ភ្នំពេញ:អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការ គណៈរដ្ឋមន្ត្រីនៅថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៣ បានផ្សព្វផ្សាយសៀវភៅ សស្តីពី"ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៣"ដែលទើបបានបោះពុម្ពរួចរាល់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ។ ការបង្ហាញសៀវភៅសនេះ ដើម្បីបង្ហាញពីការបោះឆ្នោតនីតិកាលទី៥ប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ និងយុត្តិធម៌គ្មានអំពើហឹង្សា និង បង្ហាញនូវល្បិច កលគិតទុករបស់គណបក្សសង្គ្រោះជាតិក្នុងការបំផ្លាញ និងបដិសេធនៃការបោះឆ្នោត។ថ្លែងក្នុងសន្និសីទសាព័ត៌មាន ផ្សព្វផ្សាយសៀវភៅ ស ស្តីពី "ការបោះឆ្នោត ជ្រើស តាំង តំណាងរាស្ត្រ នីតិកាលទី៥ នៃរដ្ឋសភា នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី រដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណរដ្ឋមន្ត្រីបានមានប្រសាសន៍ថា សៀវភៅស ដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រីបកស្រាយនូវដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ទាំងមូល ដែលបានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជា និងនីតិវិធី របស់ គ.ជ.ប។
លោក បញ្ជាក់ថា ការបង្ហាញសៀវភៅស នេះដែរ ក៏ចង់ បង្ហាញនូវល្បិចកលគិតទុករបស់គណបក្សសង្គ្រោះជាតិដែលព្យាយាមធ្វើគ្រប់រូបភាព មុនពេលបោះឆ្នោត ក្នុងអំឡុងពេល និងក្រោយពេលបោះឆ្នោត ដើម្បីឈានដល់ការបដិសេធលទ្ធផលនៃការបោះឆ្នោត។«គបក្សសង្គ្រោះជាតិ បានដិសេធចំពោះលទ្ធផល នៃការបោះឆ្នោតតាំងពីមុនបោះឆ្នោតមកម្លេះ រហូតមានអ្នកសង្កេតការណ៍អន្តរជាតិបានសួរលោកសមរង្សី និងលោកគឹមសុខថា បើលោកមិនទទួលសស្គាល់លទ្ធផលមុនទៅហើយ ហេតុអ្វីបានជានៅតែចូលរួមបោះឆ្នោត នៅពេលនោះ លោកសមរង្សី និងលោកគឹមសុខា បានបង្វែរសំនួរមិនឆ្លើយ ហើយធ្វើមិនដឹង មិនឭ។ ចំនុចនេះ បើបក្សគាត់ឈ្នះគាត់ ទទួលយក បើចាញ់ គាត់បដិសេធ ក្នុងសង្គមប្រជាធិបតេយ្យគឺមិនធ្វើដូច្នេះទេ គាត់ត្រូវហានទទួលការពិត»។លោកអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ជាក់ថា រាល់ការតវ៉ា ចំពោះលទ្ធផលនៃការបោះឆ្នោតរបស់CNRP បើតាមប្រតិនិននៃការបោះឆ្នោតវាហូសទៅហើយ ជាពិសេសសូមឱ្យបង្កើតគណៈកម្មការពិសេសស៊ើបអង្កេតការបោះឆ្នោតនោះ វាក៏ មិនអាចទៅរួចដែរ។ចំពោះការធ្វើពហិកាមិនចូលរួមប្រជុំរដ្ឋសភាតាមការកោះអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញានេះ គឺជាការមិនគោរពព្រះអង្គ និងរដ្ឋធម្មនុញ្ញ និងមិនគោរពមតិភាគច្រើន។សៀវភៅ ស ដែលមាន ២៦ទំព័រនោះ បានសរសេរថា៖ កាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣ ប្រជាជនកម្ពុជា ចំនួន ៦៩,៦១%បានទៅបោះឆ្នោតបំពេញកាតព្វកិច្ច ក្នុងនាមប្រជាពលរដ្ឋ ជ្រើសគណបក្សណាដែលខ្លួនស្រឡាញ់ ទៅតាមឆន្ទៈរៀងៗខ្លួន ដោយសេរី និងសម្ងាត់។ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតដោយទទួលបាន ៦៨ អាសនៈហើយគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥ អាសនៈ។ ដូច្នេះប្រជាជនកម្ពុជា បានជ្រើសរើសគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា។ប៉ុន្តែគណបក្សសង្គ្រោះជាតិ បានបដិសេធលទ្ធផលនៃការបោះឆ្នោតនេះដោយចោទប្រកាន់ថា មានភាពមិនប្រក្រតី និងធ្វើមិនដឹងមិនឮ ចំពោះការពិត។ការទទួលស្គាល់របស់អ្នកសង្កេតការណ៏ជាតិ និងអន្តរជាតិថាការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅដោសេរី ត្រឹមត្រូវ យុត្តិធម៌និងគ្មានអំពើហិង្សា។សូមបញ្ជាក់ថា កាលពីថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក៏បានចងក្រងសៀវភៅ ស ស្តីពី"ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៣" នេះផងដែរដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងតម្លាភាព។ សៀវភៅ ស នេះឆ្លុះបញ្ចាំងព័ត៌មានទាំងឡាយ ពាក់ព័ន្ធនឹងនីតិវិធីអនុវត្តនៅគ្រប់ដំណាក់កាល ការដោះស្រាយបណ្តឹង និងការចោទប្រកាន់នានា៕
ដោយៈ គង់ រតនា