ភ្នំពេញ៖ បញ្ហាដ៏ធំបំផុតដែលកើតឡើងនូវសង្គ្រាម ឬជម្លោះ គឺបណ្តាលមកពីយុវជនមិនបានផ្តោតការយក
ចិត្តទុកដាក់ និងការពារថែរក្សាសន្តិភាពដែលកំពុងមានស្រាប់ ហើយបែរជាមើលស្រាលតម្លៃនៃសន្តិភាពទៅ
វិញ ដូច្នេះសន្តិភាពមិនមែនកើតឡើងដោយឯកឯងនោះទេគឺផ្តើមចេញពីការរួមកម្លាំងគ្នាកសាងវាឡើង ។
ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មាននៅក្រោយ
ពិធីបិទវេទិកាយុវជនអាស៊ី២០១៣ក្រោមប្រធានបទ «យុវជន និងសន្តិភាព ការពង្រឹងសន្តិភាព ស្ថិរភាព និង
ការអភិវឌ្ឍតាមរយៈការអប់រំ»នាថ្ងៃសៅរ៍ទី០១ ខែមិថុនា ឆ្នាំ២០១៣ នាសណ្ឋាគារអាំងទែកុងទីណង់តាល់ថា
ដើម្បីរក្សាសនិ្តភាព និងស្ថិរភាព យុវជនត្រូវយល់ដឹងអំពីគុណវិបត្តិ ការឈឺចាប់ ការបំផ្លិចបំផ្លាញ ការព្រាត់
ប្រាស់ ទឹកភ្នែក ការបង្ហូរឈាម និងការបាត់បង់អាយុជីវិតរបស់ប្រជាជន ដែលបណ្តាលមកពីសង្គ្រាមជាមុន
សិន។
ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជាថ្លែងបន្តថា យុវជនត្រូវយល់ឲ្យបានច្បាស់អំពីតម្លៃ និងការលះបង់
ដើម្បីទទួលបានសន្តិភាពពេលនោះ យុវជននឹងផ្តល់តម្លៃខ្ពស់ដល់សន្តិភាព ហើយផ្តោតការយកចិត្តទុកដាក់
លើការថែរក្សាសន្តិភាព ។ ការស្វែងរកសន្តិភាពគឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាពឲ្យបានគង់រង្ស
យូរអង្វែងនោះពិតជាកាន់តែលំបាកខ្លាំងណាស់ទៅទៀតព្រោះថា សន្តិភាពដែលបានកើតឡើង ហើយបើ
មិននាំគ្នាថែរក្សាការពារនោះទេ វាពិតជាមានភាពផុយស្រួយណាស់ដែលសន្តិភាពនេះអាចនឹងរលាយបាត់
បង់ទៅវិញតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ។
លោកហ៊ុន ម៉ានី បានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងប្រធានបទនៃវេទិកាយុវជនឆ្នាំនេះ លោកយល់ឃើញថាកម្ពុជា
មានមេរៀនជាច្រើនដើម្បីចែករំលែកដល់គណៈប្រតិភូយុវជនដែលមកពីបណ្តាប្រទេសជាច្រើនក្នុងតំបន់អំពី
បទពិសោធន៍ និងផលវិបាកនៃសង្គ្រាម ដែលប្រទេសកម្ពុជាទាំងមូលធ្លាប់បានឆ្លងកាត់និងជួបប្រទះយ៉ាងជូរ
ចត់បំផុត។
ជាមួយគ្នានេះលោកបណ្ឌិត ម៉ូហាម៉េត ឃៀ តូយូ (Dato Seri Dr. MohamadKhir Toyo) បានលើកឡើងថា បច្ចុប្បន្ន
នេះ កម្ពុជាកំពុងរីករាយនិងសុខសន្តិភាព ខណៈពេលដែលប្រទេសមួយចំនួនក្នុងតំបន់ផ្សេងទៀតនៃពិភព
លោកយើងនេះ កំពុងជួបប្រទះនិងវិបត្តិ កលយុគ ចលនាបដិវត្តន៍ សង្គ្រាម ជម្លោះប្រដាប់អាវុធដណ្តើមទឹក
ដីជម្លោះផ្នែកសាសនា ជាក់ស្តែងដូចអ្វីដែលកំពុងកើតមានឡើងនៅបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា
ដែលស្ថានភាពក្នុងប្រទេសខ្លះបានឈានដល់ និងអាចឈានដល់អន្លង់នៃភ្លើងសង្គ្រាមដ៏ក្តៅគគុក និងបាន
បង្ករវិនាសកម្ម បាត់បង់អាយុជីវិតមនុស្សជារៀងរាលថ្ងៃ។
លោកបានបញ្ជាក់ថា ដូចគ្នានេះភាពតឹងតែងនៅឧបទ្វីបកូរ៉េ ក៏ដូចជានៅបណ្តាប្រទេសមួយចំនួនទៀតនៅ
ក្នុងតំបន់អាស៊ីយើងនេះ ក៏មានអរិភាព និងជម្លោះប្រដាប់អាវុធ ដែលកើតចេញពីបញ្ហាបូរណភាពទឹកដី សា
សនា នយោបាយ និងសេដ្ឋកិច្ចផងដែរ។ ម៉្យាងវិញទៀត បញ្ហាដែលកំពុងកើតមានទាំងនោះ បានបណ្តាល
ឲ្យប្រជាជនស្លូតត្រង់នៃបណ្តាតំបន់ ឬប្រទេសទាំងនោះ កំពុងរងទុក្ខវេទនា និងភាពឈឺចាប់ខ្លោចផ្សាដូច
នឹងអ្វីដែលកម្ពុជាធ្លាប់មានកន្លងមក ។ ហេតុនេះហើយ ដោយសារតែប្រទេស និងប្រជាជនកម្ពុជាធ្លាប់រងគ្រោះ
និងកំពុងមើលឃើញនូវភាពឈឺចាប់ដែលកើតឡើងនៅតំបន់ទាំងនោះទើបវេទិការយុវជន២០១៣ដែលកម្ពុជា
ធ្វើជាម្ចាស់ផ្ទះនេះ សូមអំពាវនាវដល់បណ្តាមេដឹកនាំ ស្រទាប់ យុវជន ត្រូវគិតពីប្រយោជន៍ជាតិ និងអាយុជីវិត
ប្រជាជនជាធំ ហើយសំឡឹងមើលឲ្យឆ្ងាយពីវិបត្តិដែល បន្សល់ទុកដោយសង្រ្គាម និងរួមគ្នាបញ្ជៀសឲ្យបាននូវ
សង្រ្គាម ចាប់យកការចរចា ពិភាក្សាគ្នាលើតុ រកដំណោះស្រាយដោយសន្តិវិធីនោះទើបល្អប្រសើរ នេះគឺជា
សារមួយរបស់យុវជនអាស៊ី២០១៣ ផ្ញើទៅកាន់ពិភពលោកទាំងមូល ៕