ភ្នំពេញ៖ ក្រោយពីថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ ថ្ងៃទី២៨កក្កដា២០១៣រួចមក គេឮតែពាក្សថាមហាបាតុកកម្មឡើងសាំត្រចៀកទៅហើយ បើគិតជារូបរៀងនៃមហាបាតុ កម្មដែលមានទ្រង់ទ្រាយធំៗមកដល់ពេលនេះគឺមាន២លើកស្មើនិង៤ថ្ងៃពេញតែម្តង គឺថ្ងៃទី៧-១៥-១៦-និងថ្ងៃទី១៧កញ្ញា នេះមិនគិតពីបាតុកម្មតវ៉ាឬទាមទារបស់បងប្អូនកម្មករ កម្មការនីរោងចក្រសហគ្រាសនោះទេ។ពាក្សមហាបាតុកម្មបានក្លាយទៅជាចំណីដ៏ឆ្ងាញ់មាត់របស់អ្នកនយោបាយមួយផ្នែកនៅកម្ពុជា ក្នុងអាណត្តិទី៥ ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ ហើយក៏ជាមេសូត្ររត់មាត់របស់គណបក្សសង្រ្គោះជាតិ ក្នុងការតវាទាមទារតុល្យភាពអំណាចនៅក្នុងស្ថាប័នជាតិ។ ជាថ្មីម្តងទៀតគណបក្សសង្គ្រោះជាតិបានប្រកាសធ្វើមហាបាតុកម្មនៅទូទាំងប្រទេសនៅថ្ងៃទី៦ខែតុលាឆ្នាំ២០១៣ក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ដោយមិនខ្វល់ពីសេចក្តីសុខក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ឬ ផលប៉ះពាល់ដល់ការវិនិយោគ និងភ្ញៀវទេសចរណ៍អ្វីនោះឡើយ។
នៅថ្ងៃម្សិលមិញនេះអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិលោកយ៉ែមបុញ្ញឫទ្ធិបានប្រាប់បណ្តាញព័ត៌មាន ពីការគម្រាមធ្វើមហាបាតុកម្មជាថ្មីនៅថ្ងៃទី៦ខែតុលាឆ្នាំ២០១៣ខាងមុខនេះថាគណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មមួយនៅទូទាំងប្រទេសជាថ្មីដើម្បីបញ្ជាក់ពីគោលជំហររបស់គណបក្សចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ហើយការចូលរួមធ្វើមហាបាតុកម្មរបស់ប្រជាពលរដ្ឋនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌនោះគេមិនអាចកំណត់ពីចំនួននៃការចូលរួមនោះបានទេដោយការធ្វើមហាបាតុកម្មនេះប្រជាពលរដ្ឋមានសិទ្ធិចូលរួមដោយស្ម័គ្រចិត្ត។
លោកយ៉ែមបុញ្ញឫទ្ធិ បញ្ជាក់ថាការគំរាមបង្ហោះខ្សែអាត់សំឡេងក្នុងកិច្ចប្រជុំដឹកនាំដោយលោកសមរង្ស៊ីពីសំណាក់សម្តេចតេជោនោះវាមិនបានប៉ះពាល់ដល់គណបក្សសង្គ្រោះជាតិទាល់តែសោះព្រោះគណបក្សធ្វើអ្វីមួយដោយតម្លាភាពគ្មានគំនិតទុច្ចរិតនោះទេ។ប៉ុន្តែបើមានការចាក់សំឡេងគឺគណបក្សសង្គ្រោះជាតិស្នើសុំឲ្យចាក់សំឡេងទាំងស្រុងតែម្តងនិងនៅពេលប្រជុំលើកក្រោយសុំឲ្យមានការផ្សាយផ្ទាល់តាមទូរទស្សន៍ទៀតផង។
លោកបន្តទៀតថានៅសប្តាហ៍ក្រោយគណបក្សសង្គ្រោះជាតិនឹងធ្វើការជូនដំណឹងទៅកាន់សាលារាជធានីភ្នំពេញព្រោះគណបក្សនឹងរៀបចំធ្វើបាតុកម្មនេះចំនួនពីរលើកដោយនៅថ្ងៃទី៦ខែតុលាគណបក្សនឹងជួបជាមួយប្រជាពលរដ្ឋបញ្ជាក់ពីគោលជំហរនិងបន្តការទាមទាររបស់ខ្លួនជូនមហាជននិងមួយទៀត នឹងរៀបចំធ្វើញត្តិប្រមូលស្នាមមេដៃប្រជាពលរដ្ឋហើយនៅថ្ងៃទី២៣ខែតុលាឆ្នាំ២០១៣នឹងជួបជុំជាមួយប្រជាពលរដ្ឋជាថ្មីទៀតដើម្បីយកញត្តិទៅជូនអង្គការសហប្រជាជាតិ។ប៉ុន្តែរហូតមកដល់ពេលនេះគេឃើញតំណាងរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានថ្លែងសំណូមពរឲ្យសភាឈ្នះឆ្នោតទាំងពីរអាចចូលរួមប្រជុំហើយដោះស្រាយបញ្ហាវិបត្តិនយោបាយនៅកម្ពុជាឲ្យចប់រួចរាល់ដោយសន្តិវិធីសិន។
សូមរំលឹកថានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាលើកដំបូងថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៣កន្លងទៅនេះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានគំរាមបង្ហោះខ្សែអាត់សំឡេងនៃកិច្ចចរចាដែលលោកសមរង្ស៊ីទទួលស្គាល់លទ្ធផលឆ្នោតមិនទាមទារបង្កើតគណៈកម្មការឯករាជ្យព្រមទាំងគាំទ្រសម្តេចជានាយករដ្ឋមន្រ្តី។ចំណែកលោកឧបនាយករដ្ឋមន្រ្តីទៀបាញ់រដ្ឋមន្រ្តីក្រសួងការពារជាតិវិញបានថ្លែងថាកងទ័ពអាចនៅគ្រប់ទីកន្លែងក្នុងដែនអធិបតេយ្យភាពកម្ពុជាដើម្បីការពារព្រះមហាក្សត្រនិងរដ្ឋធម្មនុញ្ញ។លោកបន្តថា ការធ្វើមហាបាតុកម្មទូទាំងប្រទេសអាចធ្វើទៅបានតែស្ថិតនៅក្រោមក្របខណ្ឌច្បាប់បើក្រៅក្របខណ្ឌច្បាប់មិនបាននោះទេ៕
ដោយ៖ ស.ស្អាត