្ទាទោសតាមមាត្រា៤៦៤ កថាខណ្ឌទី២ នៃក្នុងក្រមព្រហ្មទណ្ឌ។
«អំពើញុះញង់ដោយផ្ទាល់ឱ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល ហើយកាលបើការញុះញង់នេះបានសម្រេចផល បទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ ឆ្នាំ ទៅ ៣០ឆ្នាំ » ។
ក្រោយពីការស៊ើបសួររបស់តុលាការទៅលើសមាជិកសមាគមអ្នកប្រជាធិបតេយ្យ មានភាពស៊ីសង្វាក់គ្នាទៅនឹងចម្លើយសាក្សីទាំងអស់ដែលបានចូលមកសារភាព និងការលើកឡើងក្នុងអង្គសវនាការគឺបានបង្ហាញថា លោក ម៉ម សូណង់ដូ ជាក្បាលម៉ាស៊ីនដឹកនាំបញ្ជាឱ្យឈ្មោះ ប៊ុន រដ្ឋា ជាអ្នកដឹកនាំធំជាងគេនៅតំបន់ឃុំកំពង់ដំរី ដើម្បីប្រតិបត្តិការការងារកាប់ទន្ទ្រាន រុករានកាន់កាប់ដីយ៉ាងអាណាធិបតេយ្យ និងបង្កើតនូវកម្លាំងប្រឆាំងជាមួយនឹងរដ្ឋអំណាចស្របច្បាប់ក្នុងមូលដ្ឋាន។
បើទោះបីជាក្នុងរយៈពេលខ្លី ប្រមាណ១០ ទៅ២០នាទី នៃការជួបគ្នារវាងប្រជាពលរដ្ឋឃុំកំពង់ដំរី ជាមួយលោក ម៉ម សូណង់ដូ នៅស្នាក់ការសមាគមអ្នកប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០១២ ប៉ុន្តែ ពលរដ្ឋទាំងនោះបានសារភាពថា « លោកម៉ម សូណង់ដូ បានប្រាប់ថា ឱ្យពួកគាត់នាំគ្នាកាប់ឆ្កាទន្ទា្រនដី ហើយបើសិនជារដ្ឋាភិបាលណាមិនឱ្យធ្វើ មិនឱ្យកាប់ បើមានបញ្ហាអ្វីកើតឡើងចាំគាត់ជាអ្នកនៅពីក្រោយ ទៅជួយអន្តរាគមន៍ មិនបាច់ខ្លាចទេ ប៉ុន្តែទាល់តែចូលជាសមាជិកកូនចៅគាត់ (សមាគមអ្នកប្រជាធិបតេយ្យ )ទើបគាត់ជួយ។ បើមានបញ្ហាអ្វីពាក់ស្លាកសមាគមអ្នកប្រជាធិបតេយ្យដែលគាត់ឱ្យនោះទៅ គឺអាជ្ញាធរពុំហ៊ានធ្វើអ្វីនោះទេ..» ។
ដំបូន្មាននោះហើយ គឺជាប្រភពដើមចមនៃបញ្ហា។ ក្រោយពីមានការដឹកនាំ ចង្អុលទិស និងធានាការពារពីក្រោយខ្នងទៀតផងនោះ ក្រុមប្រជាពលរដ្ឋក៏បានទៅជួបប្រជុំគ្នានៅក្នុងឃុំកំពង់ដំរី ក្រោមការចាត់ចែង និងបញ្ជាផ្ទាល់ដោយឈ្មោះ ប៊ុន រដ្ឋា និងបង្កើតបានជាក្រុមចលនាបះបោរមួយដ៏ខ្លាំងក្លា។
សកម្មភាពទន្រ្ទានកាន់កាប់ដីនៅតំបន់នោះបានរីកធំធាត់យ៉ាងឆាប់រហ័ស។សាក្សីជាច្រើនរូបបាន ឆ្លើយប្រាប់ក្នុងដំណាក់កាលសាកសួររបស់មន្ត្រីនគរបាលយុត្តិធម៌ថា ឈ្មោះ ប៊ុន រដ្ឋា និងបក្ខពួកបានឱ្យរូបគាត់ និងប្រជាពលរដ្ឋដទៃទៀតរាប់នាក់ កាន់អាវុធគ្រប់គ្នា មានកាំបិត ពូថៅ ស្នា កាំភ្លើងខ្យល់ ព្រួញជ័រឆក់ កាំភ្លៀវ និងត្រូវចេះជួយគ្នា បើសិនមានក្រុមហ៊ុន ឬរដ្ឋអំណាចណាមកដេញ គឺត្រូវរួមកម្លាំងគ្នាប្រឆាំងតវ៉ា ជួយដេញបាញ់ តតាំង និងទប់ទល់ ។ របាយការណ៍ ក៏បានបង្ហាញអំពីការចែកដីធ្លីនៅតំបន់នោះយ៉ាងអាណាធិបតេយ្យផងដែរ ដោយបំពានទៅលើរដ្ឋអំណាចស្របច្បាប់។
