បទល្មើសនេសាទ​ក្នុង​រដូវ​ហាម​ឃាត់​នៅ​តែ​មាន​ក្នុង​ខេត្ត​បាត់​ដំបង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

បាត់ដំបង ៖ តំបន់អភិរក្សឡូត៍នេសាទលេខ១ និងតំបន់អភិរក្សឡូត៍លេខ២ ដែលគ្រប់គ្រងដោយមន្រ្តីសង្កាត់ រដ្ឋបាលជលផលក្បាលតោល និងមន្រ្តីសង្កាត់ជលផលកំពង់ប្រហុក ស្ថិតក្នុងឃុំកោះជីវំាង ស្រុកឯកភ្នំ នៅតែ​មានបទល្មើសនេសាទក្នុងរដូវហាមឃាត់ជាប្រចាំ។ នេះបើតាមការអះអាងពីប្រជាពលរដ្ឋក្នុងភូមិក្បាលតោល ភូមិ​ព្រែកទាល់និងភូមិពាក់កន្ទេល ជាមួយគ្នានោះពួកគាត់បានរិះគន់ដល់មន្រ្តីជំនាញថា បង្រ្កាបបានតែអ្នក នេសាទ​​តូចតាច រីឯឈ្មួញនេសាទធំៗមិនអាចបង្រ្កាបបាន ព្រោះពួកគេហាក់ដូចជាដឹងព័ត៌មាន មុនអាច​និយាយ​​បានថា ពួកគេមានខ្សែស្រឡាយជាមួនមន្រ្តី។


ប្រជាពលរដ្ឋខាងលើនិយាយថា ពួកគាត់លួចដាក់ស្បៃមុងជាង១០ម៉ែត្រ ក៏ត្រូវមន្រ្តីទាំងនោះដឹងភ្លាម ហើយ​ចាប់យកភ្លែត ។ ប៉ុន្តែសំរាប់ឈ្មួញធំៗដែលគេដាក់ស្បៃមុងពណ៌ខ្មៅឬពណ៌ក្រហម ចាប់ពី១០០០ម៉ែត្រ​ដល់​ទៅ​៣០០០ ម៉ែត្រ មិនធ្លាប់បានឃើញមន្រ្តីសង្កាត់ជលផលខាងលើចុះចាប់បានសម្រេចម្តងណាឡើយ។

ប្រជាពលរដ្ឋបានរិះគន់មន្រ្តីទាំង២សង្កាត់នោះថា អាចមានការឃុបឃិតនិងលួចផ្តល់ព័ត៌មានឲ្យដឹង មុននឹង​ចុះ​ទៅបង្រ្កាបតំបន់ទាំង៣ភូមិខាងលើនោះ។  ប្រជាពលរដ្ឋដដែលបានបន្តថា ការចុះបង្រ្កាបទ្រង់ទ្រាយ​ធំៗ​របស់មន្រ្តីជំនាញហាក់បីដូចជាក្រុមឈ្មួញធំៗដឹងដំណឹងមុន រួចនំាគ្នាពន្លិចស្បៃមុង ចូលទៅក្នុងទឹកធ្វើឲ្យមន្រ្តី ទាំងនោះមើលមិនឃើញនិងមិនដឹងពីទីកន្លែងពួកគេដាក់។ ក្រោយពីមន្រ្តីទាំង២សង្កាត់នោះឡើងមកវិញ គឺ​ក្រុម​​ឈ្មួញទាំងនោះចាប់ផ្តើមលើកស្បៃមុងនិងបង្គោលឡើងវិញ។ដោយឡែកអ្នកនេសាទតូចតាច​ជា​លក្ខណៈ​​​​​​​​​គ្រួសារ​គឺរត់មិនដែលរួចម្តងណាទេ ព្រោះគ្មាននរណាប្រាប់ព័ត៌មាន​មុន។

ប្រជាពលរដ្ឋបានបន្តការរិះគន់ថា ពួកគេមានឱកាសប្រមូលលុយបានច្រើនក្នុងរដូវបិទនេសាទនេះ ព្រោះពួក​គេ​​ជាអ្នកផ្តល់ភ្លើងខៀវដល់ឈ្មួញអ្នកនេសាទធំៗទាំងនោះ។ ចំណែកការចុះទៅបង្រ្កាបម្តងៗគឺជាយុទ្ធសាស្រ្ត​គោះទឹកឲ្យត្រីរត់ចូលស៊ងប៉ុណ្ណោះ មិនមែនបង្រ្កាបដើម្បីឲ្យមច្ឆាជាតិកើនឡើងនៅរដូវហាមឃាត់នោះទេ។

ករណីនេសាទក្នុងរដូវហាមឃាត់ គឺវាខុសធ្ងន់ធ្ងរណាស់ទៅហើយ រីឯអ្វីដែលកាន់តែខុសធ្ងន់ជាងនេះទៅទៀត​គឺ ពួកឈ្មួញធំៗនេសាទក្នុងដែនអភិរក្សឡូត៍លេខ១និងនិងឡូត៍លេខ២។ ហើយការដែលឈ្មួញ​ធ្វើបែប​នេះ​បាន ព្រោះតែ​មន្រ្តីសង្កាត់ជលផលតំបន់នោះបើកដៃដើម្បីលាភសក្ការៈ មិនខ្វល់ពីដែនអភិរក្សឬក៏រដូវត្រីពង​កូន​នោះ​ទេ​ឲ្យតែធ្វើមានធ្វើបានសំរាប់បុគ្គល។ បើបណ្តែតបណ្តោយតែរបៀបនេះ ច្បាស់ជាអ្នក​ស្រុកទាំងនោះ​គ្មាន​ត្រី​ទទួល​​ទានទេ ហើយត្រីកម្រមួយចំនួនទៀតនឹងដាច់ពូជជាមិនខាន។

ប្រជាពលរដ្ឋសំណូមពរក្រសួង ឬ នាយកដ្ឋានជំនាញ មេត្តាចុះទៅត្រួតពិនិត្យមើលការងារមន្រ្តីជលផល​នៅ​សង្កាត់​​ទាំង​២​ខាងលើនោះផង ជៀសវាងក្របីបាត់ទើបធ្វើរបងដល់ពេលប្រឡងទើបខំប្រឹងរៀន។ ជុំវិញការ​លើក​ឡើងរបស់ប្រជាពលរដ្ឋនេះ យើងមិនអាចសុំការពន្យល់ពីមន្រ្តីសង្កាត់ជលផលទំាង​២នោះបាន​ទេ៕

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

បក្សកាន់អំណាចបានប្រកាសរៀបចំខ្លួនរួចជា​ស្រេចសម្រាប់ការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥

ភ្នំពេញ៖ សម្រាប់ការចុះឈ្មោះប្រកួតប្រជែងបោះឆ្...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [340]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 361 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1884 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964784​ នាក់