មហាជនរិះគន់ការធ្វើបាតុកម្មរបស់​បក្ស​សង្រ្គោះ​ជាតិ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិនាល្ងាចថ្ងៃទី៦ សីហា ម្សិលមិញនេះបានប្រមូលផ្តុំអ្នកគាំទ្រជាច្រើនរយនាក់
នៅទីលានប្រជាធិបតេយ្យដែលភាគច្រើនគេសង្កេតឃើញសុទ្ធតែក្រុមយុវជន ដឹកនាំដោយលោក សម រង្ស៊ី
ប្រធានគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា រួមនឹងថ្នាក់ដឹកនាំបក្ស​ជាច្រើនរូបទៀត។ 

បាតុកម្មនាល្ងាចម្សិលមិញនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមានការព្រួយ​បារម្ភយ៉ាង​ខ្លាំង​ពី​
ភាព​​អសន្តិសុខ ចលាចល និងការឆក់ប្លន់ដែលអាចកើតចេញពីពួកឱកាសនិយម។ ទន្ទឹម​នឹងការ​ព្រួយ​បារម្ភ​
របស់ប្រជាពលរដ្ឋពីបញ្ហាបាតុកម្មដែលធ្វើឡើងដោយគណបក្សសង្រ្គោះជាតិនេះ ស្ថាប័ន​មានសមត្ថកិច្ច​ក៏ដូច​
ជាអាជ្ញាធរ​រាជធានីភ្នំពេញបានដាក់កម្លាំងត្រៀមការពារសន្តិសុខយ៉ាងមាំទាំផងដែរ។

ទាក់ទិននឹងការធ្វើបាតុកម្មនេះដែរលោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានទាមទារ​ឲ្យគណៈ​កម្មា​
ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បង្កើតគណៈកម្មការពិសេសមួយ ដើម្បីដោះស្រាយភាព​មិនប្រក្រតី​មួយ​
ចំនួននៅពេលបោះឆ្នោត ដោយមានការចូលរួមពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះ​ជាតិ​អង្គការ​
សង្គម​ស៊ីវិល និងមានអង្គការសហប្រជាជាតិ ធ្វើជាអាជ្ញាធរកណ្តាល។ និងទាមទារឲ្យ គ.ជ.ប កែតម្រូវលទ្ធផល​
បោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣។

បន្ទាប់ពីសំណើលើកដំបូងត្រូវបាន គ.ជ.ប ច្រានចោលនិងទាមទារធ្វើតាមយន្តការរបស់ខ្លួនដែលមានស្រាប់​
នោះ លោក សម រង្ស៊ីនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ បានចេញលិខិតមួយច្បាប់ថ្មីទៀត ស្នើទៅលោក អ៊ឹម
សួស្តី ប្រធាន គ.ជ.ប ទទូចទាមទារឲ្យបង្កើតគណៈកម្មការពិសេសមួយដើម្បីស៊ើបអង្កេតអំពីភាពមិនប្រក្រតី
ដែលបានកើតមាននៅថ្ងៃបោះឆ្នោតនិងរាប់សន្លឹកឆ្នោត ព្រមទាំងវាយតម្លៃផលប៉ះពាល់លទ្ធភាព នៃការ​បោះ​
ឆ្នោត។

លោក សម រង្ស៊ី តាមរយៈលិខិតមួយច្បាប់នេះ បានថ្លែងថា«ខ្ញុំសូមជម្រាបជូនឯកឧត្តមប្រធានថា ការបោះ​
ឆ្នោត​រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះគណបក្សសង្គ្រោះជាតិ
បានរកឃើញភាពមិន ប្រក្រតីជាច្រើនករណី ដែលកើតមានឡើងនៅតាមការិយាល័យបោះឆ្នោត ទាំងនៅ​រាជ​
ធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