ដូចនេះ ការទាញសំអាងហេតុរបស់តុលាការ ក្នុងពេលប្រកាសសាលក្រម មានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ជនជាប់ចោទឈ្មោះ ម៉ម សូណង់ដូ បានណែនាំ ឬបញ្ជាដោយចេតនាឱ្យជនជាប់ចោទឈ្មោះ ប៊ុន រដ្ឋា និងបក្ខពួក ធ្វើសកម្មភាពញុះញង់ឱ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ពីបទផ្តើមគំនិតធ្វើកុបកម្ម ផ្តើមគំនិតជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ និងផ្តើមគំនិតប្រឆាំងនឹងអ្នករាជការសាធារណៈ ដូចមានចែងនៅក្នុងក្រមព្រហ្ម‑ទណ្ឌមាត្រា ៤៦៤ ។
គេបានដឹងថា ក្នុងពេលបើកសវនាការ ក៏មានការលើកឡើងពីបញ្ហាផ្លូវច្បាប់ផងដែរពីមេធាវី ការពារលោក ម៉ម សូណង់ដូ ទាក់ទងនឹងអាវុធដែលក្រុមពលរដ្ឋទាំងនោះយកមកប្រើប្រាស់ ដោយអះអាងថា មិនមែនជាអាវុធសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមទេ ។ ក៏ប៉ុន្តែមាត្រា៤៦៤ នៃក្រមព្រហ្ម‑ទណ្ឌមិនបានសំដៅទៅលើអាវុធគ្រឿងផ្ទុះឡើយ។ បើពិនិត្យទៅលើខ្លឹមសារនៃមាត្រា៨១ នៃក្រមព្រហ្មទណ្ឌ បានចែងថា អាវុធ គឺជាវត្ថុទាំងអស់ដែលធ្វើឡើងដើម្បីសម្លាប់ ឬធ្វើឱ្យមានរបួស ។
ដូច្នេះ វត្ថុតាង(អាវុធ) ដែលបានដកហូត មិនមានលក្ខណៈទំនើបពិតមែន ក៏ប៉ុន្តែ គឺជាអាវុធដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សបាន ហើយក៏អាចយកទៅប្រើប្រាស់ដើម្បីសម្លាប់មនុស្សបានដែរ។ នេះ ជាចម្លើយសមហេតុសមផលបំផុត បំភ្លឺទៅនឹងការអះអាងផ្សេងៗដែលបកស្រាយថា អាវុធទាំងនេះ នឹងមិនអាចយកមកធ្វើការប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលបាន គឺមិនពិតឡើយ។
សាលក្រមចំពោះលោក ម៉ម សូណង់ដូ និងជនពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានតុលាការផ្តន្ទាទោសតាមកំរិតទោសទណ្ឌដែលបានកំណត់ដោយមាត្រាច្បាប់។ ប៉ុន្តែ បានបើកផ្លូវឱ្យធ្វើការតវ៉ាប្តឹងបន្ត។
ទោះបីជាពួកគេដឹងថាសេចក្តីសម្រេចជាអំណាចឆន្ទានុសិទ្ធិ និងអធិបតេយ្យរបស់ចៅក្រម ជំរះក្តី ប៉ុន្តែ សាលក្រមនេះ ត្រូវបានក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួនក្តៅក្រហាយ និងមិនសុខចិត្ត ខណៈពេលដែលជាញយដងពួកគេទាំងនោះតែងតែតាំងខ្លួន ថា ជាអ្នកតស៊ូមតិ ដើម្បីចូលរួមក្នុងការពង្រឹងនីតិរដ្ឋ តាមរយៈការគោរព និងអនុវត្តច្បាប់ ដើម្បីតម្លាភាព និងយុត្តិធម៌សង្គម ជាពិសេស ជម្រុញការបញ្ចប់ទាំងស្រុងនូវវប្បធម៌នីទណ្ឌភាព។
