ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម អំពីស្ថានភាពអាកាសធាតុ
ដែលកាន់តែអាក្រក់ នាំមកនូវគ្រោះថ្នាក់បាតុភូតធម្មជាតិកាន់តែច្រើន ក្នុងពេលចាប់ផ្តើមមានភ្លៀងធ្លាក់នាឆ្នាំនេះ។
អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានឲ្យដឹងនៅ
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ នេះថា ស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងនេះ កាន់តែសាហាវ ជាពិសេស
នៅពេលមេឃរកកលធ្លាក់ភ្លៀង មានខ្យល់កន្ត្រាក់ខ្លាំង និងមានផ្គរ រន្ទះ បង្កឲ្យមានគ្រោះថ្នាក់ច្រើន ដូចជា
កន្លងមកថ្មីៗនេះមានផ្ទះចំនួន ៣២៤ ខ្នង នៅក្នុងខេត្តចំនួនបួន បានដួលរលំដោយសារខ្យល់ព្យុះកន្ត្រាក់ដ៏អាក្រក់នេះ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា ស្ថានភាពអាកាសធាតុដែលកាន់តែអាក្រក់ និងគ្រោះថ្នាក់នេះ
ក្រសួងបានធ្វើការតាមដានជាប់ជាប្រចាំ និងជូនដំណឹងជាបន្តបន្ទាប់។ នៅថ្ងៃនេះ (២៦ មីនា) ក្រសួងបាន
ធ្វើសេចក្តីជូនដំណឹងបន្ថែមមួយទៀត សម្រាប់ខែមេសា ដែលមានអាកាសធាតុអាក្រក់ជាងខែមីនានេះទៅទៀត។
ម្សិលមិញនេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមជាលើកទីបីថា នៅក្នុងរយៈពេល
មួយខែ (ចាប់ពីចុងខែមីនា ដល់ខែមេសា ឆ្នាំ២០១៣) ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងទទួលរងឥទិ្ធពល
កម្រិតសម្ពាធទាប (Low Pressure Granient) ចាប់ពីផ្ទៃដី រហូតដល់រយៈកម្ពស់ ៦០០ ម៉ែត្រ តែចាប់ពីកម្រិតកម្ពស់ ៦០០ ម៉ែត្រ រហូតដល់កម្ពស់ ៥.៥០០ ម៉ែត្រ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពល
កម្រិតសម្ពាធខ្ពស់ (Hight Pressure Granient) វិញ។
នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង
ឧតុនិយម បានបញ្ជាក់ថា សម្ពាធបរិយាកាសខាងលើ នឹងបង្កឲ្យព្រះរាជាណាចក្រកម្ពុជា មានសីតុណ្ហភាព
អតិបរមាកើនឡើងខ្លាំង (ពី៣៩ ទៅ ៤០ អង្សាសេ) ព្រមជាមួយនឹងការកកើតឡើងបន្ថែមទៀត នូវបាតុ
ភូតធម្មជាតិគ្រោះថ្នាក់មួយចំនួន ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ខ្យល់កួច ពិសេសបណ្តាខេត្តនៅតំបន់
ទំនាបកណ្តាល រួមមាន ខេត្តក្រចេះ កំពង់ចាម សៀមរាប កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់
កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ តាកែវ និងរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងដដែលបានធ្វើការអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ
ដែលរស់នៅក្នុងខេត្តដូចបានជម្រាប ជូនខាងលើត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បី
ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងធនធានទឹក និងឧតុនិយម
កំពុងបន្តធ្វើការតាមដាន អំពីស្ថានភាពអាកាសធាតុដ៏អាក្រក់នេះជាប់ជាប្រចាំ និងធ្វើសេចក្តីជូនដំណឹងបន្ថែមទៀត ក្នុងករណីចាំបាច់បន្ទាន់ណាមួយ ៕
ដោយ៖ ស.ស្អាត