សង្គ្រាមប៉ាការវាងបងប្អូនកូរ៉េ មិនបានស្រាកស្រានឡើយ។ នៅថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានប្រកាសជាលើកដំបូងបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីជួយសង្គ្រោះពលករ ពលការិនី និងនិស្សិតខ្មែរដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ។ វិធានការជម្លៀសពលរដ្ឋខ្មែរ នឹងត្រូវផ្សព្វផ្សាយផ្ទាល់ដោយមន្ត្រីក្រសួងការងារ ដែលចេញដំណើរពីកម្ពុជានៅយប់ថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបជុំពលរដ្ឋខ្មែរក្នុងពិធីចូលឆ្នាំខ្មែរ នៅសាធារណរដ្ឋកូរ៉េ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានភាពចាំបាច់ត្រូវធ្វើសេចក្តីថ្លែងការណ៍ នៅថ្ងៃនេះ ប្រាប់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបញ្ហាជម្លោះក្នុងឧបទ្វីបកូរ៉េ ដើម្បីអោយពលរដ្ឋខ្មែរ ទាំងពលរដ្ឋក្នុងប្រទេសកម្ពុជា និងទាំងពលរដ្ឋដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ បានស្ងប់ចិត្ត។ តែទោះយ៉ាងណាក៏ដោយ នេះគឺជាវិធានការការពារក្នុងករណីដែលមានករណីផ្ទុះអាវុធតែប៉ុណ្ណោះ ខណៈដែលកម្ពុជាបានមើលឃើញថា មានលទ្ធភាពតិចណាស់ដែលសង្គ្រាមរវាងបងប្អូនអាចផ្ទុះទៅបាននោះ។
នៅយប់ថ្ងៃព្រហស្បតិ៍នេះ ប្រតិភូនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញដំណើរទៅសាធារណរដ្ឋកូរ៉េ ដើម្បីជួបជុំជាមួយពលករ និងពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនៅទីនោះ។ ហើយថា នៅពេលនោះហើយ ដែលវិធានការនៃការជម្រៀសខ្លួន ក្នុងករណីមានសង្គ្រាមមែននោះ នឹងត្រូវផ្សព្វផ្សាយ ដល់ពលរដ្ឋខ្មែរនៅទីនោះ។ វិធានការដែលត្រូវបានសរសេរនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ប្រាប់អោយពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ក្បែរព្រំដែននៃប្រទេស កូរ៉េទាំងពីរត្រូវជម្លៀសខ្លួនមកភាគខាងត្បូង រហូតដល់ទីក្រុងដែលមានសុវត្ថិភាព ដូចជា ទីក្រុងJeonju ទីក្រុងDaegu ទីក្រុងMu-an និងទីក្រុងBusan។ ហើយថា រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការងារជាមួយអាជ្ញាធរកូរ៉េ និងអង្គការមនុស្សធម៌នានា ដើម្បីបញ្ជូនពលរដ្ឋខ្មែរទាំងនោះទៅកាន់តំបន់ដែលកាន់តែមាន សុវត្ថិភាព។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រហូតដល់ពេលនេះ មានពលករ ពលការិនីខ្មែរប្រមាណ២៣០០០នាក់ ដែលកំពុងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ។ ពិតណាស់ ថាតួលេខមិនមានការរាប់បញ្ចូល និស្សិត និងពលរដ្ឋខ្មែរផ្សេងៗទៀតដែលបានមករស់នៅក្នុងសាធារណរដ្ឋកូរ៉េឡើយ៕
ប្រភព៖RFI