យោងតាមសាក្សី និងការបង្ហាញភស្តុតាងនានាជាច្រើន បានបញ្ជាក់ពីសកម្មភាពល្មើសយ៉ាងច្បាស់លាស់របស់ជនជាប់ចោទ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ប៉ុន្តែ មិនត្រូវបានក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលចំនួន អើពើ ឬក៏លើកយកមកជាកង្វល់ជាមួយនឹងរាជរដ្ឋាភិបាលឡើយ ពួកគេបានធ្វើគ ធ្វើថ្លង់ និងបំភ្លេចចោលទាំងស្រុង។ ផ្ទុយទៅវិញ ក្រោយពេលប្រកាសសាលក្រមភ្លាមៗ ក្រុមអ្នកប្រឆាំងបាននាំគ្នាសម្តែងនូវប្រតិកម្មទាំងបំពានទៅលើគោលការណ៍និតិរដ្ឋ ប្រៀបបាននឹងការដុត ឬក៏ហែកចោលនូវរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ក្នុងចេតនាសម្រុកកេងយកផលប្រយោជន៍ពីជនជាប់ចោទ គណបក្សប្រឆាំងបានហៅការកាត់ទោសទៅលើលោក ម៉ម សូណង់ដូ ដែលមានចរិតគាំទ្រគណបក្សខ្លួន និងពលរដ្ឋផ្សេងទៀត ថា ជាការគំរាមកំហែងផ្នែកនយោបាយ និងឆ្លៀតយកបញ្ហានេះ ធ្វើជាលេសដើម្បីទាមទារឱ្យមានការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធដឹកនាំ និងប្រព័ន្ធតុលាការ។ ជនខ្លះជ្រកក្រោមស្លាកសិទ្ធិមនុស្ស បានហៅសាលក្រមកាត់ទោសនោះ ថា ជាសញ្ញាមួយមិនល្អចំពោះការងារការពារសិទ្ធិមនុស្ស ជាការគំរាមកំហែងរិតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងហ៊ានចោទប្រកាន់ដោយគ្មានមូលដ្ឋាន ថា សាលក្រមសរសេរដោយអ្នកនយោបាយ ហើយធ្វើបុរេវិនិច្ឆ័យថា ករណីនេះ ជារឿងនយោបាយ។
ជនអគតិមួយចំនួនបានបកស្រាយទាំងបំពាន ដោយពួកគេ បំភ្លេចចោលទាំងស្រុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ឬ(ជាន់ពន្លិចចោល) ជាជំនួសវិញដោយយកអារម្មណ៍ និងមនោសញ្ចេតនា មកគំរាមលើរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងលក្ខណៈជាពាក្យបញ្ជា « ឱ្យមានការដោះលែងលោកម៉ម សូណង់ដូ ជាបន្ទាន់ » ដោយចោទថា អំណាចសាលក្រមស្ថិតនៅក្រោមឥទ្ធិពលនយោបាយ និងបន្ទរសម្លេងតាមក្រុមប្រឆាំង ដោយបង្វែរបញ្ហានៃកំហុសបុគ្គល ថា ជាការបំបិទសិទ្ធិបញ្ចេញទៅវិញ។ ក្នុងបញ្ហានេះ បើពួកគេមានចេតនាល្អ ចង់លើកស្ទួយនីតិរដ្ឋនៅកម្ពុជា គួរដឹងច្បាស់នូវអង្គហេតុនៃបទចោទប្រកាន់ និងគួរត្រូវផ្តល់ជាអនុសាសន៍ស្របតាមច្បាប់របស់កម្ពុជា និងតថភាពសង្គម ដើម្បីចូលរួមកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បើគិតថា នៅមានខ្វះចន្លោះ។
ពួកក្រុមអ្នករិះគន់ភ្លេចគិតថា បើក្រុមបះបោរទាំងនោះពង្រីកអំណាចបានរឹងមាំ ហើយដឹកនាំកម្លាំងបង្កភាពចលាចលពេញផ្ទៃប្រទេស ឬក៏បង្កើតបាននូវឆ្នួនសង្គ្រាម បង្ហូរឈាមជាថ្មី សម្លាប់មនុស្សរាប់ម៉ឺនរាប់លាននាក់ ចុះបើធ្លាក់ចូលក្នុងស្ថានការណ៍បែបនោះមែន តើត្រូវដោះស្រាយដោយវិធីណា?
