ភ្នំពេញ៖ភរិយាលោកញឹកប៊ុនឆៃអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចលោកស្រីសំសុភាពនៅថ្ងៃកាន់បិណ្យទី៥ដែលត្រូវនិងថ្ងៃទី២៤ខែកញ្ញានេះបានដឹកនាំមន្រ្តីមួយចំនួនតូចជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការដែលនឹងត្រូវបញ្ចប់អាណត្តិតាមបណ្តារក្រសួងនានានិងមន្រ្តីអគ្គលេខាធិការដ្ឋានទៅបង្សុកូលរាប់បាតឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈជនស្នេហាជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិសាសនាព្រះមហាក្រត្រនៅក្នុងសម័យសង្រ្គាមនៅវត្តចំបក់មាសសង្កាត់បាក់ខែងខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
បើទោះជាគ្មានវត្តមានប្រមុខដឹកនាំបក្សសំខាន់ៗក៏ដោយក៏មន្រ្តីគណបក្សនេះបានជួបជុំគ្នាប្រារពពិធីបង្សុកូលក្នុងខែមន្តសន្តរដូវជូនដល់វិញ្ញាណក្ខន្ធវីរៈជនស្នេហាជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិតាមទំនាមទំលាប់របស់ខ្មែរនៅក្នុងថ្ងៃកាន់បិណ្យ។មន្រ្តីគណបក្សមួយរូបនិយាយថាបើទោះជាគណបក្សហ៊្វុនស៊ិនប៉ិចមិនបានទទួលសំលេងគាំទ្រពីប្រជាពលរដ្ឋនៅក្នុងសភាអាណត្តិទី៥នេះក៏ដោយក៏គណបក្សនៅតែបន្តមានវត្តមាននៅជាមួយប្រជាពលរដ្ឋខ្មែរជានិច្ចពិសេសនៅតែបន្តនាំគ្នាប្រារពពិធីសាសនាតាមទំនាមទំលាប់ប្រពៃណីដើម្បីឧទ្ទិសកុសលដល់បុព្វការីជនមានមាតាបិតាគ្រូបាចារ្យវីរៈជនស្នេហាជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិសាសនាព្រះមហាក្សត្រនេះជារៀងរាល់ឆ្នាំមិនថាមានអ្នកចូលរួមប៉ុន្មាននាក់នោះទេ។
គួររំលឹកផងដែរថានៅពេលគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចមានឈ្មោះបោះសម្លេងមានសមាជិកនៅក្នុងរដ្ឋសភាភាគច្រើននោះជារៀងរាល់ឆ្នាំនៅថ្ងៃប្រារពពិធីបែបនេះគេឃើញមានមន្រ្តីជាសមាជិកសមាជិការញាតិវង្សានុវង្សប្រមុខដឹកនាំគ្រប់ជាន់ថា្នក់បានអញ្ជើញមកណែនណាន់តាន់តាប់ស្ទើរកកន្លែងអង្គុយគ្មាន។ដោយឡែកឆ្នាំនេះគេឃើញមានវត្តមានត្រឹមថ្នាក់អគ្គលេខាធិការម្នាក់ពីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការដែលត្រូវបញ្ចប់អាណត្តិបួនដប់នាក់និងមន្រ្តីអគ្គលេខាធិការបន្តិចបន្តួចតែប៉ុណ្ណោះ។ចំណែកប្រធានគឺសម្តេចរាជបុត្រីព្រះអនុជនរោត្តមអរុណរស្មីប្រធានគណបក្សនិងលោកកែវពុទ្ធរស្មីប្រធានឧត្តមក្រុមប្រឹក្សាគណបក្សពុំមានវត្តមាន។ដោយឡែកលោកញឹកប៊ុនឆៃអគ្គលេខធិការគណបក្សមានជំងឺកំពុងសំរាកព្យាបាលនៅឯគេហដ្ឋានពុំអាចមកចូលរួមបាន។
សូមបញ្ជាក់ថា ឈាបណដ្ឋានអ្នកប្រជាធិបតេយ្យនៅវត្តចំបក់មាសនេះបានកសាងឡើងនៅអំឡុងឆ្នាំ២០០០ដោយលោកឧបនាយករដ្ឋមន្រ្តីញឹកប៊ុនឆៃរួមជាមួយសមាជិកសមាជិកាសំរាប់តម្កល់រូបសំណាក់ឈ្មោះនិងអដ្ឋធាតុវីរៈជនអ្នកស្នេហាជាតិដែលបានពលីជីវិត ដើម្បីជាតិសាសនាព្រះមហាក្សត្រនៅក្នុងសម័យតស៊ូ៕ដោយ៖ ស.ស្អាត