លោក សម រង្ស៊ី បានជំរុញឲ្យមានការបង្កើតគណៈកម្មការពិសេសមួយដើម្បីធ្វើការស៊ើបអង្កេត និងវាយតម្លៃ​
ផលប៉ះពាល់ភាពមិនប្រក្រតី នៃការបោះឆ្នោតហើយគណបក្សសង្គ្រោះជាតិ ទាមទារដោយទទូចឲ្យ គ.ជ.ប
ធ្វើការចុះឈ្មោះអ្នកបាត់ឈ្មោះ កែតម្រូវឈ្មោះខុសបោះឆ្នោតតាមការិយាល័យមួយចំនួន រាប់សន្លឹក​ឆ្នោត
និងធ្វើការផ្ទៀងផ្ទាត់សន្លឹកឆ្នោតមួយចំនួន ព្រមទាំងកែតម្រូវលទ្ធផលនៃការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ឡើងវិញ។

លោក សម រង្ស៊ី តាមរយៈលិខិតនេះ បានរំលេចឲ្យឃើញនូវភាពមិនប្រក្រតី ដែលខ្លួនបានរកឃើញផងដែរ
រួមមានជាអាទិ៍៖ទី១- បញ្ជីឈ្មោះអ្នកបោះឆ្នោត ឆ្នាំ២០១២ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
ឆ្នាំ២០១៣មានប្រជាពលរដ្ឋខ្លះបាត់ឈ្មោះ មានឈ្មោះស្ទួនធ្វើឲ្យខុសឈ្មោះ (អក្ខរាវិរុទ្ធ) ឬថ្ងៃខែឆ្នាំកំណើត
ភេទ មានឈ្មោះអ្នកដែលគ្មានអាស័យដ្ឋាននៅក្នុងភូមិ ឃុំ។ ទី២-លិខិតបញ្ជាក់អត្ត​សញ្ញាណ​ខ្លះគ្មាន​បំពេញ​
អ្វីទាំងអស់ខ្លះបំពេញមិនគ្រប់ព័ត៌មាន ខ្លះគ្មានរូបថត ខ្លះគ្មានស្នាមមេដៃសាក្សីខ្លះមានស្នាមមេដៃមួយ ខ្លះមាន​
ស្នាមមេដៃ ទាំងបីតែមនុស្សតែមួយខ្លះគ្មានត្រាឃុំ-សង្កាត់ ខ្លះគ្មានបំពេញអ្វីទាំងអស់ តែមានបោះត្រា និង​ចុះ​
ហត្ថលេខា មេឃុំ-ចៅសង្កាត់ រួចជាស្រេច។ទី៣-ថ្ងៃបោះឆ្នោតទឹកថ្នាំជ្រលក់ អាចលុបលាងបាន និង​អាជ្ញា​ធរ​
ភូមិឃុំ នៅអង្គុយក្បែរនឹងមណ្ឌលបោះឆ្នោត ។ ប្រជាពលរដ្ឋមួយចំនួន ត្រូវបានគេបោះឆ្នោត ជំនួសប្រជា​ពល​
រដ្ឋមួយចំនួនខ្លះបាត់ឈ្មោះ និងខុសអក្ខរាវិរុទ្ធ ពុំបានបោះឆ្នោតខ្លះរស់នៅក្រៅភូមិឃុំ ទៅបោះឆ្នោត មានការ​
ដឹកជញ្ជូន កងទ័ពទៅបោះឆ្នោតបិទទ្វារបង្អួចការិយាល័យ រាប់សន្លឹកឆ្នោតមួយរយៈ រួចបានបើកវិញ​ដេញភ្នាក់​
ងារសង្កេតការណ៍ បក្សសង្គ្រោះជាតិ មិនឲ្យនៅក្នុងការិយាល័យពេលរាប់សន្លឹកឆ្នោតមានខុសតួលេខ ក្នុង​ការ​
ផ្ទៀងផ្ទាត់ សន្លឹកឆ្នោតក្នុងហឹបសន្លឹកឆ្នោតខូច សន្លឹកឆ្នោតមិនបានការ និងសន្លឹក​ឆ្នោតតាម​គណបក្ស​នយោ​
បាយនីមួយៗទទួលបាន ទម្រង់១១០៤ ខ្លះមិនបានបំពេញ ព័ត៌មានគ្រប់គ្រាន់ ។

