កំពង់ចាម៖ថ្ងៃទី២៧មិថុនា២០១៣ជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៥ឆ្នាំ២០១៣នេះនៅខេត្តកំពង់ចាមគណបក្សហ៊្វុនស៊ិនប៉ិចបានបើកយុទ្ធនាការថ្ងៃដំបូងរបស់ខ្លួនដែលមានទ្រង់ទ្រាយធំនៅទីរួមខេត្តកំពង់ចាម មានមនុស្សប្រមាណជាង៧ពាន់នាក់មានរថយន្តចំនួនជិត២០០គ្រឿង និងម៉ូតូជាង៣០០គ្រឿង ។
ក្នុងយុទ្ធនាការនោះគេឃើញមានវត្តមាន សម្តេច ព្រះអនុជ នរោត្តម អរុណរស្មីប្រធានគណបក្ស ជាបេក្ខភាពនាយករដ្ឋមន្រ្តីស្រ្តីទីនៅកម្ពុជា និងជាបេក្ខជនឈរលំដាប់លេខរៀងទី១នៅខេត្តកំពង់ចាម លោក កែវ ពុទ្ធរស្មី ឧត្តមក្រុមប្រឹក្សា និងជាបេក្ខជនឈឈ្មោះបោះឆ្នោតលំដាប់លេខរៀងទី១នៅខេត្តតាកែវ លោក ញឹក ប៊ុនឆៃ ជាបេក្ខជនឈេឈ្មោះបោះឆ្នោតលំដាប់លេខរៀងទី១នៅខេត្តបន្ទាយមានជ័យ ព្រមទាំងជាបេក្ខជនឈឈ្មោះបោះឆ្នោតលំដាប់លេខរៀងទី១នៅខេត្តដទៃៗទៀត និងលេខរៀងបន្តបន្ទាប់ជាច្រើននាក់នៅក្នុងខេត្តកំពង់ចាមនោះ។
តាមការពិនិត្យជាក់ស្ដែងយុទ្ធនាកាព្រឹកថ្ងៃដំបូងនៅខេត្តកំពង់ចាមគេឃើញមានតែគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះដែលបានហែក្បួននឹងតាំងរោងឃោសនាធំៗនៅក្នុងទីរួមខេត្តនេះ ចំណែកគណបក្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមួយចំនួនទៀតដូចជាសង្រ្គោះជាតិ,គណបក្សសញ្ជាតិកម្ពុជា, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ, គណបក្សខ្មែរឈប់ក្រ, គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ ពុំទាន់ឃើញមានសកម្មភាពដង្ហែរក្បួននៅឡើយទេ។
ដោយឡែកនៅព្រឹកមិញនេះក្បួនគណបក្សហ្វ៊ុនស៊ិនប៉ិចបានបើកយុទ្ធនាការនៅម៉ោង៨និង៣០នាទីព្រឹក និងចាប់ផ្តើមដង្ហែរតាមបណ្តោយផ្លូវក្នុងទីរួមខេត្តជាច្រើនខ្សែ និងតាមបណ្តារផ្សារធំតូចជាច្រើនកន្លែងក្នុងខេត្តរហូតដល់ម៉ោង១២ថ្ងៃត្រង់ក្បួនដង្ហែរបានវិលមកដល់ទីស្នាក់ការបក្សខេត្តវិញ និង បានមកជួបជុំគ្នាពិសារអាហារថ្ងៃត្រង់នៅគេហដ្នាន លោក យូ ហុកគ្រី ដែលជាបេក្ខជនឈឈ្មោះលំដាប់លេខរៀងទី២បន្ទាប់ពីសម្តេចប្រធាននៅខេត្តកំពង់ចាមនោះ បន្ទាប់ពីនេះក្បួនដង្ហែរត្រូវបែកផ្លូវគ្នាទៅកាន់គោលដៅតាមឃុំ និងស្រុករៀងៗខ្លួន។
ទោះយ៉ាងណាគេឃើញមានរថយន្តតូចមួយគ្រឿងពីរបស់គណបក្សសង្គ្រោះជាតិបានសំណតនៅមុខទីស្នាក់ការគណបក្សខេត្ត និងមានតាំងរោងដោយចាក់មេក្រូអំពីគោលនយោបាយរបស់បក្សគ្រាន់បើជាងគណបក្សបួនប្រាំទៀត មិនមានមាត់ករអ្វីសោះនោះ។
នៅថ្ងៃដំបូងនៃយុទ្ធនាការនៅខេត្តកំពង់ចាមនេះក្បួនដង្ហែររបស់គណបក្សហ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជាពុំមានប៉ះទង្គិចគ្នា ឬ ជល់មុខគ្នា គ្មានគ្រោះថ្នាក់ គ្មានបាតុភាពអ្វីកើតឡើងនោះទេ ដែលបានបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និង ភាពយោគយល់គ្នាច្រើនជាងអាណត្តិមុនៗ។ហើយម៉្យាងទៀតរហូតមកទល់ពេលល្ងាចគេក៏ពុំទាន់ឃើញមានអ្នកសង្កេតការអន្តរជាតិ-ជាតិនិងអង្គការសង្គមស៊ីវិលណាតាមឃ្លាំងមើលនោះនៅឡើយដែរ។
មានតែអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនតែប៉ុណ្ណោះ។រីឯបណ្ដឹងពីគណបក្សនយោបាយក៏ពុំទាន់មានលឺសូរអ្វីនៅឡើយដែរ៕
ដោយ៖ សំអាត