ភ្នំពេញ៖ ជនជាប់ចោទក្នុងរបបខ្មែក្រហម លោក នួន ជា និងលោក ខៀវ សំផននឹងត្រូវបង្ហាញមុខក្នុងសវនាការនៅសាលាក្តីខ្មែក្រហមដើម្បីសន្និដ្ឋានបញ្ចប់ការកាត់ទោស សំណុំរឿង០០២ ដំណាក់កាលទី១នៅថ្ងៃទី១៦ខែតុលាឆ្នំាំ២០១៣នេះបើទោះជានាក់ទំាងពីរ មានបញ្ហាសុខភាពក៏ដោយ។លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមថ្លែងក្នុងសន្នីសីទសារព័តមាន កាលពីល្ងាចថ្ងៃទី១៤តុលានៅសណ្ឋាគាសាន់វ៉េស្តីពីការបិទបញ្ចប់ការពិភាក្សាសួរដេញដោលលើភស្តុតាងលើសំណុំរឿង០០២ដំណាល់ទី១ ថាសារសវនាការជនជាប់ចោទ ខៀវ សំផន និង នួន ជា នឹងមានរយៈពេល២សប្តាហ៍ គឺពីថ្ងៃទី១៦ដល់ថ្ងៃទី៣១ខែតុលាហើយគឺជាឱកាសចុងក្រោយសម្រាប់ ជនជាប់ចោទទាំងពីរនាក់ក្នុងការថ្លែងទៅកាន់ក្រុមជំនុំជម្រះ សម្រាប់ការកាត់ក្តីវគ្គទីមួយនេះ។
លោក ឌឹម សុវណ្ណារុំ បន្ថែមថា សវនាការចុងក្រោយនៃការកាត់ក្តីសំណុំរឿង០០២ វគ្គ១នេះឈានដល់ ក្រោយពីអង្គជំនុំជម្រះសាលាដំបូងបានបើកសវនការអស់រយៈពេលជាង២០០ថ្ងៃ។ហើយការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ការពិភាក្សាដេញដោលនៃសំណុំរឿង០០២ដំណាក់កាលទី១នេះធ្វើឡើងបន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូង បានបិទបញ្ចប់ការជំនុំជម្រះក្តីនកាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៣កន្លងមកដោយបានធ្វើសវនាការចំនួន២១២ថ្ងៃ។ ក្នុងបានសួរសាក្សីអ្នកជំនាញនិងដើមបណ្តឹងរដ្ឋប្បវេណីរហូតដល់៩២រូបថែមទៀត។
លោក ឌឹម សុវណ្ណារុំ បញ្ជាក់ឲ្យដឹងថា សាលាក្តីគ្រោងនឹងចេញសាលក្រមសំណុំរឿង០០២ វគ្គ១នេះនៅពាក់កណ្តាលឆ្នាំ២០១៤ខាងមុខនេះ។ ទោះបីជាលោកឌឹម សុវណ្ណារុំឲ្យដឹងពីការប្រកាសសាក្រវគ្គទី១នៃសំណុំរឿង០០២ក្តីក៏លោកក៏ដូចជា លោកឡាស អលសិន មិនទាន់អាចបញ្ជាក់បាននៅឡើយ ថាតើការកាត់ក្តីសំណុំរឿង០០២វគ្គទី២នឹងចាប់ផ្តើមនៅពេលណានោះទេ។ ប៉ុន្តែលោក ឌឹម សុវណ្ណារុំបានបង្កើបថាសំណុំរឿង០០២វគ្គទី២កំពុងត្រៀមស៊ើបអង្កេតនិងប្រមូលភស្តុតាង។ចំណែកលោក ឡាស អលសិន មន្ត្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា មកដល់ពេលនេះលក្ខខណ្ឌវេជ្ជសាស្ត្រសម្រាប់អតីតប្រធានសភាខ្មែរក្រហមនួនជានិងអតីតប្រមុខរដ្ឋខ្មែរក្រហមខៀវសំផននៅដដែល។
លោកបន្តថា សវនាការនៅថ្ងៃ១៦តុលានេះយើងរំពឹងថា លោក ខៀវ សំផន នឹងមានវត្តមានពេញមួយរយៈពេលនៅចំពោះមុខសវនាការសន្និដ្ឋានបញ្ចប់ការ កាត់ទោសសំណុំរឿង០០២ វគ្គទី១នេះ។ ហើយបើយោងតាមដំណឹងដែលទទួលបានគឺនួនជាមិនសូវច្បាស់លាស់បន្តិច ដែលថា គាត់អាចនៅក្នុងដំណើរការសវនាការនោះ។ប៉ុន្តែគាត់នឹងត្រូវនាំខ្លួនមកឲ្យអង្គុយនៅមុខសវនាការ។ លោក ឡាស អលសិន បញ្ជាក់ថា ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ ជនជាប់ចោទទាំងពីរនឹងត្រូវធ្វើសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣១ ខែតុលានេះ ដែលជាថ្ងៃចុងក្រោយនៃសវនាការលើសេចក្តីសន្និដ្ឋានបញ្ចប់ការកាត់ទោសក្នុងសំណុំរឿង០០២វគ្គទី១។យោងតាមកម្មវិធីរបស់សាលាក្តីខ្មែរក្រហមនៅក្នុងសវនាការសន្និដ្ឋានបញ្ចប់ ការកាត់ទោសសំណុំរឿង០០២ វគ្គទី១នឹងមានការធ្វើសេចក្តីសន្និដ្ឋានរបស់ក្រុមមេធាវីនំាមុខ តំណាងដើមបណ្តឹងរដ្ឋប្បវេណីដែលជាភាគីតំណាងជនរងគ្រោះដោយរបបខ្មែរក្រហម ជាពិសេសទាក់ទងនឹងសំណងផ្លូវចិត្តជានិមិត្តរូប និងសំណងសមូហភាព។ សហព្រះរាជអាជ្ញានឹងធ្វើសេចក្តីសន្និដ្ឋានការពារបទចោទលើជនជាប់ ចោទទាក់ទងនឹងធ្វើការដោយបង្ខំ ការធ្វើទុក្ខបុកម្នេញផ្នែកសាសនា អំពើប្រល័យពូជសាសន៍ ការជម្លៀសប្រជាជន ការសម្លាប់ទាហានលន់ នល់នៅទួលពោធិ៍ជ្រៃ។ ក្រៅពីនោះក៏នឹងមានសេចក្តីថ្លែងការណ៍របស់សហមេធាវីជនជាប់ចោទ ការដេញដោលរបស់សហមេធាវីនាំមុខ និងព្រះរាជអាជ្ញាទល់នឹងមេធាវីរបស់ជនជាប់ចោទជាដើម៕ ដោយ៖ ស.ស្អាត