ចំពោះឯកសារភស្តុតាងអំពីភាពមិនប្រក្រតី នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិនឹងបង្ហាញជូនក្នុងករណី ដែលមានគណៈកម្មការ​ពិសេស​សម្រាប់​
ធ្វើការស៊ើបអង្កេតភាពមិនប្រក្រតី និងវាយតម្លៃផលប៉ះពាល់លទ្ធផលនៃការបោះឆ្នោត។

យោងតាមការរៀបរាប់នូវភាពមិនប្រក្រតី ដែលខ្លួនបានអះអាងខាងលើនេះ លោក សមរង្ស៊ី បានទទូច​ស្នើសុំ​
ឲ្យ គ.ជ.ប បង្កើតគណៈកម្មការពិសេសមួយជាបន្ទាន់ដើម្បីធ្វើការស៊ើបអង្កេតភាពមិនប្រក្រតី និងវាយ​តម្លៃ​ផល​
ប៉ះពាល់លទ្ធភាពនៃការបោះឆ្នោត ដោយមានសមាសភាព មកពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជា​ជន​
ព្រមទាំងអង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ។ជាពិសេសត្រូវមានគ.ជ.ប ជាអ្នកសម្រប​
សម្រួល និងអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាល។

សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតនៅកម្ពុជាជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥នេះ ទាំងក្នុង​យុទ្ធនា​ការ​
ឃោសនារកសំឡេងឆ្នោតនិងថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត ត្រូវបានអ្នកសង្កេតការជាតិ និងអន្តរជាតិព្រមទាំង
អង្គការសហប្រជាជាតិផងដែរ វាយតម្លៃថា មានភាពល្អប្រសើរនិងប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព និងត្រឹម​
ត្រូវ​តាមបែបលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាកំពុងពង្រឹងយ៉ាងខ្ជាប់ខ្ជួននេះ។

ការទាមទាររបស់លោក សម រង្ស៊ី នៅថ្ងៃនេះទៀតសោត ក៏គ្មានអ្វីថ្មីនោះដែរ ហើយគ.ជ.ប ក៏ធ្លាប់បាន​ប្រកាស​
ផងដែរនៅតែរក្សាការដោះស្រាយបញ្ហានៅសេសសល់ក្នុងពេលបោះឆ្នោតតាមយន្តការរបស់ខ្លួនដែលមាន​
ស្រាប់ពោល គឺមិនព្រមធ្វើតាមការទាមទាររបស់គណបក្សប្រឆាំងនោះឡើយ៕

 

ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

CNMCពិនិត្យលើភាពរីកចម្រើន នៃកម្មវិធី កសាងផែនការអភិវឌ្ឍន៍អាងទន្លេ ឆ្នាំ២០១១-២០១៥

 CNMCពិនិត្យលើភាពរីកចម្រើន នៃកម្មវិធីកស...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [319]


​កម្ពុជា​ និងកូរ៉េ​ ជ្រើសយក ​ប្រធានបទ​ចំនួន៦​ សិក្សាស្រាវជ្រាវ ​រួមគ្នា ​សម្រាប់ ​ឆ្នាំ​២០១៣-២០១៤​

ភ្នំពេញ៖ កម្ពុជា និងកូរ៉េ បានជ្រើសយកប្រធានបទធំៗ ចំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [356]


JICAបង្ហាញគម្រោង​កំពុងអនុវត្តនៅរាជ​ធានីភ្នំពេញ​ដល់អ្នកសារព័ត៌មាន​

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [388]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 34 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 569 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039836​ នាក់