ភ្នំពេញ ៖ ឆ្លើយតបទៅនិងការអនុវត្តនូវអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទនៃអង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ក្នុងជួរថ្នាក់ដឹកនាំមូលដ្ឋាននាពេលបច្ចុប្បន្នមានស្រ្តីចំនួន៣០ភាគរយបាននិងកំពុងតែបំរើការងារយ៉ាងមមាញឹក។ ការអះអាងនេះបានធ្វើឡើងនៅក្នុងរបាយការមួយកាលពីថ្ងៃទី១៨ កញ្ញា ដែលត្រួវលើកយកមកធ្វើការពិភាក្សាដើម្បីដាក់ចូលក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅខែក្រោយនេះ ។
នៅក្នុងរបាយការណ៍ខាងលើបានបញ្ជាក់ថា ក្នុងចំណោមថ្នាក់ដឹកនាំភូមិចំនួន ៤១.៥៤៤នាក់ មានស្ត្រីចំនួន៣០ភាគរយ។ ក្នុងនោះ ៤៥៣នាក់ជាមេភូមិ, ២៣០៣នាក់ជាអនុប្រធានភូមិ និង ៩៤៥០នាក់ជាជំនួយការភូមិ។ ហើយក្នុងចំណោមក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងចំនួន ១១៣៥៣នាក់ គឺមានស្ត្រី១៥,១២ភាគរយ ដែលស្មើនឹងចំនួន១៧១៧នាក់។របាយការណ៍ដដែលបានបង្ហាញទៀតថា នៅតាមរាជធានី\ខេត្តនិងស្រុក\ខណ្ឌគឺមានសមាសភាពស្ត្រីចូលរួមជាអ្នកដឹកនាំ ក្នុងនោះស្ត្រីចំនួន៣៧នាក់ត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សារាជធានី\ខេត្ត និងស្ត្រីចំនួន៣៥៩នាក់ ត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុក\ខណ្ឌ ហើយស្ត្រីចំនួន២៤នាក់ ត្រូវបានជ្រើសតាំងជាអភិបាលរងរាជធានី\ខេត្ត និងស្ត្រីចំនួន១៨៧នាក់ ត្រូវបានជ្រើសតាំងជាអភិបាលរងក្រុង ស្រុកខណ្ឌ។
យ៉ាងណាក៏ដោយចំនួនស្រ្តី ដែលកំពុងបំពេញការងារក្នុងជួរថ្នាក់ដឹកនាំមូលដ្ឋានខាងលើនេះ នៅមិនទាន់ឆ្លើយតប ទៅនឹងអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃ ការរើសអើងប្រឆាំងនឹងនារីភេទ នៃអង្គការសហប្រជាជាតិដែលទាមទារឲ្យគណបក្សនយោបាយដែលមានអាសន្ននៅក្នុងរដ្ឋសភាឬគណបក្សនយោបាយ ដែលមានមន្រ្តីបំរើការតាមមូលដ្ឋានត្រូវតែបញ្ជ្រាបស្រ្តីឲ្យបានកាន់តែច្រើនទៅតាមលទ្ធភាពដែលមាន ដើម្បីផ្តល់ឱកាសឲ្យស្រ្តីបញ្ចេញសមត្ថភាពប្រគួតប្រជែងក្នុងកិច្ចការនយោបាយនឹងក្លាយទៅជាថ្នាក់ដឹកនាំកំពូលៗរបស់ជាតិកាន់តែច្រើនឡើងថែមទៀត។សូមបញ្ជាក់ថាអនុលោមតាមគោលការណ៍ជាមូលដ្ឋានស្មើភាពរវាងបុរស និងស្ត្រី ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើវិធាននានា ដើម្បីពន្លឿនគោលការណ៍នេះដោយផ្តល់លទ្ធភាពឱ្យស្ត្រីបានទទួលបានសិទ្ធិសមភាពជាមួយនឹងបុរសនៅក្នុងការងារជាក់សែ្តង៕ ដោយ៖ ស.ស្អាត