ភ្នំពេញ៖ កម្ពុជាជាប្រទេសកសិកម្មមួយក្នុងចំណោមប្រទេសនានានៅលើសកលលោក ហើយផលិតផល
កសិកម្មដែលសំខាន់ជាងគេគឺដំណាំស្រូវ។ ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជាឲ្យដឹង
ថា តាមការកត់សម្គាល់ប្រជាកសិករខ្មែរ បាននិងកំពុងតែឈានទៅប្រើប្រាស់គ្រឿងយន្ត ជាមធ្យោបាយធ្វើ
កសិកម្មច្រើនឡើងៗ នៅទូទាំងប្រទេស។
ម៉ាស៊ីនស្ទូងស្រូវត្រូវបានគេនាំចូលមកលក់នៅក្នុងទីផ្សារនៃប្រទេសកម្ពុជាហើយបន្ទាប់ពីតម្រូវ ការចាំបាច់
របស់ប្រជាកសិករកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តាដែលចាំបាច់ត្រូវប្រើ ប្រាស់ម៉ាស៊ីនស្ទូងស្រូវ
ជំនួសកម្លាំងមនុស្សនោះ គឺបណ្តាលមកពីការខ្វះកម្លាំងពលកម្មលើផ្នែកនេះកាន់តែច្រើនទៅៗនិងមួយផ្នែក
ទៀតការប្រើកម្លាំងមនុស្សសម្រាប់វិស័យនេះមានការធ្លាក់ចុះថយដោយសារពលករជាច្រើនងាកទៅធ្វើការ
នៅក្នុងវិស័យសំណង់និងវិស័យកាត់ដេរព្រមទាំងការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។
ដើម្បីបំពេញកង្វះខាតកម្លាំងពលករនេះគ្រឿងយន្តកសិកម្មរឹតតែត្រូវការចាំបាច់សម្រាប់ការធ្វើកសិកម្មនៅ
កម្ពុជា ដូចជា ម៉ាស៊ីនភ្ជូដី ម៉ាស៊ីនច្រូតស្រូវ និង ម៉ាស៊ីនស្ទូងស្រូវដែលកសិករត្រូវការជាចាំបាច់។
លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការកើនឡើងនូវការប្រើគ្រឿងយន្ត
សម្រាប់វិស័យកសិកម្មនេះមួយផ្នែកដោយសារវិស័យកសិកម្មមានការរីកចម្រើននិងមួយផ្នែកទៀតការប្រើ
កម្លាំងមនុស្សសម្រាប់វិស័យនេះមានការធ្លាក់ចុះដោយសារពលករជាច្រើនងាកទៅធ្វើការនៅក្នុងវិស័យ
សំណង់និងវិស័យកាត់ដេរព្រមទាំងការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ជាងនេះទៅទៀតការ
ប្រើប្រាស់គ្រឿងយន្តសំរាប់ វិស័យកសិកម្មគឺចំណាយពេលតិចទទួលបានផលច្រើនជាង ដោយសារកត្តា
ផលិតកម្មគឺអនុវត្តតាមកម្រិតស្តង់ដា ទាំងការធ្វើដី ការស្ទូងស្រូវ ឬ ព្រោះស្រូវ និងការប្រមូលផលស្រូវជាដើម។
លោក ចម ប្រសិទ្ធ អះអាងថា កម្ពុជាបានឈានចូលទៅក្នុងយុគ្គសម័យម៉ាស៊ីន ដូច្នេះរាល់ការ ផលិតនាពេល
ខាងមុខអាចនឹងឈានទៅប្រើប្រាស់គ្រឿងយន្ត ឬ គ្រឿងចក្រចាំបាច់ជាងការប្រើប្រាស់កម្លាំងមនុស្ស ហើយ
មនុស្សត្រូវវិវត្តទៅរកស្ថានភាពផ្សេងដែលអាចរកកម្រៃបានលើសពីការងារកសិកម្មបែបទម្លាប់តគ្នា ។
ទាក់ទិនទៅនឹងម៉ាស៊ីនស្ទូងស្រូវ លោក សុធា គឺជាអ្នបំរើផ្នែកលក់របស់ក្រុមហ៊ុនគ្រឿងយន្តកសិកម្មគូបូតាបាន
លើកឡើងថា ម៉ាស៊ីនស្ទូងស្រូវត្រូវបានគេប្រើប្រាស់ជាយូរមកហើយនៅតាមបណ្តារប្រទេសជឿនលឿន។
ដោយឡែកនៅកម្ពុជាទើបតែមានការនាំចូលមកប្រហែល ជា៣ឆ្នាំនេះទេ ហើយម៉ាស៊ីនដែលនាំចូលមកតាម
រយៈក្រុមហ៊ុនខាងលើនេះមានពីរប្រភេទគឺប្រភេទដើរតាម និងប្រភេទអង្គុពីលើ។ ប្រភេទដើរតាមស្ទូងស្រូវ
បាន៤ទៅ៦ជួរអាចជំនួសកម្លាំងមនុស្សបានពី៨០ទៅ៩០នាក់ ហើយសម្រាប់ប្រភេទអង្គុយពីលើស្ទូងបាន៨ជួរ
នឹងអាចធ្វើការជំនួសមនុស្សបាន១២០នាក់ ។
លោក សុធា បន្តថា ប្រភេទម៉ាស៊ីនស្ទូងស្រូវនេះ មានភាពងាយស្រួលមែនទែន ព្រោះក្រោយ ពេលទិញ ក្រុម
ហ៊ុននឹងបញ្ជូនអ្នកបច្ចេកទេសជំនាញទៅជួយបង្ហាត់បង្រៀនតាំងពីរបៀបប្រើ ប្រាស់ របៀបធ្វើសំណាបលើ
ថ្នាលសំណាបសុបនិម្មិត និងរបៀបប្រើប្រាស់ផ្សេងទៀតពាក់ព័ន្ធនឹងម៉ាស៊ីនស្ទូងនេះដល់កសិករ។ ចំពោះថាម
ពលផលិតរបស់វាគឺមួយថ្ងៃអាចស្ទូងបានពី៥ទៅ ៦ហិកតា និងស៊ីសាំងតិចជាងម៉ាស៊ីនត្រាក់ទ័រ។
លោកបានបញ្ជាក់ថា បច្ចុប្បន្នម៉ាស៊ីនស្ទូងស្រូវប្រភេទថ្មីសុទ្ធតែម្តងគឺក្រុមហ៊ុននាំចូលមកមាន ចំនួន៣គ្រឿង
២គ្រឿងដាក់ស្ទូងសាកល្បងជូនប្រជាកសិករនៅខេត្តបាត់ដំបង និង១គ្រឿងនៅខេត្តកំពង់ធំ ។ លោកអះ
អាងថា នៅពេលខាងមុខនេះក្រុមហ៊ុននឹងនាំយកមកលក់ជាច្រើនគ្រឿង ដើម្បីបំពេញសេចក្តីត្រូវការរបស់
ប្រជាកសិករ ចំពោះតម្លៃវិញលោកមានជំនឿថាប្រជាកសិករយើងមានលទ្ធភាពទិញមកប្រើប្រាស់ ព្រោះវា
មានតម្លៃថោកជាងត្រាក់ទ័រ ដែលពួកគាត់បានទិញជាច្រើនគ្រឿងក្នុងមួយឆ្នាំៗ៕
ដោយ៖ស.ស្អាត