ប្រតិកម្មរបស់ក្រុមប្រកាន់និន្នាការយកច្បាប់ទ្រាប់អង្គុយទាំងនេះ សួរថា តើគោលបំណងរបស់ពួកគេចង់បានអ្វីពីកម្ពុជា ? ចង់ដកហូតសិទ្ធិនាយករដ្ឋមន្ត្រីស្របច្បាប់ តាមវិធីឯកភាពគ្នាធ្វើបដិវត្ត ឬក៏ចង់រំលាយស្ថាប័នតុលាការចោល ឬមួយក៏ចង់ត្រួតត្រាបញ្ជាពីលើព្រះមហាក្សត្រ?ពីព្រោះ អំណាចតុលាការជាអំណាចឯករាជ្យ ។ តាមរដ្ឋធម្មនុញ្ញ មាត្រា១៣២ថ្មី « ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ»។ ព្រះមហាក្សត្រ គឺជាប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ មាត្រា៧ ចែងថា អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។
ការលាបពណ៌មកលើរាជរដ្ឋាភិបាល ថា បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើស្ថាប័នតុលាការ គឺរាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការទាមទាររកយុត្តិធម៌ និងការពិត។
ពួកគេបានដឹងច្បាស់ណាស់ថា រាជរដ្ឋាភិបាលគ្មានអធិបញ្ជាណាមួយទៅលើស្ថាប័នតុលាការ ដែលបានសម្រេចក្តីដោយឆន្ទានុសិទ្ធិរបស់ខ្លួននោះឡើយ។ ប៉ុន្តែ ពួកគេ បាន និងកំពុងនាំគ្នាប្រព្រឹត្តនូវការបរិហាររិះគន់ ដោយពុំផ្អែកលើសច្ចធម៌ និងស្របតាមគតិច្បាប់នោះទេ។ វា គឺជាវប្បធម៌នៃក្រុមប្រឆាំងដែលនិយមកេងយកចំណេញពីអ្នកទោស មកបំរើនយោបាយផ្ទាល់ខ្លួន។
មាត្រា៥២ នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាល ជាអ្នកការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ម៉្យាងវិញទៀត សមាជិករាជរដ្ឋាភិបាល ក៏ដូចជាសមាជិកសភា ព្រឹទ្ធសភា ក៏បានធ្វើសច្ចាប្រណិធានចំពោះព្រះភ័ក្រព្រះមហាក្សត្រផងដែរនៅពេលចាប់ផ្តើមប្រតិបត្តិការមុខដំណែងរបស់ខ្លួន គឺប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ និងប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ចទាំងក្នុងបច្ចុប្បន្ន និងក្នុងអនាគតនូវ ឯកភាពជាតិ ហើយមិនអនុញ្ញាតឱ្យមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ ។ មាត្រា៣ ក៏បានចែងផងដែរថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។
យ៉ាងណាមិញ សកម្មភាពនៃចលនាបង្កើតតំបន់អបគមន៍នៅស្រុកស្នួល ខេត្តក្រចេះ គឺពិតជាបានរំលោភទៅនឹងរដ្ឋធម្មនុញ្ញយ៉ាងជាក់ច្បាស់។ ដូច្នេះ សំណុំរឿងបំបែកសំបុកអបគមន៍ គឺជាការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ដែលរាជរដ្ឋាភិបាលមានសិទ្ធិ និងកាតព្វកិច្ចក្នុងការថែរក្សា ការពារនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ មិនថាឡើយសហរដ្ឋអាមេរិក ឬក៏ប្រទេសបារាំង គឺគ្មានប្រទេសណាមួយនៅលើពិភពលោកត្រូវបាន អនុញ្ញាតឱ្យបង្កើតរដ្ឋក្នុងរដ្ឋនោះទេ។
គេនៅចងចាំបានថា កាលពីពេលថ្មីៗនេះ លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា (William E. Todd) ក៏បានថ្លែងផងដែរថា « កម្ពុជាកំពុងឈានមុខក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់»។ ចុះហេតុអ្វីក៏វិធានការតាមផ្លូវច្បាប់ទៅលើក្រុមបង្កើតតំបន់អបគមន៍ ដែលបង្កនូវភាពវឹកវដល់សង្គម ត្រូវបានបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលយល់ផ្ទុយទៅវិញ ?
រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងប្រឹងប្រែងសហប្រតិបត្តិការយ៉ាងពេញទំហឹងជាមួយសហរដ្ឋអាមេរិកក្នុងការទប់ស្កាត់អំពើភេរវកម្មគ្រប់រូបភាព ជាពិសេស ក្រុមភេរវករអន្តរជាតិ។
ជនគ្រប់រូប លោកម៉ម សូណង់ដូ ក៏ដូចជាពលរដ្ឋដទៃទៀតផងដែរ គឺមានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ។ លោក ម៉ម សូណង់ដូ បានទទួលយកមេធាវីមួយរូបដែលប្រកបដោយវិជ្ជាជីវៈ និងជាអ្នកឯកទេសច្បាប់ បានតតាំងគ្នាយ៉ាងខ្លាំងនៅក្នុងសវនាការ តាមរយៈការបង្ហាញភ័ស្តុតាង សាក្សីដោះបន្ទុក និងវែកញែកអំពីទិដ្ឋភាពច្បាប់ គិតចាប់តាំងពីដំណាក់កាលនៃការចាប់ឃុំខ្លួន រហូតដល់ការប្រកាសសាលក្រមរបស់តុលាការ។ ពួកគាត់ទាំងពីរ (ម៉ម សូណង់ដូ និងអ្នកការពារក្តី) ជនជាប់ចោទមួយចំនួនទៀត ក៏ដូចជាមេធាវីរបស់ពួកគេ ម្នាក់ៗបានខិតខំប្រើប្រាស់ការបកស្រាយតាមគ្រប់លទ្ធភាព ដើម្បីដណ្តើមប្រៀបឈ្នះ និងយុត្តិធម៌។
តើសិទ្ធិរបស់មេធាវីទាំងនោះ ដែលជាអ្នកបានចូលជ្រៅក្នុងរឿងក្តី ពួកគាត់បដិសេធមិនដឹងអំពីការពន្យល់ វែកញែក ទាញសំអាងហេតុផលរបស់ចៅក្រម ព្រះរាជអាជ្ញា នៅក្នុងអង្គសវនាការ ឬអ្វី? ។ កាលពីថ្ងៃទី១ ខែ តុលា ឆ្នាំ ២០១២ បន្ទាប់ពីប្រកាសសាលក្រម លោក សុក សំអឿន ជាមេធាវីរបស់លោក ម៉ម សូណង់ដូ បានឆ្លើយប្រាប់ភ្លាមៗដល់អ្នកសារព័ត៌មានថា« រឿងនេះយុត្តិធម៌ឬមិនយុត្តិធម៌សំខាន់លើសាមីខ្លួនដែលជាប់ចោទ គេដឹងដោយខ្លួនគេហើយ »។
សំនុំរឿងព្រហ្មទណ្ឌមួយនេះ នៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ ដូច្នេះ ជម្រើសនេះគឺជាការស្ម័គ្រចិត្តរបស់មេធាវី និងកូនក្តី ដែលបានព្រមព្រៀងគ្នាអនុវត្តតាមនីតិច្បាប់ មិនគួរត្រូវបានជនដទៃក្រៅពីរង្វង់បញ្ហានៃសិទ្ធិបុគ្គលជាអ្នកប្រឈម នាំគ្នាបញ្ចេញប្រតិកម្ម ឬក៏ឆក់ឱកាសយកផលប្រយោជន៍ដើម្បីបក្ខពួក និងក្រុមខ្លួន ដោយរំលោភលើសិទ្ធិសម្រេចរបស់បុគ្គលជាសាមីខ្លួនក្នុងរឿងក្តីនោះទេ៕
អត្ថបទដោយៈ ទិត សុធា
អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្ត្រី