ភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ជម្រុញឲ្យមានការទប់ស្កាត់ ការការពារ និងការបោសសំអាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បញ្ហាពិការភាពដែលកើតមានពីកំណើត ពីការចាក់ថ្នាំបង្ការផ្សេងៗក្នុងវ័យកុមារ និងពិការដោយសារសង្រ្គាម មានការថយចុះគួរឲ្យកត់សម្គាល់ ។ ប៉ុន្តែពិការភាពដែលកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើងគួរឲ្យព្រួយបារម្មណ៍។
នេះបើតាមការលើកឡើងរបស់លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធាន ក្រុមប្រឹក្សាសកម្មភាពនៃជនពិការ បានឲ្យដឹងក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងលើកទី១ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៤-២០១៨ កាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៣នេះនៅសណ្ឋាគារ Inter-continental ។ លោកបានមានប្រសាសន៍ទៀតថា បើទោះជាពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍មាន ការកើនឡើងបន្តិចក្តី ក៏យើងបាននឹងកំពុងអនុវត្តអនុសាសន៍ ណែនាំពីប្រមុខរាជរដ្ឋាភិបាល «ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» និងជម្រុញឲ្យមានការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងអនុវត្តន៍នូវវិធានការក្តៅគគុកចំពោះជនបង្ករ ដែលបើកបរលើសល្បឿនកំណត់ ព្រមទាំងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ លើសពីនេះរាជរដ្ឋាភិបាល បានជម្រុញឲ្យអនុវត្តច្បាប់ការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣លើវិស័យពិការភាព។
ចំណែកលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងលើកទី១ផែនការយុទ្ធសាស្រ្តជាតិនេះ ថា ដើម្បីឲ្យផែនការយុទ្ធសាស្រ្តជាតិមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានស្របតាមស្ថានភាពជាក់ស្តែង សេចក្តីព្រាងនេះបានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួន៧ចំណុច រួមមាន៖ កាត់បន្ថយការរើសអើង និងការកេងប្រវ័ញ្ញ កែលម្អរលទ្ធភាពទាំងបរិស្ថានរូបវ័ន្តនិងសង្គម លើកកម្ពស់ជីវភាពតាមយៈការបង្កើនប្រាក់ចំណូល បន្តអនុវត្តច្បាប់និងបង្កើននូវបទដ្ឋានគតិយុត្តចាំបាច់ បង្កើន និងពង្រីកកិច្ចការពារសង្គម ផ្តល់សេវាសាធារណៈ រួមទាំងស្រ្តី និងកុមារ កែទម្រង់ដំណើរការគ្រប់គ្រង ចងក្រងបណ្តាញ និងកិច្ចសហប្រតិបត្តិការក្នុងកម្រិតជាតិ-អន្តរជាតិ និងឈានទៅពង្រីកក្នុងកម្រិតក្រោមជាតិដល់ជនពិការ។
លោករដ្ឋមន្រ្តីបន្តថា បច្ចុប្បន្ននេះ សិទ្ធិជនពិការត្រូវបានការពារដោយច្បាប់ ការអប់រំផ្សព្វផ្សាយអំពីសិទ្ធត្រូវបានយកចិត្តទុកដាក់អនុវត្តយាងទូលំទូលាយ ការរើសអើសចំពោះជនពិការត្រូវបានកាត់បន្ថយ កិត្តិយសនិងសេចក្តីថ្លៃថ្នូត្រូវបានគោរព និងទទួលស្គាល់កាន់តែច្រើន។ ផ្តល់សិទ្ធិ និងឱកាសស្មើគ្នាដូចជនមិនពិការ ដោយទទួលបានការចុះឈ្មោះនិងធ្វើលិខិតអត្រានុកូលដ្ឋាន។ លើសពីនេះស្ថានភាពជនពិការនៅកម្ពុជាមានភាពប្រសើរឡើងជាលំដាប់ ហើយរាជរដ្ឋាភិបាល អង្គការដៃគូរជាតិ-អន្តរជាតិបាផ្តល់អទិភាពដោយបង្កើតកម្មវិធីជាច្រើនក្នុងវិស័យសុខមាលភាព ព្រមទាំងការយកចិត្តទុកដាក់ពីក្រុមគ្រួសារ មាតាបិតា សហគមន៍និងស្មារតីតស៊ូអំណត់ ព្យាយាមពីជនពិការផ្ទាល់។
ក្នុងឱកាសដ៏វិសេសវិសាសលនោះ លោក ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិបានមានប្រសាសន៍ថា យុទ្ធសាស្រ្តជាតិ ២០១៤-២០១៨ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ពិការភាពនៅកម្ពុជា ពិសេសអ្នកទទួលរងពិការភាពដោយសារគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះសល់ពីសង្រ្គាម គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការពីកំណើត ចាស់ជរា និងមូលហេតុផ្សេងៗទៀត ហើយសិក្ខាសាលាពិគ្រោះយោបល់នេះ បានធ្វើឡើងស្របពេលខួបគម្រប់មួយឆ្នាំដែលកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ។
លោកឧបនាយករដ្ឋមន្រ្តី បានចាត់ទុកផែនការយុទ្ធសាស្រ្តស្តីពីពិការភាព ជាមូលដ្ឋានគ្រឹះនិងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជម្រុញអនុវត្តច្បាប់ស្តីពីការការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ និងទសវត្សជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០១៣- ២០២២យុទ្ធសាស្រ្តអ៊ីឈាន់«ធ្វើឲ្យសិទ្ធិក្លាយជាការពិត » និងយុទ្ធសស្រ្តចតុកោណដំណាក់កាលទី៣។
លោកបានបន្តទៀតថា កម្ពុជាកំពុងរៀបចំផែនការ យុទ្ធសាស្រ្តជាតិ ដោយធ្វើសមាហរណកម្មពិការភាពទៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនិតិកាលទី៥នៃរដ្ឋសភា ដោយចាត់ទុកវិស័យពិការភាពជាវិស័យអទិភាពមួយក្នុងចំណោមវិស័យដទៃទៀត បន្តអនុវត្ត គោលនយោបាយជាតិចំពោះជនពិការ ជម្រុញកិច្ចការពារលើកកម្ពស់សិទ្ធិ និងសុខមាលភាព ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិ ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពសេវារបស់មូលនិធិជនពិការ។ បើទោះជាមានការសម្រេចដូចនេះក្តី លោកនៅតែអះអាងជនពិការកម្ពុជានៅមានឧបសគ្គជាច្រើនទៀត ដែលត្រូវតែដោះស្រាយជាបន្តបន្ទាប់ពាក់ព័ន្ធ នឹងអាកប្បកិរិយាក្នុងសង្គម ការរើសអើង និងការមាក់ងាយនិងសមត្ថភាពទទួលយកចំណេះដឹង ជំនាញ វិជ្ជាជីវៈ របស់បងប្អូននៅមានកម្រិត។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានអំពាវកុំអោយមានការរើសអើង ចំពោះជនពិការ និងស្នើអោយក្រសួង ស្ថាប័នទាំងអស់ទទួលយក ជនពិការបម្រើការងារ ក្នុងស្ថាប័ន រដ្ឋនិងឯកជនទៀតផង៕ ដោយ ៖សស្អាត